រដ្ឋាករ​ទឹក​ ស្នើ​ពលរដ្ឋ​នៅ​កណ្តាល​ក្រុង​​​សន្សំ​សំចៃ​ទឹក​ដើម្បី​ឱ្យ​អ្នក​ជាយ​ក្រុង​មាន​ប្រើ​ដែរ​

បន្ទប់ផ្ទះជួលមួយកន្លែងដែលគេហៅថា ផ្ទះ ឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅកណ្តាលរាជធានីប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងអាចទទួលបានទឹកប្រើប្រាស់ ពិសេសនៅក្នុងរដូវប្រាំងនេះ។

តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ២០២១នេះ ដោយ​រដ្ឋាករស្វយ័ត​ក្រុងភ្នំពេញ បានពន្យល់​ថា ការប្រើប្រាស់ទឹកនៅក្នុងរដូវប្រាំងនេះ អាចមានការខុសគ្នានៃសម្ពាធទឹកខ្លាំងឬ​ខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែមួយ ដែលមានន័យថា តម្រូវលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឱ្យសម្ពាធទឹកនៅតាមតំបន់ជាយក្រុង នឹងបន្តធ្លាក់ថមថយចុះជាងពេលមុន ឬក៏ត្រូវប្រឈមខ្វះទឹកប្រើប្រាស់តែម្តង។

បើតាមសេចក្តីជូនដំណឹងនេះ ប្រជាពលរដ្ឋប្រមាណជា​ ៤០ ០០០គ្រួសារ ដែលរស់នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដូចជា ភូមិខ្លះនៃសង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់​ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករការ សង្កាត់កន្ទោក សង្កាត់ស្នោរ សង្កាត់ត្រពាំងក្រសាំង និង​សង្កាត់សំរោងក្រោម កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

អ្នកស្រី អេង គឹមនាង អាជីវករលក់បាយនៅសង្កាត់ផ្សារចាស់ បានគាំទ្រចំពោះការអំពាវនាវនេះ ខណៈដែលគ្រួសាររបស់អ្នកស្រីបានសន្សំសំចៃក្នុងការប្រើប្រាស់ទឹកនេះស្រាប់រួចទៅហើយនោះ។

អ្នកស្រីបានមានប្រសាសន៍ដូច្នេះថា៖ «អត់ទេ! រាល់ថ្ងៃហ្នឹង ដូចកំណត់ថាប្រើអត់ខ្ជះខ្ជាយទេ ព្រោះយើងដឹងថាទឹកវាសំខាន់។ និយាយទៅ រដ្ឋាករទឹកអំពាវនាវអញ្ចឹងល្អ​ ចង់និយាយ​ថា យើងមាន​ភាព​សន្សំ​សំចៃ ហើយមួយទៀត យើងសន្សំសំចៃទៅ ណាមួយជួយកាត់បន្ថយការចំណាយរបស់យើងដែរ ដូចថាយើងសន្សំសំចៃទៅ យើងប្រើអស់តិច អញ្ចឹងលុយក៏អស់តិច​​ដែរ»។

ប៉ុន្តែប្រធានសមាគមស្ត្រីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា បានថ្លែងថា ការអំពាវនាវនេះទំនងជាមិនទទួលផលច្រើននោះទេ ដោយសារ​​ធ្វើឡើងចំពេលដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​ កំពុងមានតម្រូវការទឹកប្រើប្រាស់ច្រើន ខណៈពេល​ដែល​ពួកគាត់​ត្រូវសម្ងំនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ខ្លាចជំងឺកូវីដ-១៩។

កញ្ញាបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឯកភាពគាំទ្រចំពោះការអំពាវនាវនិងការស្នើសុំឱ្យប្រជាពលរដ្ឋ [សន្សំសំចៃ] ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំជឿជាក់ថា ការប្រើប្រាស់នៅតែកើនឡើងលើសពីមុន ដោយសារពួកគាត់នៅផ្ទះ ហើយផ្ទះនៅភ្នំពេញក្តៅណាស់។ ដោយខ្ញុំដើរផ្ទាល់ម្សិលមិញតាមផ្ទះជួលនៅស្ទឹងមានជ័យ ផ្ទះគាត់តូចៗ ជាប់ៗគ្នា ហើយបន្ទប់ទឹកនៅក្នុងហ្នឹង ហើយគាត់ថា បើគាត់ទៅធ្វើការបាត់ៗ គាត់ងូតទឹកតែ១ថ្ងៃពីរដងទេ ព្រលឹមចេញ ព្រលប់​ចូល តែដល់ទៅគាត់នៅផ្ទះអញ្ចឹង មួយថ្ងៃគាត់ងូត៤ទៅ៥ដងក្នុង១ថ្ងៃ ព្រោះផ្ទះវាក្តៅ ហើយការប្រើប្រាស់វាច្រើនជាង»។

កាលពីដើមខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សន្សំសំចៃ​ការប្រើប្រាស់ទឹកនៅក្នុងអំឡុងខែប្រាំងនេះដែរ។

លោក​មានប្រសាសន៍ថា រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន ត្រូវការ​ទឹក​ប្រើប្រាស់​ប្រមាណ​ជាង ៧០០ ០០០​ម៉ែត្រគូប ក៏ប៉ុន្តែការផលិត​បាន​ត្រឹមតែ​ជាង ៦០០ ០០០​​ម៉ែត្រគូប​ប៉ុណ្ណោះ ពោល​គឺ​នៅ​ខ្វះ​ប្រមាណ ១៥០ ០០០ម៉ែត្រគូប។

អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោ​ក ស៊ឹម ស៊ី​ថា មិនអាចទាក់ទងសុំការពន្យល់បន្ថែមចំពោះការខ្វះខាតទឹកប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញនេះបានទេ ដោយអះអាងថា កំពុងជាប់ប្រជុំ។

យ៉ាងណាក្តី ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពន្យល់ថា ស្ថិតនៅក្នុងបរិបទមួយដែលរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿន ក្នុងនោះកំណើនប្រជាពលរដ្ឋក៏កើនឡើងជាបន្តបន្ទាប់ ខណៈសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗផងនោះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវសាងសង់រោងចក្រផលិតទឹកថ្មីៗ និងពង្រីកការងារដាក់បំពង់មេចែកចាយទឹកបន្ថែមទៀត។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ផលិត​ទឹក​ស្អាត​បាក់ខែង ដែលគេរំពឹងថា រោងចក្រផលិតទឹកស្អាតដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​ប្រមាណ​ជា ៤០០ ០០០ម៉ែត្រគូប​ក្នុង​មួយថ្ងៃ នឹងត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២៤ខាងមុខ​។

រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ បានធានាដែរថា ការផ្គត់ផ្គង់ទឹកស្អាតនិងមានអនាម័យ​ជូនដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជនឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០២៥ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ