សន្តិសុខ​​ដែល​​រំដោះ​ស្ត្រី​ចិន​៤​​នាក់​​ចេញ​ពី​បន្ទប់​​ចត្តា​ឡីស័ក​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​

អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធរៀបចំបញ្ជូនអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅកាន់សណ្ឋាគារ The Great Duke ដើម្បីបន្តការធ្វើចត្តាឡីស័កវិញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សមត្ថកិច្ចក្រសួងមហា​ផ្ទៃ បាន​បញ្ជូនសន្តិសុខសណ្ឋាគារសុខា​ដែលរងការចោទប្រកាន់ថាបានជួយរំដោះស្ត្រីជនជាតិចិន៤នាក់ចេញ​ពីបន្ទប់ចត្តាឡីស័កនោះ ទៅកាន់អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ​ហើយនៅព្រឹកថ្ងៃចន្ទ ទី៨ ខែមីនានេះ។

អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ មានប្រសាសន៍ថា សមត្ថកិច្ចបានបញ្ជូនសន្តិសុខម្នាក់នេះទៅកាន់តុលាការ ដោយសារតែគាត់ជាមេខ្លោងរៀបចំសម្រប​សម្រួលឱ្យស្ត្រីជន​ជាតិ​ចិន​៤​នាក់គេចចេញ​ពីបន្ទប់ធ្វើចត្តាឡីស័ក​នៅក្នុងសណ្ឋាគារសុខា រាជធានីភ្នំពេញ។

បើតាមលោក ស៊ាង ធារិទ្ធ សន្តិសុខម្នាក់នេះមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨​ឆ្នាំ មានតួនាទីជាអនុប្រធានសន្តិសុខប្រចាំ​នៅសណ្ឋាគារសុខាភ្នំពេញ ត្រូវបានចោទប្រកាន់​តាមច្បាប់ស្តីពី «ការគ្រប់គ្រងគ្រោះ​មហន្តរាយ» និងអនុក្រឹត្យថ្មីស្តីពី «វិធានការសុខាភិបាល​ដើម្បីទប់ស្កាត់និងឆ្លើយតបការ​ឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ​កូវីដ១៩នៅតាមច្រកទ្វារចេញចូល»។

យ៉ាងណាក្តី តុលាការនៅមិនទាន់សម្រេចចោទប្រកាន់សន្តិសុខម្នាក់នេះជាផ្លូវការនៅឡើយ​ទេ គិតត្រឹមព្រឹក​ថ្ងៃទី៨ ខែមីនានេះ។

យោងតាមមាត្រា ៤៤ នៃច្បាប់ ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ» បានចែងថា «រាល់បុគ្គលដែលបានដឹងអំពីស្ថានភាពហានិភ័យដែលអាចបង្កឱ្យ​​មានគ្រោះ​មហន្តរាយ ហើយមិនបាន​រាយការណ៍ព័ត៌មានជាបន្ទាន់ជូនអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោស​ដាក់​ពន្ធនា​​គារ​ពី ១(មួយ)ខែ ទៅ ៦(ប្រាំមួយ)ខែ និង/ឬពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)​រៀល ទៅ ១ ០០០ ០០០ (មួយលាន)​រៀល។

រីឯអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់មាត្រា៨ បានចែងថា «អ្នកដែលផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកគេចចេញពីកន្លែងធ្វើចត្តាឡីស័កនោះ នឹងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល»។ នោះដោយមិនទាន់គិតបញ្ចូលពីទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ។

សន្តិសុខម្នាក់នេះត្រូវបានបញ្ជូនទៅកាន់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ស្ថិតនៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៥ ខែមីនា បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ បង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩

សូមបញ្ជាក់ថា តាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃទី២០ ខែកុម្ភៈ កម្ពុជាបានផ្ទុះការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ជាថ្មី ដោយផ្ដើមចេញពីក្លឹបកម្សាន្តនៅភ្នំពេញមួយកន្លែងឈ្មោះ អិន៨ (N8) ហើយបានបន្តរាលដាលដល់កន្លែងផ្សេង​ៗ​ទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មុនប៉ុន្មានថ្ងៃផ្ទុះករណីឆ្លងក្នុងសហគមន៍នេះ មានស្ត្រី៤នាក់បានលួចចេញពីកន្លែងធ្វើចត្តាឡីស័ក​ក្នុងសណ្ឋាគារមួយទៅចូលក្លឹប​ដើរលេងកម្សាន្ត ដោយមានសន្ដិសុខនៃសណ្ឋាគារនោះជួយរំដោះ។ ស្ត្រី២នាក់ក្នុងចំណោមស្ត្រីទាំង៤នាក់នោះ មានផ្ទុកជំងឺកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ