សន្តិសុខ​ដែល​ដោះ​ស្ត្រី​៤​នាក់​ចេញ​ពី​កន្លែង​ចត្តា​ឡីស័ក​ កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​

ទិដ្ឋភាពនៅពីមុខទីតាំងមណ្ឌលធ្វើចត្តាឡីស័កនៅមណ្ឌសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សន្តិសុខម្នាក់ក្នុងចំណោមពីរនាក់ដែលរងការចោទប្រកាន់ថា បានជួយរំដោះស្ត្រីជនជាតិចិន៤នាក់ចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារសុខា ត្រូវបាននាំខ្លួនទៅសាកសួរនៅឯអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៥ ខែមីនានេះ បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ។

តាមសមត្ថកិច្ច សន្តិសុខរូបនោះមានឈ្មោះថា រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខាភ្នំពេញ ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ជនសង្ស័យរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនខ្លួនទៅកាន់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្សយ័ថាមានផ្ទុកជំងឺកូវីដ១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ សន្តិសុខ២នាក់ស្ថិតនៅសណ្ឋាគារសុខា បានជួយសម្រួលឱ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវស្ត្រីជនជាតិចិន៤នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះត្រូវបានរកឃើញមានកូវីដ១៩ និងដែលនាំឱ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ