ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិធ្វើនយោបាយឱ្យមេដឹកនាំអតីតបក្សប្រឆាំងឡើងវិញ ដោយថា ការកាត់ទោសពួកគេកាលពីថ្ងៃចន្ទ មិនមានភស្តុតាងគួរឱ្យទុកចិត្តនោះទេ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមីនា បានកាត់ទោសលោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិចំនួន៨នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី២០ទៅ២៥ឆ្នាំ និងសិទ្ធិបោះឆ្នោត ឈរឈ្មោះបោះឆ្នោត និងឱកាសក្នុងការបំពេញតួនាទីជាមន្ត្រីរាជការក៏ត្រូវបានដកហូត។ ការកាត់ទោសក្រោមបទ «ឧបឃាត ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» តាមមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជានេះ ក៏តម្រូវធ្វើឱ្យអ្នកនយោបាយទាំង៩នាក់ត្រូវបង់ពិន័យជាប្រាក់ចំនួន ១ ៨០០ ០០០ ០០០ (មួយពាន់ប្រាំបីរយលាន) រៀលផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញនៅថ្ងៃនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានចាត់ទុកថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែងដល់មេដឹកនាំអតីតគណបក្សប្រឆាំងទាំង៩រូបនោះ គឺជាការកាត់ទោសដ៏គួរឱ្យរន្ធត់ចិត្ត និងធ្វើឡើងដោយមិនមានភស្តុតាងគួរឱ្យជឿទុកចិត្តបានឡើយ។
តាមសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដដែលនេះ ក្រុមអ្នកជំនាញទាំងនោះថា ដំណើរការជំនុំជម្រះក្តីលើមេដឹកនាំអតីតគណបក្សប្រឆាំងទាំងមូលមានភាពមិនប្រក្រតី និងបំពានយ៉ាងជាក់ច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយឱ្យពួកគេឡើងវិញ និងធានាឱ្យគណបក្សនយោបាយទាំងអស់មានឱកាសស្មើៗគ្នាដើម្បីចូលរួមក្នុងជីវភាពនយោបាយ។
ក្រុមអ្នកជំនាញបញ្ជាក់ថា៖ «ការផ្តន្ទាទោសមេដឹកនាំគណបក្សប្រឆាំងទាំង៩រូបដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងដោយអវត្តមានជនជាប់ចោទ បានលើកឡើងជាកង្វល់ខ្លាំងអំពីភាពមិនចុះសម្រុងនឹងគ្នា នៃសេចក្តីសម្រេចនេះទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិទទួលបានការជំនុំជម្រះដោយសាលាក្តីមានសមត្ថកិច្ច ឯករាជ្យ និងមិនលម្អៀង»។
ក្រុមអ្នកជំនាញ អ.ស.ប ទាំងនោះ រួមមាន លោកស្រី រ៉ូណា ស្មីត (Ms. Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, លោក ដេវីដ កៃ (Mr. David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និង លោក ឌី ហ្គោ ហ្គារស្យា-សាយ៉ាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រមនិងមេធាវី, លោក ក្លេមែនត៍ នីយ៉ាលេតសូស្សី វ៉ូលេ (Clement Nyaletsossi Voule) អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងសិទ្ធិសមាគម។
អតីតមន្ត្រីជាន់ខ្ពស់ទាំង៩រូបនោះ រួមមាន លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល។
អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អន បានសម្ដែងការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិនេះ ដោយលោកបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា គឺជាការធ្វើឡើងទៅតាមអារម្មណ៍។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសោកស្តាយមែនទែនចំពោះអ្នករាយការណ៍ពិសេស និងអ្នករាយការណ៍ពិសេសផ្សេងៗទៀតដែលប្រើប្រាស់អារម្មណ៍របស់ខ្លួន ផ្ទុយនឹងតួនាទីរបស់ខ្លួនដែលជាអ្នកនាំពាក្យអំពីបញ្ហាសិទ្ធិមនុស្ស។ ហេតុអ្វីក៏យើងចោទថា ការកាត់ទោសហ្នឹងគ្មានភស្តុតាង? តើពួកគាត់អស់នោះជាចៅក្រមឬមួយជាអ្នកសិទ្ធិមនុស្ស? ដូច្នេះហើយការចោទប្រកាន់បែបនេះ គឺជាចេតនាមួយក្នុងការវាយតម្លៃ ក្នុងការកកូរកកាយកិច្ចការផ្ទៃក្នុងតុលាការ»។
បន្ថែមលើនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ក៏បានសម្តែងនូវការសោកស្តាយ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលការពារសេរីភាពចងក្រងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ និងសកម្មភាពនយោបាយ។ ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ អាចនឹងដកហូតសិទ្ធិរបស់មេដឹកនាំជាន់ខ្ពស់ទាំងនោះក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ។
កន្លងមក អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានលើកឡើងនូវកង្វល់ខ្លាំងអំពីការធ្លាក់ចុះនៃលំហប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជារបៀបដែលការជំនុំជម្រះទ្រង់ទ្រាយធំដែលដៅទៅលើបុគ្គលទាំងឡាយដែលជាប់ទាក់ទងជាមួយអតីតគណបក្សសង្គ្រោះជាតិ ទំនងជាដោយសារហេតុផលនយោបាយ។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩មក មានមនុស្សច្រើនជាង១៥០នាក់ដែលជាប់ទាក់ទងជាមួយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួន និងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ដូច្នេះថា៖ «រដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យជនណាមួយប្រើប្រាស់ឧទ្ទាមនិយមក្នុងការប្រឆាំង ឬក្នុងការធ្វើរដ្ឋប្រហារមកលើរដ្ឋាភិបាលស្របច្បាប់នោះទេ។ អានេះជាគោលការណ៍ធំរបស់យើង»។
ក្រៅពីសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ សហភាពអឺរ៉ុប និងបណ្តាប្រទេសប្រកាន់ប្រជាធិបតេយ្យមួយចំនួន ក៏បានចេញសេចក្តីថ្លែងការណ៍ទទូចជាថ្មីម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការផ្សះផ្សាជាតិឡើងវិញ តាមរយៈការសន្ទនាស្មោះត្រង់ដោយមានការចូលរួមពីគ្រប់ភាគី៕