រដ្ឋ​​បន្ត​​បិទ​សាលា​​នៅ​​ភ្នំពេញ​​និង​​ខេត្ត​២​ទៀត​​រហូត​​ចប់​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២០​កុម្ភៈ​​

បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវមួយកន្លែងទល់មុខវិទ្យាល័យបឹងកេងកង ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រែ៉ន)

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ជូនដំណឹង​ឱ្យ​បន្ត​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ នៃ​ខេត្ត​ព្រះសីហនុ រហូតដល់​បញ្ចប់​ព្រឹត្តិ​ការណ៍​«សហគមន៍២០កុម្ភៈ»។

ការ​បន្ត​ផ្អាក​ដំណើរការ​សាលារៀន​ទាំង​រដ្ឋ​និង​ឯកជន​នៅក្នុង​រាជធានី​-ខេត្ត​ទាំង៣ ដោយសារ​ករណី​ឆ្លង​កូ​វីដ១៩ក្នុង​សហគមន៍​នៃ​រាជធានី​-ខេត្ត​ទាំង៣ នៅតែ​ត្រូវ​បាន​រក​ឃើញ​ជា​រៀងរាល់ថ្ងៃ។ 

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា នៅ​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេច​បន្ត​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ នៃ​ខេត្ត​ព្រះសីហនុ ចាប់ពី​ពេលនេះ​រហូតដល់​ចប់​ព្រឹត្តិ​ការណ៍​«សហគមន៍២០កុម្ភៈ» ដែលគេ​មិន​អាច​កំណត់​បាន​នៅឡើយ​ទេ​ថា តើ​ព្រឹត្តិ​ការណ៍​នេះ​នឹង​បញ្ចប់​នៅពេល​ណា។ 

កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ផ្អាក​សាលារៀន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រយៈពេល​ពីរ​សប្តាហ៍ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ​ក្នុង​សហគមន៍​កាន់តែ​ខ្លាំង។

នៅ​ថ្ងៃទី០៤ ខែមីនា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ជាថ្មីឱ្យ​ក្រសួង​អប់រំ យុវជន និងកីឡា បន្ត​បិទ​សាលារៀន​រដ្ឋ​និង​ឯកជន​នៅក្នុង​រាជធានី​-ខេត្ត​ទាំង៣ខាងលើ រហូតដល់​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ។

អ្នកស្រី អេង គឹ​មនាង អាណាព្យាបាល​សិស្ស​ម្នាក់​រស់នៅ​សង្កាត់​ផ្សារចាស់​ រាជធានី​ភ្នំពេញ​ បាន​ថ្លែង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ស្រប​ពេល​ដែល​ជំងឺ​កូ​វីដ១៩នៅតែ​បន្ត​រីក​រាលដាល​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ​ ទន្ទឹមគ្នា​នេះ អ្នកស្រី​ក៏​បារម្ភ​អំពី​ការសិក្សា​របស់​កូន​ៗចំនួន៣នាក់​របស់​អ្នកស្រី​ផង​ដែរ។ 

អ្នកស្រី​បាន​មានប្រសាសន៍​ថា៖ «និយាយទៅ ​ព្រួយបារម្ភ​ដែរ​ហ្នឹង! ពេល​បិទ​ម្តង​ទៀតអញ្ចឹង។ អញ្ចឹង​សិស្ស​អត់​បាន​រៀន​រហូត។ តែ​ការ​បិទ​ហ្នឹង​ក៏​ល្អ​ម្យ៉ាងដែរ បើ​ជំងឺ​ហ្នឹង​នៅតែ​មាន»។

ការ​បិទ​សាលារៀន​រដ្ឋ​និង​ឯកជន​នៅក្នុង​រាជធានី​-ខេត្ត​ដែល​កំពុង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ខ្លាំង​នេះ គឺជា​វិធានការ​មួយ​ដើម្បី​ផ្តាច់​ខ្សែ​ចម្លង​នៃ​ជំងឺ​កូ​វីដ១៩នៅក្នុង​សហគមន៍​ដែល​បាន​ផ្ទុះឡើង​សារជាថ្មីកាលពី​ថ្ងៃទី២០ ខែកុម្ភៈ។

គិត​ត្រឹម​ថ្ងៃទី០៤ ខែមីនា​នេះ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ចំនួន៣១នាក់​ទៀត ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន២៨នាក់ និង​អ្នកដំណើរ​ពី​បរទេស​មាន​ចំនួន០៣នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩សរុប​នៅ​កម្ពុជា​កើន​ដល់៩០៩នាក់។

លោក រស់ សុ​វា​ចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ថ្លែង​ថា ទោះបីជា​សាលារៀន​បាន​ផ្អាក​ដំណើរការ​ក្តី ក៏ប៉ុន្តែ​ការ​រៀននិង​ការ​បង្រៀន​នៅតែ​បន្ត​ធ្វើតាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច។ 

លោក​បាន​មានប្រសាសន៍​ថា៖ «ដូច​ខ្ញុំ​ជម្រាប​អញ្ចឹង​ថា សូម​យោង​ទាំងស្រុង​លើ​លិខិត​លេខ២១ បាន​ចែង​ហើយ​ថា នៅក្នុង​ខណៈ​ការ​ផ្អាក​បណ្តោះអាសន្ន​ទីតាំង​ភូមិសាស្ត្រ​ទាំង​បី​នេះ គឺ​បង្វែ​រការសិក្សា​ទៅតាមអនឡាញ»។

យុវ​សិស្ស​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី១២ នៅក្នុង​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​ បារម្ភ​ថា ការ​បន្ត​បិទ​សាលារៀន​ដែល​គ្មាន​ការកំណត់​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ជាពិសេស​សម្រាប់​សិស្ស​ដែល​កំពុង​រៀន​ត្រៀម​ដើម្បី​ប្រឡង​សញ្ញាបត្រថ្នាក់​ទី៩ និង​ថ្នាក់​ទី១២ ខាងមុខ។ 

យុវ​សិស្ស​រូប​នេះ​បាន​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា៖ «មាន​អារម្មណ៍​ថា អត់​សូវ​សប្បាយចិត្ត​ទេ ដោយសារតែ​ឆ្នាំ​ហ្នឹង​ជា​ឆ្នាំ​យើង​ប្រឡង ហើយ​យើង​រៀនអនឡាញ អញ្ចឹង​វា​អត់​ដិតដល់​ដូច​នៅ​សាលារៀន ហើយ​ណាមួយ​យើង​អត់​ជួប​មុ​ខគ្រូ​។ អញ្ចឹងយើ​ងយ៉ាប់! យ៉ាប់​ពេល​មាន​សំណួរ​តិចតួច​អី យើង​ពិបាក​សួរ​គាត់​ណាស់​ ដោយសារអនឡាញ ហើយ​មួយទៀត​ ពេលខ្លះ​អ៊ីនធឺណិត​វា Slow [យឺត​]ទៅ​ យើង​យ៉ាប់​រៀន​ដែរ។ ទាល់តែ​យើង​រៀន​ផ្ទាល់​ជាមួយ​គ្រូ​ បាន​យើង​ស្រួល។ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​រដ្ឋាភិបាល ​ថាបើ​យ៉ាប់​គ្រប់គ្រង​ពេក យើង​បើក​រៀន​ត្រឹម​ថ្នាក់​ទី៩ ទី១២អញ្ចឹង​ទៅ ព្រោះ​ឆ្នាំ​ហ្នឹង​ជា​ឆ្នាំ​គាត់​ប្រឡង អញ្ចឹង​គាត់​ត្រូវ​រៀន​ជាមួយ​គ្រូ។ អញ្ចឹង​បើ​ពិបាក​បើក​ពេក បើក​ត្រឹម​ថ្នាក់​ទី១២ ថ្នាក់​ទី៩ សិន​បាន​ហើយ ព្រោះ​ចំ​នួន​តិច ​អញ្ចឹងយើង​ស្រួល​រៀន»។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​មន្ទីរអប់រំ យុវជន និងកីឡា នៅក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី០៤ ខែមីនា​នេះ មាន​សាលារៀន​រដ្ឋ​និង​ឯកជន​ចំនួន៤៨២កន្លែងនៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ផ្អាក និង​សិស្សានុសិស្ស​ជាង៣០ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់។ ចំណែក​នៅ​ឯខេត្តកណ្តាល មាន​សាលារៀន​រដ្ឋ​និង​ឯកជន​ចាប់ពី​មត្តេយ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​ចំនួន៧៣២កន្លែង ​បាន​ផ្អាក​ដំណើរការ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ចំនួន​ជាង២៥ម៉ឺន​នាក់។

ចំណែក​នៅ​ឯខេត្ត​ព្រះសីហនុ​ឯណោះ​វិញ មាន​សាលារៀន​រដ្ឋ​និង​ឯកជន​ចំនួន៥២កន្លែង​ស្ថិតនៅ​ក្នុង​ក្រុង​ព្រះសីហនុ និង​នៅ​ស្រុក​ស្ទឹងហាវ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ផ្អាក​ដំណើរការ។

ក្រសួង​អប់រំ យុវជន និងកីឡា បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០២០​-២០២១ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ក្នុង​នោះ វិស្សមកាល​តូច​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៦ ដល់​ថ្ងៃទី១៩ ខែមេសា ខណៈ​មហា​វិស្សមកាលឬវ៉ាកង​ធំ​ នឹង​ធ្វើឡើងនៅ​ថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​អប់រំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ