ទស្សនៈ​៖​ បញ្ហា​ប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​បន្ទប់​ព័ត៌មាន​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកយកព័ត៌មានទាំងពីរនៅក្នុងអត្ថបទនេះ បានធ្វើការនៅតាមស្ថាប័ន​សារព័ត៌មានជាច្រើននៅកម្ពុជា។ សម្រាប់ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនាថ្ងៃចន្ទ​នេះ យើងបានប្រមូលបទពិសោធន៍និងទស្សនៈរបស់ស្ត្រីនិងបុរសជាច្រើន​នៅក្នុងបន្ទប់ព័ត៌មាន ដើម្បីបើកកិច្ចពិភាក្សាអំពីសមធម៌ក្នុងវិស័យសារព័ត៌មាន។ សព្វនាម​​«ខ្ញុំ» ត្រូវបានប្រើដើម្បីបញ្ជាក់អំពីរឿងរ៉ាវដែលអ្នកសរសេរទាំងពីរបានឆ្លងកាត់ដោយផ្ទាល់។

ខ្ញុំគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិក​នៃសម្ព័ន្ធអ្នកសារ​ព័ត៌មាន​កម្ពុជា (Camboja) ដែល​ជា​សហជីព​អ្នកសារព័ត៌មានឯករាជ្យថ្មី។ ដូច្នេះ ខ្ញុំ​ត្រូវបានគេ​ស្នើសុំឱ្យនិយាយអំពីបទពិសោធន៍​របស់ខ្ញុំ​ក្នុងនាមជាអ្នកសារព័ត៌មាន​ជាស្ត្រី និងជំរុញ​ទឹកចិត្តដល់ស្ត្រីវ័យក្មេង​នៅកម្ពុជា។ ក្នុងនាមជាសកម្មជនសិទ្ធិការងារដែលប្រែក្លាយជាអ្នកសារព័ត៌មានអាជីពម្នាក់ ខ្ញុំត្រូវបានគេ​ប្រាប់​ថា​ ខ្ញុំអាចចែករំលែកបទពិសោធន៍ទូទៅរបស់ខ្ញុំនៅក្នុងវិស័យសារព័ត៌មាន ប៉ុន្តែខ្ញុំមិនអាចរិះគន់អង្គការដែលខ្ញុំបានផ្តួចផ្តើមបង្កើតនោះទេ។

តើនោះមិនមែនជាចំណុចបញ្ហានៃវិស័យសារព័ត៌មានទេ? ៖ ការចង្អុលបង្ហាញបញ្ហានានា​នៅអង្គការមួយ​ដើម្បីឱ្យវាប្រសើរឡើង ជាពិសេសនៅពេលដែលអង្គការនេះ​បានឃើញសមាជិក​ស្ថាបនិក​ស្ត្រី៣​នាក់ ក្នុងចំណោម៥​នាក់ ដើរ​ចេញ​ពី​ក្រុម​ប្រឹក្សាភិ​បាល​ក្នុង​រយៈ​ពេលពីរ​ឆ្នាំរ​បស់​ខ្លួន។

ខ្ញុំបានសរសេរតបទៅអ្នកសម្របសម្រួលវិញថា៖ «ប្រសិនបើបញ្ហា​មិនត្រូវបានពិភាក្សាយ៉ាងយក​ចិត្តទុកដាក់ និងមិនត្រូវបានដោះស្រាយ​ ហើយមនុស្សគ្រប់គ្នាមិនអើពើនឹង​បញ្ហានេះ តើអ្នករំពឹងថា​នឹងដោះស្រាយបញ្ហានេះ ហើយជំរុញ [ឱ្យស្ត្រី] ចូលរួមយ៉ាងដូចម្តេច»។

យើងដែលជាអ្នកនិពន្ធអត្ថបទនេះ ដែលជាអ្នករាយការណ៍ឱ្យ VOD ជាញឹកញាប់​បានឃើញថា យើងកំពុងនិយាយ​អំពីការយាយីនិងភាពអយុត្តិធម៌ដែលយើងបានឮ​ពីមិត្តរួមការងារជាស្ត្រី ឬ ប្រឈមមុខនឹងបញ្ហានេះដោយផ្ទាល់ អំឡុងពេលដែលយើង​កំពុងជិះរ៉ឺម៉ក​កង់បីចេញមក​រាយ​ការណ៍អំពី «បញ្ហាស្ត្រី» រឿងរ៉ាវអំពី​កម្មករ​កាត់ដេរ និងការពពោះជំនួស​ដើម្បីបានប្រាក់ ជាដើម។

មិនថាទំនាស់បន្តិចបន្តួច​ វាជាវប្បធម៌ក្នុងបន្ទប់​ព័ត៌មាន ហើយ​​បញ្ហាតូចតាចទាំងនោះ​នឹងមិនត្រូវបានដឹង​ឡើយ ហើយអ្នកប្រព្រឹត្តមិនត្រូវផ្តន្ទាទោសតាមច្បាប់ទេ វាមិនអាចជួយជនរងគ្រោះណាម្នាក់បានទេ ប្រសិនបើយើងមិនបានលើកបញ្ហាទាំងនោះមកពិភាក្សា ហើយក៏នឹងគ្មានការរាយការណ៍ពីបញ្ហាទាំងនេះ​ដែរ។ ដូច្នេះយើងបានសួរមិត្តរួមការងារផ្សេងទៀតនៅក្នុងវិស័យរបស់យើង​អំពីបទពិសោធន៍ផ្ទាល់របស់ពួក​គេ។

កញ្ញា ប៉ាង សុខខេង បាន​ទទួលការងារជាអ្នកសារព័ត៌មានក្រៅម៉ោងជាច្រើន នៅពេលដែលនាង​បញ្ចប់បរិញ្ញាបត្រ​ផ្នែកទំនាក់ទំនង​នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ហើយនាងបានចូលទៅ​ធ្វើការ​នៅបន្ទប់ព័ត៌មាន​ដែលបុគ្គលិកភាគច្រើនជាបុរស។ នាងលើកឡើងថា ភាគច្រើនអតីត​មិត្តរួមការងាររបស់នាងមានចិត្តល្អនិងជួយជ្រោមជ្រែង ប៉ុន្តែនាងតែងតែ​កត់សម្គាល់ឃើញថារាល់ការប្រាស្រ័យទាក់ទងពាក្យសម្ដីគឺពួកគេប្រើ​សំឡេងឮៗជាមួយស្រ្តី។​

ការប្រឈមនេះ គឺផ្តើមពីប្រភពព័ត៌មាន។ សុខខេង និយាយថា ខ្លួនត្រូវ​ទូរសព្ទទៅមន្ត្រីរដ្ឋាភិបាលជាញឹកញយពេលធ្វើការនៅវិទ្យុវាយោFM ហើយ​ពេលខ្លះពួកគាត់មានការគួរសម ខ្លះបាននិយាយជាមួយនាងដោយសំឡេងខ្លាំង ហើយចោទសួរថានាងធ្វើការនៅកន្លែងណាទោះបីជានាងបានប្រាប់ពួកគេរួចហើយ។

ប៉ុន្តែពេលខ្លះនាងបានកត់សម្គាល់សំឡេង​ខ្លាំងៗរបស់មិត្តរួមការងារនាងផងដែរ ធ្វើឱ្យសំឡេង​របស់នាងមានការរអាក់រអួលពេលកំពុងអានការចាក់ផ្សាយវិទ្យុប្រចាំថ្ងៃ។

សុខខេង បានផ្តល់គំនិតរបស់នាងចំពោះការដំឡើងសំឡេងរបស់ពួកគេថា៖ «ពេលខ្លះខ្ញុំគិតថា ជាមួយបុរសវាជាធម្មជាតិរបស់ពួកគេ ប៉ុន្តែពេលខ្លះខ្ញុំគិតថាពួកគេអាចគ្រប់គ្រងវាបាន។ ពេលខ្លះប្រសិនបើពួកគេ​ប្រើពាក្យអវិជ្ជមាន​មកលើយើង [ស្ត្រី] វាប៉ះពាល់ដល់អារម្មណ៍របស់ យើង។ សំឡេងរបស់ពួកគេធ្វើឱ្យយើងមានអារម្មណ៍ថា យើងទន់ខ្សោយ យើងអាក្រក់ យើងបានធ្វើអ្វីដែលមិនល្អ»។

នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការហាត់ការងារលើកដំបូងនៅសារព័ត៌មានខេមបូឌាដេលី កាលពី​​ជាង៤​ឆ្នាំមុន ហើយខ្ញុំផ្ទាល់ដែលជាអ្នកសរសេរអត្ថបទនេះ មានអារម្មណ៍ថា ខ្ញុំពិតជាមានសំណាង​ដែលបានដើរចូលក្នុងបន្ទប់ព័ត៌មានដែលមានតុល្យភាពចំពោះ​បុរស​និងស្ត្រី។ ប៉ុន្តែខ្ញុំក៏​បានយល់ដឹងថា​ វាមិនគ្រប់គ្រាន់ទេក្នុងការដែលការមានសមាមាត្រនៃចំនួនបុរសនិងស្ត្រី។ ខ្ញុំបានស្និទ្ធជាមួយអ្នកកែសម្រួលព័ត៌មានម្នាក់ ហើយក្រោយមកក៏ដឹងថាគាត់បានមើលងាយមិត្តរួមការងារជាស្ត្រីម្នាក់ផ្សេងទៀត ដែលហួសពី“ការរិះគន់”លើស្តង់ដារនៃការងាររបស់ពួកគេ។

មិត្តរួមការងារតែងតែចេញទៅផឹកស្រាជាក្រុមតូចៗ ហើយទោះបីជាខ្ញុំចូលចិត្តចេញទៅក្រៅក៏ដោយ ខ្ញុំច្រើនតែមានអារម្មណ៍មិនស្រួលក្នុងការជួបជុំញ៉ាំអីជាមួយពួកគេ ជាពិសេសក្នុងនាមជាយុវតីវ័យ ២២​ឆ្នាំ ដែលទើបនឹងមកដល់ប្រទេសកម្ពុជា។ ដោយមានអារម្មណ៍ថាឯកា ខ្ញុំបានទាក់ទងជាមួយ​មិត្តរួមការងារម្នាក់នៅក្នុងកម្មវិធីមួយ ហើយទោះបីជាបន្ទាប់មកខ្ញុំមានអារម្មណ៍មិនស្រួល​ចិត្ត ហើយក៏បានសុំឱ្យគាត់ឈប់ គាត់នៅតែបន្ត។ ទោះបីខ្ញុំមកពីប្រទេសមួយ​ដែលការសន្ទនាជុំវិញសិទ្ធិនិងការយល់ព្រមជាទូទៅរបស់ស្ត្រីមានការជឿនលឿនជាងមុន ខ្ញុំក៏មិនបន្ទោស​អ្នកដែលមិនគោរពសន្យាដែរ តែខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំបាននាំទុក្ខដល់ខ្លួនឯងដែលបាន​យល់ព្រមពីដំបូង។

ខ្ញុំគ្រាន់តែដឹងថាបទពិសោធន៍របស់ខ្ញុំគ្រាន់តែជារឿងកើតឡើងធម្មតា នៅពេលខ្ញុំស្នាក់នៅរាជធានី​ភ្នំពេញមួយរយៈ និង​ជួបអ្នកកាសែតជាស្ត្រីដទៃទៀត។ ហើយខ្ញុំក៏បានឃើញថា ក្នុងនាមជាអ្នកកាសែតជនជាតិអាមេរិកស្បែកសម្នាក់ ខ្ញុំមានឯកសិទ្ធិលើសមិត្តភក្ដិជនជាតិខ្មែររបស់ខ្ញុំ ដែលហាក់ដូចជា​ទទួលរងសម្ពាធ និងការយាយីពីសំណាក់អ្នកនៅខាងក្នុងនិងខាងក្រៅបន្ទប់ព័ត៌មាន។

នៅពេលចាប់ផ្តើមអាជីពការងាររយៈពេល៧​ឆ្នាំរបស់នាងក្នុងវិស័យសារព័ត៌មាន អ្នកនាង ថាន រស្មី បាននិយាយថា នាងមានអារម្មណ៍ថា មានសម្ពាធយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់នាងដែល​ជាបទពិសោធន៍ទូទៅ​ក្នុងចំណោមអ្នកយកព័ត៌មានជា​ស្ត្រី។ នាងនិយាយថា ពួកគេធ្លាប់យំ​​​នៅពេលយប់ជ្រៅ ដោយបារម្ភពីការងារ​ពីមុនរបស់នាងនៅវិទ្យុវាយោ ហើយបន្ទាប់មកនៅសារព័ត៌មានថ្មីៗ។

នាងនិយាយថា៖ «ខ្ញុំបានធ្វើការជាអ្នកសារព័ត៌មាន​អស់រយៈពេលមួយឆ្នាំ មុនពេលដែលខ្ញុំបាន​ប្រាប់ឪពុកម្តាយរបស់ខ្ញុំ។ ពួកគាត់មិនបានគាំទ្រវាទាល់តែសោះ។ ពួកគាត់មិនយល់ព្រមឱ្យខ្ញុំធ្វើការលើបញ្ហាប៉ះពាល់នោះទេ។»

ឥលូវនេះខ្ញុំបានក្លាយទៅជាអ្នកយកព័ត៌មាននៅ Fresh News ដែលជាបណ្តាញ​ព័ត៌មានដែលរៀប​ចំដោយរដ្ឋាភិបាល។ រស្មី និយាយថា ឪពុកម្តាយរបស់នាងមានអារម្មណ៍ធូរស្បើយ ពីព្រោះវា​ជាជម្រើសអាជីពដែលមានសុវត្ថិភាពជាងមុន។ នាងបន្ថែមថា នាងមានអារម្មណ៍ថា ត្រូវបាន​ការទទួលស្គាល់ដោយក្រុមអ្នកពិនិត្យនិងកែសម្រួលព័ត៌មានប្រុសទាំងអស់ ហើយពួកគេគោរពនាងយ៉ាងល្អ ប៉ុន្តែនៅពេលដែលនាងជួបអ្នកកាសែតស្រីផ្សេងៗ ពួកគេប្រាប់នាងអំពីបញ្ហាដែលពួកគេប្រឈមមុខក្នុងការងាររបស់ពួកគេដដែល។

ក្នុងនាមជាអ្នកយកព័ត៌មានខ្មែរម្នាក់ (អ្នកសរសេរអត្ថបទនេះ) ខ្ញុំក៏បាន​ចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាននៅកាសែតភ្នំពេញប៉ុស្តិ៍ រហូតដល់​ស្ថាប័ននេះត្រូវបានគេលក់បន្តនៅឆ្នាំ២០១៨។

សូម្បីតែមុនពេលដែលមានផ្លាស់ប្តូរ​ការគ្រប់គ្រងក៏ដោយ ក៏បន្ទប់សារព័ត៌មាននៅតែត្រូវបានគ្រប់គ្រងដោយបុរស ហើយក៏មិនចំណាត់ការអ្វីដែរបន្ទាប់ពីមាន​មិត្តរួមការងារបុរសម្នាក់​បានធ្វើការបៀតបៀនមិត្តរួមការងារជាស្ត្រី។ នៅពេលមួយ មិត្តរួមការងារប្រុសម្នាក់បានព្យាយាមផ្តេកក្បាលគាត់លើដើមទ្រូងខ្ញុំ ខ្ញុំបានស្រែកដាក់គាត់ថា ​«ខ្ញុំនឹងដាល់មុខអ្នក ហើយប្តឹងអ្នកដាក់គុក!» បើអ្នកហ៊ានប៉ះខ្ញុំ។

និពន្ធនាយកក៏បានដើរចេញមក បន្ទាប់ពីគាត់​បានឮសំឡេងខ្ញុំស្រែកឮៗ រួចហើយខ្ញុំបានប្រាប់គាត់ពីអ្វីដែលបានកើតឡើង៖ «ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងខ្លួននៅពេលធ្វើការនៅកន្លែង​ដែលមានការបៀតបៀន តែគាត់ក៏ដើរចេញដោយគ្មានសួរអីមួយម៉ាត់។ ក្រោយមក ខ្ញុំបានរកឃើញថា មិត្តរួមការងារដដែលនោះបានធ្វើការបៀតបៀនអ្នកហាត់ការជាស្ត្រី ហើយអ្នកហាត់ការម្នាក់បានរាយការណ៍មកគាត់ [និពន្ធនាយក] បន្ទាប់ពីគាត់​ [សហការីបុរស] ដដែល​ បានថើបក្បាលរបស់នាង ប៉ុន្តែគាត់ [បុរសប្រព្រឹត្ត] នៅតែត្រូវបានការពារដោយរឹងមាំនិងដោយគ្មានការព្រមាន ឬការដាក់ទណ្ឌកម្មណាមួយឡើយ។»

កញ្ញា ខេមា បានចូលរួមកម្មវិធីបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយសង្ឃឹមថានឹងចូលក្នុងវិស័យសារព័ត៌មាន ប៉ុន្តែនៅពេលដែលគាត់ត្រូវបានគេជ្រើសរើសឱ្យធ្វើការជាមួយអ្នកកាសែតអាជីពលើរឿងមួយនៅកោះកុង នាងបានទទួលរងសម្ពាធ​ពីអ្នកដឹកនាំឱ្យផឹកស្រាទាំងដែលបានបានបដិសេធ។

អ្នកណែនាំបានប្រាប់នាងថា៖ «ប្រសិន​បើអ្នកចង់មានការងារល្អ អ្នកត្រូវតែរៀនផឹក! ប្រសិនបើអ្នកមិនផឹក វាមានន័យថា អ្នកមិនគោរពខ្ញុំទេ!»

ស្ត្រីវ័យក្មេងរូបនេះបានសរសេរប្លក់មួយអំពីបទពិសោធន៍របស់នាង ហើយអ្នកគ្រប់គ្រងខ្លះនៃកម្មវិធីបណ្តុះបណ្តាលនេះ បានបង្កើតច្បាប់ផ្លូវការបន្ថែមទៀតសម្រាប់ការប្រឹក្សាយោបល់ជាមួយអ្នកសារព័ត៌មានដែលចូលរួម។ ប៉ុន្តែស្ត្រីរូបនេះនិយាយថា នាងខកចិត្តដែលអ្នកដឹកនាំកម្មវិធីមិនយកចិត្តទុកដាក់លើកង្វល់របស់នាង។

នាង​បាន​និយាយ​ថា៖ «នៅពេល[បន្ទប់ព័ត៌មានអះអាង]ពួកគេត្រូវការស្ត្រីធ្វើការជាមួយ ប៉ុន្តែពួកគេមិនគោរពស្ត្រី តើពួកគេចង់មានន័យថាមេច?»

មិនត្រឹមតែអ្នកសារព័ត៌មានកម្ពុជាវ័យក្មេងប៉ុណ្ណោះទេដែលមានអារម្មណ៍​ថាបញ្ហាពួកគេមិន​ត្រូវ​បានដោះស្រាយ។ 

អ្នកនាង April Reposar អ្នកកាសែតជនជាតិហ្វីលីពីន ដែលបានរស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ បានចាកចេញពីការងាររបស់នាងនៅចុងឆ្នាំនោះ ដោយដំបូងនិយាយថា នាងចាកចេញដោយហេតុផលផ្ទាល់ខ្លួន។ នៅពេលនាងត្រឡប់ទៅប្រទេសហ្វីលីពីនវិញ នាងបានប្រកាសជាសាធារណៈថានាងត្រូវបានអ្នកបោះពុម្ពផ្សាយ T. Mohan ធ្វើការយាយីផ្លូវភេទ និងបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយករណីនេះនៅតែត្រូវបានចៅក្រមស៊ើបសួរពិចារណានៅឡើយ។ លោក Mohan បានបដិសេធការចោទប្រកាន់នេះ។

នាងបានបដិសេធសំណើរបស់គាត់នៅពេលនោះ ហើយថតសារ WhatsApp ទុកជាភស្តុតាងគាំទ្រលើបណ្ដឹងរបស់នាង ប៉ុន្តែនាងប្រាប់ថា នាងភ័យខ្លាចពេលដែលនាងរាយការណ៍អំពីរឿងនេះអំឡុងពេលរស់នៅក្នុងរាជធានីភ្នំពេញ ឬសូម្បីតែប្រាប់គ្រួសារនាងឬមិត្តរួមការងារអំពីស្ថានភាពនេះ។

នាងនិយាយដោយរំឭកពីពេលវេលាដែលនាងចំណាយនៅក្នុងបន្ទប់ព័ត៌មានរបស់កាសែតខ្មែរថាមស៍ ថា៖ «វាដូចជាខ្ញុំត្រូវបានគេច្របាច់ក មិនអាចបញ្ចេញសំឡេងនៅកន្លែងដែលខ្ញុំដឹងថាគ្មាននរណាម្នាក់អាចជួយខ្ញុំបានទេ។ អ្នកខ្លះបានផ្តល់ការគាំទ្រ ប៉ុន្តែពួកគេមិនដែលជួយខ្ញុំទេ។ យើងត្រូវទទួលស្គាល់ថា ប្រទេសមួយចំនួនមិនដែលចាត់ទុកថាការយាយីផ្លូវភេទជាបញ្ហា​ដែលត្រូវយកចិត្តទុកដាក់​នោះទេ ព្រោះវាមិនមែនជាឧក្រិដ្ឋកម្មហិង្សា ឬ​ដរាបណាជនរងគ្រោះ​មិនបានស្លាប់នោះ វាមិនត្រូវការការយល់ដឹងច្រើនទេ។»

ទោះបីជាពេលនេះនាងបានវិលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ ហើយកំពុងសិក្សាមុខវិជ្ជាច្បាប់​ក៏ដោយ នាងនិយាយថា ករណីនេះបានជះឥទ្ធិពលយ៉ាងខ្លាំង​ទៅលើជីវិតនិងសុខភាពផ្លូវចិត្តរបស់នាង។ នាងត្រូវតែលុបគណនីបណ្តាញសង្គមរបស់នាង តែនាងនៅតែព្រួយបារម្ភ​ចំពោះកូនៗរបស់នាងដែលត្រូវបានអ្នកលេងអ៊ីនធឺណិតតាមដានករណីនេះ បន្ទាប់ពីនាងបានតវ៉ាជាសាធារណៈ។

អ្នកនាង កាន់ វិច្ឆិកា បានធ្វើការខិតខំប្រឹងប្រែងដើម្បីពិភាក្សាអំពីបទពិសោធន៍របស់នាងក្នុងនាមជាអ្នកកាសែតឯករាជ្យជាន់ខ្ពស់ជាមួយស្ត្រីវ័យក្មេងដែលចាប់អារម្មណ៍នឹងប្រព័ន្ធផ្សព្វផ្សាយ។

នាងប្រាប់ពួកគេថា នាងត្រូវបានគេធ្វើទុក្ខបុកម្នេញជាញឹកញាប់ពីសំណាក់មន្រ្តីរដ្ឋាភិបាលនិងអ្នកប្រើប្រាស់បណ្តាញសង្គម ចំពោះការបញ្ចេញមតិនិងសំណួរសម្ភាសន៍របស់នាង។ ប៉ុន្តែក្នុងរឿងពីរដាច់ដោយឡែកពីគ្នា នាងត្រូវបានមិត្តរួមការងារពីរនាក់បៀតបៀនផ្លូវភេទ។ នាងនិយាយថា នាងមានការការភ្ញាក់ផ្អើលចំពោះអាកប្បកិរិយារបស់មិត្តក្នុងក្រុមរបស់នាង។ នាងបានដាក់ពាក្យបណ្តឹងថ្មីៗបំផុតចំពោះហេតុការណ៍ដែលបានកើតឡើងរវាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ប៉ុន្តែនាងនិយាយថា នៅចុងបញ្ចប់នាងមានអារម្មណ៍ដូចជាក្លាយជា«ជនរងគ្រោះទ្វេដង»

នាងបាននិយាយថា៖ «សំណួរដែល​​ពួកគេសួរខ្ញុំ វាសំដៅទៅលើថា តើខ្ញុំជាស្ត្រីអាក្រក់ម្នាក់ដែល [កំពុងព្យាយាម] រកចំណុចដើម្បីចោទប្រកាន់បុរសនោះ។​ វាអយុត្តិធម៌ណាស់។ សំណួរទាំងនោះច្រើនតែចោទខ្ញុំជំនួសវិញ»។

វិច្ឆិកា និយាយថា នៅទីបំផុតនាងបានទទួលលិខិតពីគណៈកម្មាធិការស៊ើបអង្កេតដោយនិយាយថា ពួកគេមិនអាចផ្តល់ដំណោះស្រាយបានទេ។ នាងបានធ្វើការកត់ត្រានៅក្នុងដំណើរការទាំងមូល ហើយនាងកំពុងគិតអំពីការសរសេរអត្ថបទឬសៀវភៅអំពីបញ្ហានេះ ក្នុងចំណោម​បញ្ហាប្រឈមរបស់នាងក្នុងនាមជាអ្នកសារព័ត៌មានស្ត្រី។

នាងបន្តថា៖ «ប្រសិនបើពួកគេនៅស្ងៀម ខ្ញុំគិតថា អ្នកសារព័ត៌មានស្ត្រីជាច្រើននឹងប្រឈមមុខ​នឹងបញ្ហាដូចខ្ញុំដែរ ប្រហែលជាបោះបង់ចោលការងារឬចាកចេញពីការងាររបស់ពួកគេប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនឹងនៅតែតស៊ូ។ ប្រហែលជានៅពេលដែលខ្ញុំនិយាយ​ជាសាធារណៈ ករណីបៀតបៀនទាំងនោះអាចត្រូវបានកាត់បន្ថយឬថយចុះ នោះគឺជាអ្វីដែលយើងអាចធ្វើបាន។»​

លោក ស៊ុន សុខេន និពន្ធនាយក VOD​ បានប្រាប់យើងថា អង្គការនេះនៅមាន (ក្រុមប្រឹក្សាត្រួតពិនិត្យយេនឌ័រ) ដែលមានការបណ្តុះបណ្តាល ដើម្បីឆ្លើយតបទៅនឹងបញ្ហានានានៅក្នុងបន្ទប់​ព័ត៌មាន។

គាត់និយាយថា ពេលខ្លះគាត់ឮ​មិត្តរួមការងារ​ប្រើពាក្យ​ពេចន៍​​មិនសមរម្យ​​ជាទូទៅ ដូចជាលេងសើចក្នុងចំណោមមិត្តភក្តិ ហើយគាត់ណែនាំពួកគេកុំឱ្យ​លេងសើចបែបនេះ ព្រោះពួកគេមិនដឹងថា តើវានឹងជះឥទ្ធិពលដល់បុគ្គលិកផ្សេងទៀតយ៉ាងដូចម្តេចឡើយ។

លោកបាននិយាយថា លោកពិតជាចង់ថែម​បុគ្គលិកស្ត្រីបន្ថែមទៀតសម្រាប់ព័ត៌មានឌីជីថល ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​បុរស ក្រៅពី​នេះ មានតែស្ត្រីដែលរួមមានអ្នកយកព័ត៌មានម្នាក់, អ្នកកែសម្រួល​ម្នាក់, និងអ្នកពិគ្រោះយោបល់​ក្រៅម៉ោង ដែលជា​សហអ្នកនិពន្ធអត្ថបទ​នេះ។

លោកបាននិយាយថា លោកបានដាក់ការផ្សព្វផ្សាយជាក់លាក់ក្នុង​គោលបំណងផ្ដល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ជាស្ត្រី ហើយក៏​បានជ្រើសរើស​​អ្នកកែសម្រួលជា​ស្រ្ដីៗឱ្យ​ចូល​រួម​ ប៉ុន្តែលោកមានអារម្មណ៍ថា មានសម្ពាធគ្រួសារនិងហិរញ្ញវត្ថុ រារាំងស្ត្រីមិនឱ្យ​ចូលរួមក្នុងបន្ទប់ព័ត៌មាន។

នៅពេលយើងសួរថា តើ​មាន​អ្វី​ទៀត​ដែល​អាច​ធ្វើ​បានដើម្បីថ្លឹងថ្លែងបុគ្គលិកនោះ សុខេន​និយាយថា គាត់មិនច្បាស់ទេ។

«និយាយតាមត្រង់ទៅ ខ្ញុំមិនសូវ​ស្គាល់អ្នកកាសែតស្រីច្រើនទេ។ ខ្ញុំបានស្នើឱ្យអ្នកស្រី ធារី [និពន្ធនាយក VOD អ្នកស្រី ពេជ្រ សុធារី] ឱ្យ​គាត់​ជួយ​ទាក់​ទងទៅមិត្តរួមការងារជាស្ត្រីដែលជិតស្និទ្ធនឹង​គាត់ ដើម្បីឱ្យ​មក​ដាក់ពាក្យសុំ[ការងារ] ប៉ុន្តែនៅចុងក្រោយ​ យើងមិនបានឃើញ​ពាក្យសុំ[ការងារ]របស់ពួក​គេ​ទេ។»

ទាំងនេះ​គឺជាជំហានវិជ្ជមាន ប៉ុន្តែវាមិនសូវ​​ជា​ល្អប៉ុន្មាន​ទេ ប្រសិនបើយើងមិនសួរ​អ្នកហាត់ការនិង​អ្នកយកព័ត៌មាន ជាពិសេស​ស្ត្រី ថា​តើ​យើង​អាច​ធ្វើ​អ្វី​​បាន​​ខ្លះ​ដើម្បី​ឱ្យ​បទពិសោធន៍របស់ពួកគេប្រសើរឡើង។

កញ្ញា គង់ មេត្តា អ្នកសារព័ត៌មានឯករាជ្យម្នាក់ដែលផ្តោតលើការជួញដូរសិទ្ធិមនុស្សនិងបញ្ហាសង្គម បាននិយាយថា វាមានសារៈសំខាន់ណាស់ដែលមានតំណាងបុរស​និងស្ត្រីដែលមានភាពស្មើគ្នានៅក្នុងបន្ទប់ព័ត៌មាន ព្រោះថា ស្ត្រីផ្តល់នូវទស្សនវិស័យខុសគ្នា ហើយពេលខ្លះស្ត្រីរងគ្រោះ​មានអារម្មណ៍ងាយ​ស្រួលក្នុងការនិយាយជាមួយស្ត្រីផ្សេងទៀតឬស្ត្រីអ្នកសម្ភាសន៍។ បទពិសោធន៍វិជ្ជាជីវៈ ត្រូវបានលើកឡើងជា​ហេតុផលសម្រាប់ការជ្រើសរើស​មិនឱ្យជួលអ្នកយកព័ត៌មានស្ត្រី ប៉ុន្តែ មេត្តា បាននិយាយថា នាងមានអារម្មណ៍ថា នាងអាចសម្របខ្លួនបាន។

ប្រសិនបើ [បន្ទប់ព័ត៌មាន] ជឿថា ពួកគេបានរកឃើញស្ត្រីជាអ្នកយកព័ត៌មាន ប៉ុន្តែនាងមិនមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ទេ ពួកគេគួរតែធ្វើអ្វីខ្លះអំពី [តម្រូវការលក្ខណៈ​សម្បត្តិ]​ នោះ។

ប្រសិនបើការតំណាងរបស់ស្ត្រីនៅក្នុងបន្ទប់ព័ត៌មាន គឺជាប្រធានបទដែលពិបាកក្នុងការពិភាក្សា វារឹតតែពិបាកក្នុងការយករឿងអ្នកស្រឡាញ់​​ភេទដូចគ្នាមកនិយាយ។ ខ្ញុំដែលជាអ្នកកាសែតបរទេស ដឹងថា ស្ទើរតែគ្មានជនជាតិខ្មែរម្នាក់ណាសោះធ្លាប់ឃើញអ្នករួមការងារម្នាក់និយាយលេងសើចធម្មតាជាមួយមិត្តរួមការងារ។ ពួកគេគ្រាន់តែពន្យល់ខ្ញុំនៅពេលក្រោយថា មិត្តរួមការងារកំពុងតែលេងសើច និងធ្វើការសន្មត​អំពីភេទរបស់បុគ្គលនោះ។ ជាទូទៅប្រជាជនកម្ពុជា និយាយលេងសើចអំពីការស្រឡាញ់ភេទដូចគ្នាភ្ជាប់​ជាមួយពាក្យបង្អាប់បន្ថោក ហើយបុគ្គលម្នាក់នោះពន្យល់ថា ពួកគេស៊ូទ្រាំការលេងសើចនេះ​ជាញឹកញាប់ទាំងក្នុងនិងក្រៅបន្ទប់ព័ត៌មាន។

ដូច្នេះយើងដែលជាសហនិពន្ធនៃអត្ថបទនេះ ពិតជាចង់បំផុសទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវគ្គបណ្តុះ​បណ្តាល និងដាក់ពាក្យការងារនៅក្នុងបន្ទប់ព័ត៌មានមួយ ព្រោះមានឱកាសជាច្រើននៅទីនោះ។ ប៉ុន្តែយើងក៏ចង់ឃើញនិពន្ធនាយកទាំងបុរសទាំងស្ត្រី និងអ្នកយកព័ត៌មាន ឆ្លៀតយកឱកាស ដើម្បីប្រឈមមុខនឹងបញ្ហាការយាយីនិងការរើសអើងដែលអាចកើតឡើងនៅក្នុងបន្ទប់​ព័ត៌មាន ដូចជាពួកគេប្រឈមមុខនឹងការងាររាល់ថ្ងៃរបស់ពួកគេផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ