ប្រមុខ​រដ្ឋ​ស្តី​ទី​ស្នើ​​ព្រះ​មហាក្សត្រ​​បញ្ចប់​​គោរម​ងារ​ឧកញ៉ា​ ឌួង​ ឆាយ​ ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ភរិយា​

លោក ឌួង ឆាយ អំឡុងពេលចូលរួមពិធីសប្បុរសធម៌មួយកាលពីខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Duong Chay ឌួង ឆាយ)

ប្រមុខរដ្ឋស្តីទី បានទូលថ្វាយ​សំណើ​ទៅព្រះមហាក្សត្រ​ ដើម្បីសុំបញ្ចប់​គោរមងារ«ឧកញ៉ា»ពីលោក ឌួង ឆាយ ក្រោយពីបែកធ្លាយវីដេអូឃ្លីប​ដែលបង្ហាញពីសកម្មភាពឧកញ៉ារូបនេះបានប្រើប្រាស់ហិង្សា​លើ​អតីតភរិយារបស់​ខ្លួន នៅលើ​បណ្តាញសង្គម​។

ក្នុងលិខិតរបស់ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ថ្វាយទៅព្រះមហាក្សត្រនៅថ្ងៃនេះ បាន​ស្នើ​សុំ​ព្រះរាជមេត្តាប្រោស​ប្រទាន​ព្រះ​​រាជ​តម្រិះ តាម​សំណើ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុ​ន សែន កាលពីថ្ងៃទី១៦ ខែមីនា ម្សិលមិញ ដើម្បីសុំបញ្ចប់គោរមងារ«ឧកញ៉ា»ពីលោក ឌួង ឆាយ ។

ទោះជាយ៉ាងណា ក្នុងលិខិតនោះមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្នើសុំនេះទេ។

នៅថ្ងៃនេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ​ដោយ​ថ្កោលទោសចំពោះ ឧកញ៉ា ឌួង ឆាយ ដែលប្រើអំពើហិង្សាក្នុងគ្រួសារ លើអតីតភរិយារបស់​ខ្លួនគឺ​អ្នកស្រី ដេត ម៉ាលីណា ដែលវីដេអូនៃការប្រើហិង្សា​នោះត្រូវបានអ្នកស្រីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួង​បាន​ចាត់ទុកអំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាពណាក៏ដោយ ជាអំពើមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន។ រីឯជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសង្គម ហើយអ្នកដែលប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួងកិច្ចការនារី បញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ​នាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ បញ្ញាស្មារតី រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ហើយនៅពេលពួកគេធំឡើង អាចជំរុញឱ្យពួកគេបង្កហិង្សាផងដែរ។ ករណីនេះ ក្រសួងថា ឪពុកម្តាយគ្រប់រូបត្រូវចេះរកដំណោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រួសារ និងអប់រំថែរក្សាកូន លើកកម្ពស់ការពារសិទ្ធិកុមារនិងស្ត្រី ដើម្បីឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ។

បន្ថែមពីនេះ ក្រសួងក៏បាន​លើកទឹកចិត្តដល់ជនរងគ្រោះដោយអំពើហិង្សា អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស អំពើរំលោភបំពាននិងបៀត​បៀនផ្លូវភេទគ្រប់ទម្រង់ ជាពិសេសស្ត្រី និងកុមារ ត្រូវបង្ហាញជាសាធារណៈ និងស្វែងរកិច្ចអន្តរាគមន៍ ជំនួយផ្នែកច្បាប់ (មេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល) តាមរយៈការរាយការណ៍ទៅអាជ្ញាធរនៅមូលដ្ឋានជិតបំផុត ឬមន្ត្រីកិច្ចការនារីទាំង២៥រាជធានី-ខេត្ត ឬហ្វេសប៊ុករបស់ក្រសួង ដើម្បីជួយរកដំណោះស្រាយនិងយុត្តិធម៌ឱ្យជាដើម។

វីអូឌី មិនអាចសុំការបំភ្លឺពីឧកញ៉ា ឌួង​ ឆាយ បានទេនៅថ្ងៃនេះ។

ប៉ុន្តែឧកញ៉ា ឌួង ឆាយ បានបកស្រាយតាមរយៈការឡាយ (Live) នៅលើទំព័រ​ហ្វេសប៊ុករបស់លោក កាលពីព្រឹកម្សិលមិញថា រូបលោក​​ទទួលស្គាល់កំហុស​ថា ​ពិត​ជា​បានប្រើអំពើហិង្សាលើអតីត​ភរិយារបស់គាត់​ពិតមែន ប៉ុន្តែ​រឿងនោះជារឿងចាស់កាលពីចុងឆ្នាំ២០២០ ពីព្រោះក្រោយពីបង្កហិង្សា ពួកគេបានសម្រេចចិត្តលែងលះគ្នា។

លោក ឌួង ឆាយ ថ្លែងទៀតថា ដើមចមដែលនាំឱ្យរូបលោក​ប្រើអំពើហិង្សាលើអតីតភរិយាកន្លងមកនោះ ដោយសារតែរឿងជម្លោះផ្ទៃក្នុងគ្រួសារ ហើយអតីតភរិយា​បានរឹតត្បិតសេរីភាពរបស់លោក​ជាដើម។

លោកបកស្រាយដូច្នេះថា៖ «បើសិនជាមិនមានជនទី៣ បងប្អូនពូមីង​ពិចារណាទៅ មនុស្សស្រីដាច់ចិត្តលែងប្តីខ្លួនឯង ដោយប្តីខ្លួនឯងមិនទាន់ប្រើហិង្សាមកលើយើង​ជាលើកចុងក្រោយផងហ្នឹង។ មិនមែនលែងខ្ញុំមុនខ្ញុំប្រើហិង្សាលើគាត់ផង ដោយសាររឿងឱ្យខ្ញុំទៅក្រៀវ ដោយសារវិបត្តិសេដ្ឋកិច្ច ដោយសារគាត់ទទួលបន្ទុកក្នុងគ្រួសារមួយរយៈខ្លី ចូលប៉ុន្មានខែហ្នឹង។ មនុស្សស្រី បើមិនមានអ្នកណានៅពីក្រោយ មិនមានបង្អែករឹងមាំគ្រប់គ្រាន់ មិនអាចធ្វើរឿងនេះបានទេ បងប្អូន»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃនេះ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលតាមដានករណីនេះ មានប្រសាសន៍ថា បើ​សិន​ជា​មាន​ការបញ្ចប់គោរមងារ ឧកញ៉ា ឌួង ឆាយ ជាគំរូល្អសម្រាប់សង្គមជាតិ។ ប៉ុន្តែលោកស្រីស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ មុននឹងផ្តល់គោរមងារដល់ឧកញ៉ាណាមួយ មិនត្រូវគិតពីរឿងទ្រព្យសម្បត្តិជួយជាតិតែមួយមុខទេ គឺត្រូវសិក្សាឱ្យបានច្បាស់លាស់ពីសីលធម៌ ចំណេះដឹង ការជួយសង្គមជាតិ ជាដើម ដើម្បីកុំឱ្យមានរឿងកើតឡើងដូចករណីឧកញ៉ា ឌួង ឆាយ នេះ។

លោកស្រី ចក់ សុភាព ក៏បាន​ស្នើ​ស្ថាប័នពាក់ព័ន្ធ ជាពិសេសតុលាការ ត្រូវធ្វើការស្រាវជ្រាវនិងចាត់វិធានការច្បាប់ដល់អ្នកដែលបង្កហិង្សាលើស្ត្រី ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកស្រីមានប្រសាសន៍ថា៖ «ពិតជាមានការប្រើប្រាស់អំពើហិង្សាបែបនេះមែន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសព្រះរាជអាជ្ញា គួរតែធ្វើកិច្ចការងារទៅតាមនីតិវិធីច្បាប់ដែរ។ ខ្ញុំឃើញមានការជជែកខ្លះ មានសេចក្តីថ្លែងការណ៍ ជាពិសេសចេញពីក្រសួងកិច្ចការនារី ជាដើម ដែលលើកទឹកចិត្តឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹង។ ប៉ុន្តែបើយើងមើលពីនីតិវិធីច្បាប់ នៅពេលដែលមានករណីព្រហ្មទណ្ឌបែបនេះ ហើយមានការរំលោភបំពានជាហិង្សាផ្អែកលើយេនឌ័រនេះ មិនមែនចាំទាល់តែជនរងគ្រោះចេញមុខមកប្តឹងផ្តល់នោះទេ ជាពិសេសខាងក្រសួងកិច្ចការនារីផ្ទាល់ ក៏គួរតែមានតួនាទីចូ​​លរួមចំណែក​ក្នុងការជំរុញឱ្យមាននីតិវិធីទៅតាមផ្លូវច្បាប់ដែរ »៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ