កម្ពុជា​ត្រៀម​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការ​ដើរ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​

ក្រុមបាតុករមីយ៉ាន់ម៉ារងការបង្ក្រាបពីក្រុមយោធាមីយ៉ាន់ម៉ា អំឡុងតវ៉ាទាមទាររកដំណោះស្រាយដែលកំពុងកើតឡើងទាក់ទងនឹងការស្ដារប្រជាធិបតេយ្យក្នុងប្រទេស ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Special Procedures)

ក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយ​​រដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា​ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទីនិងទម្រង់ណាមួយក្តី។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី​៩ ខែ​មីនា ឆ្នាំ២០២១ បញ្ជាក់ថា ក្នុងនាមជាមិត្តនិងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជា​​គ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិត​ដិត​នូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហិង្សាដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។

ប៉ុន្តែទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន សេចក្តីថ្លែងការណ៍បញ្ជាក់ថា កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍​របស់ប្រធានអាស៊ាន ស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងស្តីពីកិច្ចប្រជុំ​ក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ដែលបានចេញកាលពីដើមខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជំហរជាថ្មីថា តាមរយៈបទ​អន្តរាគមន៍របស់​រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេស​អាស៊ាន គឺ​កម្ពុជាបានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ាន​ផ្សេង​​ទៀត ដើម្បីជួយឱ្យប្រទេសមីយ៉ាន់ម៉ា ដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទីនិងទម្រង់ណាមួយក្តី។

ប៉ុន្តែសេចក្តីថ្លែងការណ៍បានបន្តថា ការជួយរបស់កម្ពុជា គឺឱ្យស្របតាមគោលការណ៍របស់អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតី​នេះ កម្ពុជាក៏គំាទ្រផងដែរដល់ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនបានថ្លែងបញ្ជាក់​បន្ថែមថាតើកម្ពុជាអាចជួយប្រទេសមីយ៉ាន់ម៉ាដោយរបៀបណានៅឡើយទេ។

លោកបានថ្លែង​ថា៖ «នៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងបានបញ្ជាក់ច្បាស់ហើយតើ! ថាយើងយក​តាមជំហររួមរបស់អាស៊ាន ហើយសេចក្តីថ្លែងការណ៍២កន្លងមក របស់ប្រធានអាស៊ាន​ផង ហើយ​ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកន្លង​មកផង»

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានមើលឃើញថា កម្ពុជាមិនមានឥទ្ធិពលធំដុំឬជាចលករសំខាន់ ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ ក៏ប៉ុន្តែអ្វីដែលកម្ពុជាអាចធ្វើបាន គឺការចូលរួមជាស្មារតី។

លោកមានប្រសាសន៍ថា៖ «យើងនិយាយក្នុងក្របខណ្ឌអាស៊ាននេះ ខ្ញុំគិតថា កម្ពុជាពុំមានលទ្ធភាពអ្វីជួយជ្រោមជ្រែងខ្លាំងទេ ក៏ប៉ុន្តែគ្រាន់តែជាស្មារតីក្នុងនាមជាអ្នកជិតខាង ដោយអំពាវនាវឱ្យភូមាហ្នឹងឈរនៅក្នុងស្មារតីអាស៊ាន ដើម្បីជួយងាកមកក្នុង គេហៅថា រក្សានូវស្ថានភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខក្នុងតំបន់ និងនយោបាយការបរទេសនៅក្នុងតំបន់ហ្នឹង។ អញ្ចឹងបើកាលណាភូមាអត់មាន គេហៅថា គន្លងលទ្ធិប្រជាធិបតេយ្យ ឬគោលការណ៍របស់អាស៊ានទេ តំបន់អាស៊ានក៏បាត់នូវបរិយាកាសនយោបាយមួយដែរ។ អញ្ចឹងកម្ពុជា ជាសមាជិកអាស៊ានហ្នឹងមានកាតព្វកិច្ច ភារកិច្ចមួយជំរុញឱ្យតំបន់ហ្នឹងមានសុវត្ថិភាពនិងសន្តិសុខ ចូលរួមចំណែកនៅក្នុងតំបន់ហ្នឹង»

​កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ កង​ទ័ព​មីយ៉ាន់ម៉ា​ (Myanmar)​ បាន​ធ្វើ​រដ្ឋប្រហារ​យោធាក្រសោប​យក​អំណាចពីលោកស្រី អ៊ុង សានស៊ូជី ដោយបាន​ចោទប្រកាន់​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោតនៅក្នុងការបោះឆ្នោតមួយដែល​ធ្វើឱ្យ​គណបក្ស​របស់ពួកយោធា​ចាញ់​។ ប៉ុន្តែរដ្ឋប្រហារ​នោះបាននាំឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ារាប់សែននាក់ នាំគ្នា​ធ្វើបាតុកម្មតវ៉ាតាមដងផ្លូវស្ទើរតែគ្រប់ទីកន្លែងទូទាំងប្រទេស។

យ៉ាងណាក្តី គិត​ត្រឹម​ថ្ងៃ​ទី៩ ខែមីនា ពួក​យោធាបាន​បង្ក្រាបទៅ​​លើ​ក្រុម​បាតុករ​ ដែលបណ្ដាល​ឱ្យ​មនុស្ស​យ៉ាងហោចណាស់៦០នាក់​បាន​ស្លាប់ និង​ចាប់​ឃុំ​ខ្លួន​ក្រុម​អ្នក​តវ៉ា​ជិត២ពាន់នាក់​ហើយ​។

កាលពីថ្ងៃទី៣ ខែមីនា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏បានចូលរួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៨ទៀតចេញសេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ និង​អំពាវនាវ​ឱ្យស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហានៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា។​

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាបានទេនៅរសៀល​ថ្ងៃទី​១០ ខែមីនានេះ ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការត្រៀមខ្លួនជួយដល់ប្រទេសមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាពឡើងវិញនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ