អ្នក​បើក​បរ​១០​នាក់​​ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ព្យាយាម​ដឹក​មនុស្ស​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ

បុរសអ្នករត់តាក់ស៊ីម្នាក់ដែលបានលួចដឹកស្ត្រីជាជនជាតិចិនម្នាក់ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួន​​អ្នកបើកបររថយន្តតាក់ស៊ីនិងរថយន្តដឹកទំនិញចំនួន​១០នាក់ ក្រោយពេលពួកគេព្យាយាមលួចដឹកមនុស្សចេញពីខេត្តនេះ ដោយ​​បំពានបម្រាមរបស់រដ្ឋាភិបាល។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា ក្នុងចំណោមអ្នកបើកបរ​​រថយន្តឈ្នួលនិងរថយន្ត​ដឹកទំនិញ​ទាំង១០នាក់នោះ មាន៣នាក់ត្រូវបានអធិការនគរបាលស្រុកកំពង់សីលាឃាត់ខ្លួន ម្នាក់​ត្រូវបានអធិការនគរបាលស្រុកព្រៃនប់ឃាត់ខ្លួន និង៦នាក់ទៀតកំពុងស្ថិតនៅក្នុងការសាកសួររបស់អាជ្ញាធរស្រុកទាំងពីរ។

លោក​បន្តថា ក្នុងចំណោមពួកគេ៤នាក់ត្រូវបានជាប់ចោទពីបទ «ព្យាយាមគេចវេះពីទីតាំងប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក» ដែលដាក់នៅតាមព្រំប្រទល់ខេត្ត។

បើតាមអ្នកនាំពាក្យរូបនេះ ពួកគេនឹងទទួលរងពិន័យតាមមាត្រា១១ នៃអនុក្រឹត្យថ្មីលេខ២៧ ដែលនឹងពិន័យជាប្រាក់ពី ១០ ០០០ ០០០ រៀល ដល់ ៥០ ០០០ ០០០ រៀល។

លោក ឃាង ភារម្យ បញ្ជាក់​ថា៖ «ជារួម យើងមើលទៅលើករណីទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ជាថវិកាក្នុងការដឹកជម្លៀសចេញហ្នឹង ភាគច្រើនជាអ្នករត់តាក់ស៊ី។ អ៊ីចឹងមិនដឹងថា គាត់គិតយ៉ាងម៉េច? គាត់ទទួលបានការជូនដំណឹងដែលប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋនិងវិស័យឯកជន យើងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយណាស់ ហើយគាត់នៅតែប្រព្រឹត្តល្មើស»

យោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី​០៩ ខែមីនា​ អាជ្ញាធរស្រុកព្រៃនប់ បានឃាត់អ្នកបើកបរ​រថយន្តក្រឡុកស៊ីម៉ង់ត៍ម្នាក់ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ បន្ទាប់ពីគាត់​បានបន្លំដឹកអ្នកដំណើរម្នាក់ជាបុគ្គលិកបម្រើ​ការនៅកាស៊ីណូមួយកន្លែង ចេញពីគោលដៅខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត។

ដោយឡែក កាលពីយប់ថ្ងៃទី​០៨ ខែមីនា​ ក៏មានករណីម្ចាស់រថយន្តតាក់ស៊ីចំនួន០៣គ្រឿង បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យក្នុង​​ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយវាងទៅតាមផ្លូវល្បឿនលឿន​ ក៏ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា ឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

អ្នកបើកបរ​រថយន្តត្រូវបានឃាត់ខ្លួន រីឯអ្នកដំណើរនៅលើរថយន្ត៤ទៅ៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យវិលត្រឡប់ទៅវិញ។

រដ្ឋបាលខេត្តបន្តថា រីឯនៅក្នុងករណីដាច់ដោយឡែកមួយទៀត អ្នកបើកបររថយន្តតាក់ស៊ីដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់ដែរ កាលពីយប់ថ្ងៃទី៨ ខែមីនា។ យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីនោះ ខ្លួនទទួលបានប្រាក់៣០០ដុល្លារ ជាថ្នូរនឹងការដឹកស្ត្រីជនជាតិចិនរូបនេះ។ នៅក្នុងករណីនេះ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចភ្លាមៗ ដោយបណ្តេញស្ត្រីជនជាតិចិនរូបនេះ ចេញពីប្រទេសកម្ពុជា ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក ចំណែក​ឯតៃកុងរថយន្តឈ្នួលត្រូវបានពិន័យជាប្រាក់ពី១០លានរៀលដល់៥០លានរៀល។

កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ អាជ្ញាធរ​ខេ​​ត្តតា​​កែ​​វ ក៏​បានឃាត់ខ្លួនបុរស​ជនជាតិចិនចំនួន២ក្រុម មានគ្នា១៥នាក់ជាបន្តបន្ទាប់​ក្នុងរយៈពេលពីរថ្ងៃមកនេះ។ ដោយឡែក កាលពីយប់ថ្ងៃទី១០ ខែមីនា អាជ្ញាធររាជធានីភ្នំពេញ ក៏បានឃាត់រថយន្តមួយគ្រឿងដែលមានជនជាតិចិន៣នាក់ និងបុរសជនជាតិខ្មែរម្នាក់ បើកគេចចេញពីសមត្ថកិច្ច ដែលគេសង្ស័យថា មានជំងឺកូវីដ១៩។

លោក ឃាង ភារម្យ បានមានប្រសាសន៍បន្ថែមថា៖ «តាមការផ្សព្វផ្សាយក្នុងផេក [ទំព័រហ្វេសប៊ុក] រដ្ឋបាលខេត្តព្រះសីហនុ មានម្នាក់នោះយកពីគេបានដល់ទៅ៣០០ដុល្លារ ហើយតាក់​​ស៊ីខ្លះហ្នឹងយក៣០ដុល្លារ អ្នកខ្លះយក៤០ដុល្លារក្នុងម្នាក់អញ្ចឹងទៅ។ បើយើងមើលទៅដូចវាមិនច្រើនអីទេ​ ប៉ុន្តែបងប្អូនយើងទម្លាប់ថា គាត់ចូលចិត្តបំពាន អ្នកខ្លះ! ហើយបើយើងគិតពីទំហំទឹកប្រាក់ហ្នឹង វាមិនសមណាយើងធ្វើអញ្ចឹងសោះ! ចុះបើសិនអ្នកដែលយើងនាំចេញទៅ យើងខំប្រឹងដឹកទៅ ហើយគាត់មានផ្ទុកជំងឺកូវីដ១៩ ហើយយកទៅចម្លងអ្នកផ្សេងទៀតដែលគ្នាអត់ដឹងអីនោះ តើវានឹងមានសោកនាដកម្មអ្វីខ្លះ?»

ប៉ុន្តែអ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តព្រះសីហនុ បានកត់សម្គាល់ថា កត្តាជីវភាពនិងប្រាក់ចំណូលប្រចាំថ្ងៃ បានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះផង។

អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖ «អាជីវភាពប្រចាំថ្ងៃ ខ្ញុំគិតទៅវាមធ្យមទេ វាងំរឿងជំពាក់លុយធនាគារ ព្រោះអ្នកខ្លះតាមខ្ញុំដឹង គាត់ខ្ចីលុយធនាគារមកទិញរថយន្តឬបង់ប្រចាំខែអ៊ីចឹងទៅ។ អាហ្នឹងជាការលំបាក ព្រោះបើការហូបចុក គាត់អាចកាត់បន្ថយបាន អាហ្នឹងគួរតែរដ្ឋាភិបាល ហើយនិងខាងមីក្រូហិរញ្ញវត្ថុឯកជនហ្នឹង ជួយសម្រួលធ្វើយ៉ាងណាដើម្បីជួយពួកគាត់ផង»

កាលពីយប់ថ្ងៃទី៤ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបិទការធ្វើចរាចរណ៍ចេញនិងចូលនៅក្នុងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ ដោយលោកចាត់ទុកថា ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ នៅទីនោះ ស្ថិតនៅក្នុងស្ថានភាពអាក្រក់។​ គិតត្រឹមថ្ងៃទី១១ ខែមីនា ខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន១១៦នាក់ ក្នុងនោះមានស្រីចំនួន៤៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ