តុលាការ​សម្រេច​ឃុំ​ខ្លួន​សន្តិ​សុខ​​​ដែល​​​រំដោះ​​ស្ត្រី​​ចិន​​៤​​​នាក់​​​ចេញ​​ពី​​បន្ទប់​​​ចត្តា​​ឡីស័ក​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសន្តិសុខសណ្ឋាគារសុខា ដែលបាន​ជួយរំដោះស្ត្រីជនជាតិចិន៤នាក់​ចេញពីកន្លែងធ្វើចត្តាឡីស័ក ជាបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមការចោទប្រកាន់តាមមាត្រា​​៤២ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ» និងមានចេតនា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែង​។

លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ វីអូឌី នៅល្ងាចថ្ងៃទី០៨ មីនានេះថា៖  «ករណីហ្នឹងយើងបានសម្រេចចោទប្រកាន់ ហើយចៅក្រមស៊ើបសួរ​បានសម្រេចឃុំខ្លួនហើយ បាទ! ចោទប្រកាន់តាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ»។

យោងតាម​មាត្រា​៤២ នៃ​ច្បាប់​ស្ដីពី «​ការគ្រប់គ្រង​គ្រោះមហន្តរាយ​» បាន​ចែងថា អំពើ​ដោយ​ចេត​នា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែង ឬ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ​ក្រោម​បញ្ញ​ត្តិនៃ​មាត្រា​២៥ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែទៅ១​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​ពី១​សែន​រៀល ទៅ២​លាន​រៀល​។

សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនសន្តិសុខសណ្ឋាគារសុខារូបនោះ​ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ​នេះ ដោយចោទប្រកាន់​តាមមាត្រា៤២ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគ្រោះ​មហន្តរាយ» និងអនុក្រឹត្យថ្មីស្តីពី «វិធានការសុខាភិបាល​ដើម្បីទប់ស្កាត់និងឆ្លើយតបការ​ឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ​កូវីដ១៩ នៅតាមច្រកទ្វារចេញចូល»។

សន្តិសុខម្នាក់នេះមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានតួនាទីជាអនុប្រធានសន្តិសុខប្រចាំនៅសណ្ឋាគារសុខាភ្នំពេញ។

អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ មានប្រសាសន៍ថា សមត្ថកិច្ចបានបញ្ជូនសន្តិសុខម្នាក់នេះទៅកាន់តុលាការ ដោយសារតែគាត់ជាមេខ្លោងរៀបចំសម្របសម្រួលឱ្យស្ត្រីជនជាតិចិន៤នាក់គេចចេញពីបន្ទប់ធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសុខា រាជធានីភ្នំពេញ។

លោកថា៖ «យើងបញ្ជូនតែមួយទេ គឺឈ្មោះ រ៉ែន សុធារ៉ា ដែលជាអនុប្រធានសន្តិសុខនៃសណ្ឋាគារសុខាតែម្តង ដែលជាមេខ្លោងរៀបចំសម្របសម្រួលឱ្យមានការគេចចេញពីទីតាំងអូតែលសុខានេះ។ យើងបានរកឃើញពីកំហុសឆ្គងរបស់គាត់ទាក់ទងនឹងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយយើងបានចោទប្រកាន់គាត់ផ្អែកទៅតាមមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ»។

លោកបានបន្ថែមថា៖ «ហើយក្នុងនោះដែរ យើងបានបន្ថែមនូវការអនុវត្តវិធានរដ្ឋបាលចំពោះកំហុសឆ្គងនេះ តាមអនុក្រឹត្យលេខ២៧ អនក្រ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា សមត្ថកិច្ចបានត្រឹមតែកសាងសំណុំរឿងបញ្ជូនទៅទេ អ៊ីចឹងរាល់ការសម្រេចយ៉ាងម៉េចគឺស្ថិតនៅលើតុលាការ»

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានគាំទ្រចំពោះចំណាត់ការលើសន្តិសុខសណ្ឋាគារសុខារូបនេះ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំគិតថា ចំណាត់ការដែលគេដាក់បន្ទុកលើគាត់ហ្នឹង គឺជានីតិវិធីត្រឹមត្រូវ ហើយជាធម្មតាគេត្រូវស្វែងរកគោលការណ៍គតិយុត្តិ គ្រាន់ឱ្យសមនឹងករណីរបស់គាត់។ ពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ដោយសារគាត់មិនមែនជាមន្ត្រីសាធារណៈ អ៊ីចឹងគាត់អត់ចូលក្នុងបទល្មើសស៊ីសំណូកសូកប៉ាន់ទេ»

អនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសដាក់ឱ្យប្រើប្រាស់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រង់មាត្រា៨ បានចែងថា «អ្នកដែលផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកគេចចេញពីកន្លែងធ្វើចត្តាឡីស័កនោះ នឹងត្រូវទទួលរងការពិន័យជាប្រាក់ចាប់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល»។ នោះដោយមិនទាន់គិតបញ្ចូលពីទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ។

សូមបញ្ជាក់ថា តាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃទី២០ ខែកុម្ភៈ កម្ពុជាបានផ្ទុះការឆ្លងជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ជាថ្មី ដោយផ្ដើមចេញពីក្លឹបកម្សាន្ត​នៅភ្នំពេញមួយកន្លែងឈ្មោះ អិន៨ (N8) ហើយបានបន្តរាលដាលដល់កន្លែងផ្សេង​ៗ​ទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មុនប៉ុន្មានថ្ងៃនៃការ​​ផ្ទុះករណីឆ្លងក្នុងសហគមន៍នេះ មានស្ត្រីជនជាតិចិន៤នាក់បានលួចចេញពីកន្លែងធ្វើចត្តាឡីស័ក​ក្នុងសណ្ឋាគារមួយ ទៅចូលក្លឹប​ដើរលេងកម្សាន្ត ដោយមានសន្ដិសុខនៃសណ្ឋាគារនោះជួយរំដោះ។ ស្ត្រី២នាក់ក្នុងចំណោមស្ត្រីទាំង៤នាក់នោះ មានផ្ទុកជំងឺកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ