លិខិតអនាមិកមួយបាន​ស្នើ​ទៅក្រសួងមហាផ្ទៃ ដកអធិការស្រុកកោះធំ​​ចេញពីតំណែង

អាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធតម្រង់ជួរប្រជុំក្នុងកម្មវិធីមួយនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលនៅថ្នាក់ក្រោមមួយចំនួនក្នុងស្រុក​កោះធំ ខេត្តកណ្តាល​ បាន​ប្តឹងតាមរយៈលិខិតអនាមិកមួយ ទៅកាន់​​ក្រសួងមហាផ្ទៃ ឱ្យដកអធិការ​ស្រុកកោះធំចេញពីមុខតំណែង ដោយ​ពួកគេចោទអធិការ​​ស្រុក​​​​​​រូបនោះថា បាន​​ប្រព្រឹត្ត​​អំពើពុករលួយ បក្ខ​​ពួកនិយម និងមិនបម្រើប្រជាពលរដ្ឋ ជាដើម។

យោងតាមលិខិតអនាមិកមួយច្បាប់​ដែលមានតែស្នាម​មេដៃចំនួន១៨នាក់ និង​មិន​បញ្ចេញឈ្មោះ ហើយ​ត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញ​សង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ បាន​លើកឡើងថា ពួកគេគឺជាមន្ត្រីនគរបាលជាតិ និងជាប្រជាពលរដ្ឋរស់នៅទូទាំងស្រុកកោះធំ ស្នើសុំដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និង​ស្នងការនគរ​បាល​​ខេត្តកណ្តាល ឱ្យចុះ​ពិនិត្យមើល​ការងារដឹកនាំរបស់លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការ​នគរបាលស្រុកកោះធំ រួមនឹងបក្ខពួក​​ជាច្រើននាក់​ទៀត។

លិខិតអនាមិកដដែលនេះបានចោទប្រកាន់ថា ចាប់តាំងពីអធិការនគរបាលស្រុកកោះធំ លោក ស៊ីម ឃាង បានចូលកាន់មុខតំណែង​នៅក្នុងឆ្នាំ២០១៧មក លោកបានធ្វើឱ្យមន្ត្រីនគរ​បាល​នៅក្នុងអធិការដ្ឋាននគរបាលស្រុកកោះធំ​ទាំងមូល មានការបែកបាក់សាមគ្គីភាពផ្ទៃ​ក្នុង ដោយសារតែលោកអធិការប្រកាន់យកបក្ខពួកនិយម អួតអាងថា​ខ្លួនមានខ្សែធំៗនៅ​ពីក្រោយចាំការពារ ហើយបានប្រព្រឹត្តអំពើពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍​ផ្ទាល់​ខ្លួន ជាដើម។

លិខិតអនាមិកដដែលបានបន្តចោទប្រកាន់អធិការរូបនោះថា មិនបានយកចិត្តទុកដាក់ក្នុងការបំពេញ​​ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ដែលជាហេតុ​ធ្វើឱ្យកើតមានបទល្មើសជាច្រើន ដូចជា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ អំពើចោរកម្ម លួច ឆក់ ក្រុមក្មេងទំនើងដើរបង្កចលាចល និង​​ការជំរិតទារលុយពីមន្ត្រីនគរបាលថ្នាក់ក្រោមដែលចង់ឡើងតួនាទី។

មិនតែប៉ុណ្ណោះ លិខិតអនាមិកនោះបាន​ចោទ​ លោកអធិការស្រុក ស៊ីម ឃាន ថា​បានដើរប្រមូល​លុយកាក់ពីមុខសញ្ញាបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ និងពីឈ្មួញអ្នករកស៊ី​នៅក្នុងស្រុកនេះ​ជាដើម។

វីអូឌី មិនអាចស្វែងរកប្រភពអនាមិកនៅក្នុងលិខិតនេះ​មកបញ្ជាក់បន្ថែម​​បាននោះទេ។

ក៏ប៉ុន្តែបើតាមការអះអាងពីប្រជាពលរដ្ឋស្រុកកោះធំម្នាក់ដោយសុំមិនបញ្ចេញឈ្មោះ ថាបញ្ហា​គ្រឿងញៀននៅក្នុងស្រុកនេះកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ហើយកម្រឃើញមានការចុះបង្ក្រាបពីអាជ្ញាធរស្រុកពិតមែន​។

ប្រជាពលរដ្ឋរូបនេះបានលើកឡើង​​ថា៖ «ខ្ញុំមិនដែលដឹង ហើយក៏មិនសូវបានយកចិត្តទុក​ដាក់​​ដែរ ប៉ុន្តែអត់ឮ​ល្បីថាអធិការចាប់អ្នកនេះចាប់អ្នកនោះ កម្រសូវឮ អត់ឮ ហើយគ្រឿងញៀន​រាលដាលពេញ។ អត់ឮថាចាប់គ្រឿងញៀនអី កម្រណាស់»

អធិការនគរបាលស្រុកកោះធំ លោក ស៊ីម ឃាង ដែលរងការចោទប្រកាន់នេះ សុំ​មិនធ្វើអត្ថាធិប្បាយអ្វីឡើយនៅពេល វីអូឌី ទាក់ទងសុំការបំភ្លឺនៅថ្ងៃទី៣ ខែមីនានេះ។

ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល​ ក៏មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា ក្រសួងមហាផ្ទៃនឹង​ស៊ើបអង្កេតរឿងនេះ ដោយក្រសួងមិនព្រងើយកន្តើយនោះឡើយ។

លោកបានមានប្រសាសន៍ដូច្នេះថា៖ «និយាយរួម ពូមិនទាន់បានឃើញលិខិតហ្នឹងទេ ប៉ុន្តែពូអាចនិយាយបានថា ប្រសិនបើក្រសួងទទួលបានពាក្យបណ្តឹងជាផ្លូវការ ក្រសួងនឹងមិនព្រងើយ​កន្តើយនោះឡើយ។ មិនព្រងើយកន្តើយ ក្រសួងនឹងពិនិត្យមើលរឿងហ្នឹង»

ចំណែកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានអះអាងដែរថា លោកបានទទួលដំណឹង​នេះរួចហើយ ហើយកំពុង​ចាត់ឱ្យក្រុមការងាររដ្ឋបាលចុះ​ពិនិត្យមើលរឿងនេះ។ ប៉ុន្តលោកបានកត់សម្គាល់​ថា កន្លងមក ការបំពេញភារកិច្ចរបស់​​អធិការ​ស្រុក​រូបនោះមិនដែលឃើញមានបញ្ហាអ្វីនោះឡើយ។

លោកអភិបាល​ខេត្ត​​បញ្ជាក់​ថា៖ «បានឃើញគេបង្ហោះហ្វេសប៊ុកដែរ ហើយកំពុងពិនិត្យ​មើល ព្រោះ​ការងារកន្លងមក​ គាត់អនុវត្តរហូតមក​ដែរទេ ហើយក្នុងគណៈបញ្ជាការឯកភាពអី ឃើញថា [គាត់] ដំណើរការ សហការជាមួយអភិបាលស្រុក ទាំងការងារកូវីដ ការងារសន្តិសុខអី ឃើញដំណើរការធម្មតាបាទ។ ប៉ុន្តែដល់ទៅលេចឮបញ្ហាហ្នឹងមក ខ្ញុំក៏មិនទាន់បានដឹងដែរ ហើយត្រូវការពិនិត្យស្រាវជ្រាវសិន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ