IPU ​ស្នើ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​និង​បើក​កិច្ច​ចរចា

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) បានស្នើឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំ និងមន្ត្រីជាន់​ខ្ពស់​​អតីតគណបក្សសង្គ្រោះជាតិ និងបើកឱ្យមាន​កិច្ចចរចា​នយោបាយមួយ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។

ការស្នើនេះបានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយរបស់​គណៈកម្មាធិការសិទ្ធិមនុស្ស​ សហភាព​អន្តរសភា ដែលបានបើកកិច្ចប្រជុំមួយកាលពីអំឡុងខែកុម្ភៈ​​កន្លងទៅនេះ។

តាមរយៈសេចក្តីសម្រេចដែលទើបនឹងចេញកាលពីដើមសប្តាហ៍នេះ គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា បង្ហាញពី​ការព្រួយបារម្ភជាខ្លាំង​ចំពោះស្ថានភាពនយោ​បាយ​នៅ​កម្ពុជា ចាប់តាំងពីមាន​ការរំលាយអតីត​​​គណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល​​​នៃប្រទេសកម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧មក។

សេចក្តីសម្រេចនេះមាន៨ចំណុច ក៏ប៉ុន្តែអ្វីដែល​សំខាន់នោះគឺសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំលើកទី១៦៣នេះ បានស្នើឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើ​មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្គ្រោះជាតិ និងបើកឱ្យមានកិច្ចចរចានយោ​បាយ​​មួយ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។

ប៉ុន្តែលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បាន​បដិសេធនៅថ្ងៃអង្គារនេះ ដោយ​មិនទទួលយកសេចក្តីសម្រេចនេះឡើយ និង​​បានចាត់ទុកថា សេចក្តីសម្រេចនេះអយុត្តិធម៌ចំពោះប្រទេសកម្ពុជា និងជាសេចក្តីសម្រេចដែលធ្វើឡើងដោយលម្អៀងទៅរកអតីតគណបក្សប្រឆាំង។

លោកមានប្រសាសន៍ដូច្នេះថា៖ «សេចក្តីថ្លែងការណ៍នេះឬសេចក្តីសម្រេចរបស់ IPU នេះ វាអយុត្តិធម៌ចំពោះប្រទេសកម្ពុជាយើងណាស់ យើងមិនអាចទទួលយកបានទេ ពីព្រោះគេនិយាយ គេនិយាយតែពីម្ខាងហ្នឹងទេ គេនិយាយតែពាក្យខាងអតីតគណបក្សសង្គ្រោះជាតិនិយាយ ប៉ុន្តែចំពោះការយើងពន្យល់ គេមិនយកជាការ ដូច្នេះហើយយើងបដិសេធ យើងមិនទទួលស្គាល់ យើងមានការសោកស្តាយតែម្តង»

នៅក្នុងសេចក្តីសម្រេចរបស់សហភាព​អន្តរសភា IPU បានសម្តែងការព្រួយបារម្ភជាខ្លាំង​ចំពោះ​​ថ្នាក់ដឹកនាំ​ និង​តំណាងរាស្ត្រអតីត​​គណបក្សសង្គ្រោះជាតិ ​យ៉ាង​ហោច​ណាស់ ១២រូប​ដែលរង​ការចោទ​ប្រកាន់​ដ៏ធ្ងន់ធ្ងរ​ជាច្រើនករណី​​ ជាមួយ​សកម្មជន​រាប់​សិប​នាក់ទៀត​ ដោយ​​សារតែ​សកម្មភាព​នយោបាយ ​និង​ការអនុវត្តសិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន។ ​ជាងនេះ​ទៅ​ទៀត​នោះ IPU ថា អាជ្ញាធររដ្ឋាភិបាលកម្ពុជា ​​ថែមទាំងបាន​​រារាំង​​ជនជាប់ចោទ​​ដែល​កំពុង​​​និរទេស​ខ្លួន​​នៅ​ក្រៅ​​ប្រទេស ​​មិន​ឱ្យ​​​​វិល​ចូល​​កម្ពុជាវិញ​​ដើម្បី​ការពារ​ខ្លួន​​ក្នុង​​តុលាការ ​​​ទាំង​ដែល​ច្បាប់​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​​ចែងថា ​​មនុស្ស​គ្រប់រូបមានសិទ្ធិ​ត្រឡប់ចូល​ប្រទេស​កំណើត​របស់​ខ្លួនក្តី។

​ចំពោះ​ករណីលោក កឹម សុខា វិញ ​ស្ថាប័ន​អន្តរជាតិមួយនេះបានពិនិត្យ​ឃើញថា ​ការចោទប្រកាន់​លោក កឹម សុខា ​ពីបទ​ក្បត់ជាតិ​នោះ ពុំមាន​​មូលដ្ឋាន​ទាល់តែ​សោះ និងបាន​ពន្យារពេល​​ជំនុំ​ជម្រះ​ដោយ​​គ្មាន​​កំណត់​​ពេល​ជាក់លាក់ ក្រោមហេតុផលជំងឺកូវីដ១៩។

ទាក់ទងករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន បានច្រានចោលសេចក្តីសម្រេចនេះ និងបានចាត់ទុកថា បញ្ហានេះគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។

លោកបានមានប្រសាសន៍ដូច្នេះថា៖ «ទីមួយ ក្នុងក្របខណ្ឌច្បាប់ គឺរដ្ឋាភិបាលមិនមានសិទ្ធិអ្វីទៅបង្គាប់បញ្ជាតុលាការទេ ពីព្រោះសំណុំរឿងអតីតបក្សប្រឆាំង ដូចករណីលោក កឹម សុខា ជាដើម កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ អញ្ចឹងនៅក្នុងនីតិវិធីរបស់តុលាការ នៅពេលដែលសំណុំរឿងដល់ដៃចៅក្រមស៊ើបសួរ គឺ​ហួសសមត្ថកិច្ចរបស់រដ្ឋាភិបាលហើយ។ អញ្ចឹងការ​សំណូមពរនេះ វាមិនមានភាពត្រឹមត្រូវតាមគតិយុត្តិទេ។ ទីពីរ រឿងបញ្ហានយោបាយនៅកម្ពុជា គឺជារឿងផ្ទៃក្នុងកម្ពុជា ហើយពុំមានបញ្ហាអ្វីដែលយើងហៅថាធ្ងន់ធ្ងរដូចការលើក​ឡើងរបស់សភាទាំង​នោះទេ»

យ៉ាងណាក្តី លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បាន​ចាត់ទុកសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា​ ថាមិនខុស​ពីការមើលឃើញរបស់ស្ថាប័នជាតិនិងអន្តរជាតិផ្សេងទៀតនោះទេ។

លោកបានលើកឡើងថា ទោះបីជាសេចក្តីសម្រេចនេះមិនអាចកែប្រែជំហររបស់រដ្ឋាភិបាល​កម្ពុជាក្តី ក៏ប៉ុន្តែតាមរយៈសេចក្តីសម្រេចនេះនឹងមានឥទ្ធិពលទៅលើតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោក​ថា៖ «ជាទូទៅ យើងមើលឃើញថា វាអត់មានអីចម្លែកទេកន្លងមក សូម្បីតែអង្គការសហ​ប្រជាជាតិក្តី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្តី ហើយនិងអង្គការអន្តរជាតិនានាដែលធ្លាប់ចេញនូវរបាយការណ៍ និងថ្លែងផ្តល់អនុសាសន៍ជាច្រើនមកដល់កម្ពុជា ក៏រដ្ឋាភិបាលកម្ពុជាតែងតែច្រានចោលនិងបដិសេធទៅលើការមើលឃើញនិងការលើកឡើងនូវអនុសាសន៍ទាំងអស់ហ្នឹង។ អញ្ចឹងបញ្ហាគឺថា វាមិនមែនជាបញ្ហារបស់អន្តរជាតិទេ គឺបញ្ហាវាមកលើកម្ពុជាខ្លួនឯងហ្នឹង ហើយបើអត់ទទួលយក​ការផ្តល់អនុសាសន៍ផ្សេងៗបែបហ្នឹង គឺផលប៉ះពាល់វាមកលើរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែរបាទ»

គួរជម្រាបជូនថា សហភាពអន្តរសភា​ IPU ​គឺជាអង្គការតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិអន្តរជាតិដ៏ធំមួយ ដែល​មាន​សមាជិក​សភា​​មក​ពីប្រទេស​ចំនួន​១៧៩នៅលើ​ពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាជាសមាជិកផងដែរ។

នៅក្នុងចំណុចចុងក្រោយនៃសេចក្តីសម្រេចនេះ គណៈកម្មាធិការសហភាពអន្តរសភា IPU បានសម្រេចឱ្យអគ្គលេខារបស់ស្ថាប័ននេះបញ្ជូនសេចក្ដីសម្រេចនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធ ម្ចាស់បណ្ដឹង និងភាគីទី៣ដែលមានតួនាទីក្នុងការអនុវត្តនិងពាក់ព័ន្ធករណីនេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ឆ្លើយ​តប​ថា សេចក្តីសម្រេចនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់កៅអីរបស់កម្ពុជានៅក្នុងនាមជាសមាជិកនេះទេ។

ក្រៅពីគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) កាលពីពេលថ្មីៗនេះ ​​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិចំនួន៤​រូប សហភាព​​អឺរ៉ុប និងបណ្តាប្រទេស​ប្រកាន់​ប្រជាធិបតេយ្យមួយចំនួន ក៏បានចេញសេចក្តីថ្លែងការណ៍ទទូចជាថ្មីម្តងទៀតឱ្យរដ្ឋាភិបាល​កម្ពុជាចាប់ផ្តើមដំណើរការផ្សះផ្សា​ជាតិឡើង​វិញ តាមរយៈការ​សន្ទនាស្មោះត្រង់​ដោយ​មានការចូលរួមពីគ្រប់ភាគី។

សេចក្តីថ្លែងការណ៍ទាំងនោះបានធ្វើឡើងក្រោយ​ពីតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោស​ លោក សម រង្ស៊ី ​និង​​ថ្នាក់ដឹកនាំអតីតគណ​​បក្ស​​ប្រឆាំង​៨នាក់​ទៀត ​ឱ្យ​ជាប់​​ពន្ធនាគារ​​ចន្លោះ​ពី ​២០ឆ្នាំ ​ដល់ ​២៥ឆ្នាំ ​​ពីបទ​​ «ឧបឃាត»​​ ឬ «ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជា» តាមរយៈផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែពួកគេបានចាត់​ទុក​​ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង​ដល់មេដឹកនាំ​អតីត​​គណបក្សប្រឆាំង​ទាំង៩រូបនោះ ថា​ជាការកាត់ទោស​ដ៏គួរឱ្យរន្ធត់ចិត្ត និងធ្វើឡើងដោយមិនមានភស្តុតាង​គួរឱ្យជឿទុកចិត្តបាន​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ