អាជីវករ​ផ្សារ​បាត់ដឹង បង្ហាញ​ក្តី​បារម្ភ​ក្រោយ​ដឹង​ថា​មាន​អ្នក​ឆ្លង​កូវីដ១៩​ម្នាក់​ធ្លាប់​​ទៅ​ទី​នោះ​

ក្រុម​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ការពារ​កូ​វីដ១៩ បំពេញការងារ​យក​សំណាក​ពី​ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

អាជីវករនិងប្រជាពលរដ្ឋដែលប្រកបរបររកស៊ីនៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភ បន្ទាប់ពីមានស្ត្រីជាអ្នកបោះដុំសម្លៀកបំពាក់នៅ​រាជធានីភ្នំពេញម្នាក់ដែល​បានឆ្លងជំងឺកូវីដ១៩ បានធ្វើដំណើរទៅកាន់​​ផ្សារនោះ។

អាជីវករលក់គ្រឿងឧបភោគនិងបរិភោគម្នាក់នៅក្នុងផ្សារបាត់ដឹង គឺអ្នកស្រី គង់ សុភាព បានថ្លែងប្រាប់ វីអូឌី ថា បរិយាកាសនៅក្នុងផ្សារបាត់ដឹង នៅថ្ងៃពុធនេះ មានសភាពស្ងប់ស្ងាត់​ជាងពេលធម្មតា។

អ្នក​ស្រីបន្តថា៖ «រាងបាត់មនុស្សខ្លះ រាល់ដងមនុស្សច្រើន ថ្ងៃនេះមនុស្សអត់សូវមានប៉ុន្មានទេ ដូចថា ៣ភាគ វានៅតែ២ភាគ វាបាត់អស់១ភាគ។ ចាស៎! ភ័យដូចតែគ្នាហ្នឹងណា តែមិនដឹងធ្វើយ៉ាងម៉េច ប៉ុន្តែគ្រាន់តែថា វាមិនទាន់មានអ្នកកើត លក់ដូរធម្មតាអញ្ចឹងទៅ ពាក់ម៉ាស់ ពាក់អីធម្មតាអញ្ចឹងទៅ គ្រាន់តែយើងរាងប្រយ័ត្នជាងលើកមុន លើកមុនយើងអត់សូវប្រយ័ត្នប៉ុន្មានទេ។ លើកមុនម៉ាស់ អ្នកខ្លះពាក់ អ្នកខ្លះអត់ ឥលូវពាក់គ្រប់គ្នា អត់មានអ្នកអត់​ពាក់ទេ»

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែ​មីនា ម្សិលមិញនេះ បានសម្រេចបិទតូបចំនួន១២ ស្ថិត​នៅផ្សារបាត់ដឹង ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយអ្នកពាក់ព័ន្ធផ្ទាល់ចំនួន២៥នាក់ត្រូវ​បានអាជ្ញាធរនាំទៅយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ អ្នកទាំង២៥នាក់នោះ រួមមាន ១៧នាក់ រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង៨នាក់ទៀត រស់នៅក្នុងខេត្តកណ្តាល។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ត្រីអាជីវករលក់សម្លៀកបំពាក់ម្នាក់ដែលវិជ្ជមានកូវីដ១៩នេះ គឺជាអាជីវករនៅក្នុងផ្សារអូរឡាំពិក ហើយបច្ចុប្បន្ន បាននិងកំពុងដាក់ឱ្យសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ។

រដ្ឋបាលខេត្តបន្តថា មុនផ្ទុះដំណឹងនេះ ស្ត្រីរូបនេះបានយកសម្លៀកបំពាក់ទៅបោះដុំឱ្យម៉ូយរបស់ខ្លួននៅក្នុងផ្សារបាត់ដឹង កាលពីថ្ងៃសៅរិ៍ ទី៦ ខែមីនា ចំនួន១២តូប។

បើតាមការរៀបរាប់ពីស្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ដំបូងឡើយ ពួកគេមិនទាន់ជឿទេ ក៏ប៉ុន្តែបន្ទាប់ពីសាម៉ីខ្លួនបានទូរសព្ទមកប្រាប់មនុស្សដែលខ្លួនបានទាក់ទងនៅក្នុងផ្សារខាងលើនេះ ទើបមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។

អ្នកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើមកំណើត អ្នកបោះដុំខោវអាវអូរឡាំពិកនោះ គាត់បានមកបោះដុំនៅក្នុងផ្សារ។ គាត់យកឱ្យម៉ូយនៅក្នុងផ្សារ ហើយគាត់មិនមែនបោះឱ្យតែមួយតូបឯណា គាត់ដើរសឹងគ្រប់តូប ហើយមុនដំបូងពួកខ្ញុំអត់ជឿដែរហ្នឹង។ គេនិយាយតែម្នាក់នោះ [តា]កុង ហេង គាត់ឆាតមកប្រាប់ គាត់នៅផ្សារហ្នឹង គាត់អត់ជឿទេ ហើយគាត់តេ [ទូរសព្ទ] ទៅគេបីបួននាក់ទៀត ដល់សួរបីបួននាក់ហ្នឹងទៅ គេថាកើតគ្រប់គ្នា»

ទោះជាយ៉ាងនេះក្តី អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់ វីអូឌី ថា គិតត្រឹមថ្ងៃទី១០ ខែ​មីនានេះ ខេត្តកំពង់ស្ពឺ មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នៅឡើយ​ទេ ខណៈរដ្ឋបាលខេត្តរង់ចាំលទ្ធផលធ្វើតេស្តទៅលើអាជីវករ១៧នាក់នេះសិន។

យ៉ាងណាក្តី ដោយស្ថានភាពចាំបាច់ លោកថា រដ្ឋបាលខេត្តបានជូនដំណឹងបន្ថែមនៅថ្ងៃនេះ ដោយសម្រេចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗទៀត រហូតដល់មានការជូនដំណឹងជាថ្មី។

ជំងឺកូវីដ១៩ ដែលផ្ទុះចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងរីករាលដាលពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងបណ្តា​ខេត្ត-ក្រុងផ្សេងទៀត។

នៅខេត្តកណ្តាល នៅថ្ងៃទី១០ ខែមីនានេះ បានសម្រេចបិទភូមិមួយស្ថិតនៅក្នុងស្រុកល្វាឯម បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ ដែលមានប្រភពចម្លងចេញពីគ្រួសារមួយមានទំនាក់ទំនងជាមួយគ្រូពេទ្យម្នាក់នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានផ្ទុកជំងឺកូវីដ១៩។

អភិបាលខេត្តកណ្តាល​ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ១៩ សរុប​ជាង៣០នាក់ និងជាង៦ ០០០នាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។

លោកមានប្រសាសន៍ថា៖ «អញ្ចឹងយើងសន្និដ្ឋានថា ក្រុមដែលទាក់ទងនឹងព្រឹត្តិការណ៍២០កុម្ភៈ​នេះ ជាគ្រួសារគាត់មួយមានលក្ខណៈធំ ព្រោះ៨៨នាក់​ វាឆ្លង៨នាក់ទៀតហើយ ហើយនៅម្តុំគ្នាគាត់ នៅភូមិវាលធំហ្នឹង។ អញ្ចឹងទេបានយើងសម្រេចចិត្តជាមួយក្រុមការងាររបស់យើងនៅឯស្រុក ជជែកគ្នាទៅ លើកយោបល់មកឱ្យខ្ញុំ ខ្ញុំមកត្រួតពិនិត្យទៅឃើញថា ដើម្បីចៀសវាងការឆ្លងរីករាលដាលខ្នាតធំដែលពិបាកយើងទប់ស្កាត់ អញ្ចឹងយើងក៏សម្រេចចិត្តចងខ្សែបិទនៅចំណុចភូមិវាលធំហ្នឹង។ មិនមែនបិទទាំងស្រុងទេ បិទនៅតំបន់គ្រប់គ្រងដែលគ្នាគាត់ប៉ះពាល់ហ្នឹង បាទ! បិទបណ្តោះអាសន្នសិន ដើម្បីយកសំណាកនេះទៅមើលទាំងអស់គ្នា»

សម្រាប់ខេត្តព្រៃវែងវិញ អាជ្ញាធរបានបិទសាលារៀនទាំងអស់​​នៅក្នុងស្រុកពាមរក៍ និងទីតាំងពាក់ព័ន្ធចំនួន៤កន្លែង បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ​ចេញពីគ្រូពេទ្យម្នាក់នៅក្នុងស្រុកនេះ។ បន្ថែមលើនេះ អាជ្ញាធរក៏បានយកអ្នកពាក់ព័ន្ធសរុបចំនួន២៦១នាក់ហើយ ដើម្បីយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ដោយឡែក សម្រាប់ខេត្តសៀមរាបវិញ បន្ទាប់ពីមានស្ត្រីម្នាក់អាយុ៣២ឆ្នាំម្នាក់ រស់នៅក្នុងឃុំសំរោងយ៉ា ស្រុកពួក ខេត្តសៀមរាប វិជ្ជមានកូវីដ១៩ អាជ្ញាធរខេត្តបានយកអ្នកពាក់ព័ន្ធដែលជាសាច់ញាតិរបស់អ្នកជំងឺជាង១០នាក់ ដាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។ នេះបើតាមការឱ្យដឹងពីលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ