សាលា​ដូង​នៅ​ខេត្ត​កំពង់ស្ពឺ​បន្ថយ​ទទួល​សំរាម​ពី​សិស្ស​

សិស្សរៀននៅសាលាដូង ឈរគោរពទង់ជាតិ មុននឹងចូលរៀននៅពេលព្រលឹម។ (ហ្វេសប៊ុក៖ Coconut School Foundation)

ស្ថាបនិកសាលាដូង នៅក្នុងខេត្តកំពង់ស្ពឺ ដែលទទួលយកសំរាមពីសិស្សជំនួសឱ្យថ្លៃបង់សាលានោះ បានសម្រេចបន្ថយការទទួល ដោយបញ្ជាក់ថា សំរាមមានចំនួនច្រើនពេកកែច្នៃមិនទាន់។​

លោក អ៊ុក វណ្ណដេ ជាស្ថាបនិកសាលាដូង នៅរមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ ថ្លែងថា លោកសម្រេចបន្ថយការយកសំរាមពីសិស្ស ដោយសារបរិវេណសាលាចង្អៀត ម្យ៉ាងទៀតការកែច្នៃសំរាមដើម្បីរៀបចំធ្វើជាសាលារៀននេះចំណាយពេលយូរ។​

មូលហេតុមួយទៀតដែលនាំឱ្យលោកកាត់បន្ថយការទទួលយកសំរាមពីសិស្សនេះ លោកថា អ្នកទេសចរនិងប្រជាសហគមន៍រស់នៅក្បែរនោះមិនយល់ពីគោលបំណងរបស់លោកដែលទទួលយកសំរាមពីសិស្សនេះ គឺលោកចង់ឱ្យប្រជាពលរដ្ឋចេះកាត់បន្ថយនិងកែច្នៃសំរាមប្រើប្រាស់ឡើងវិញក្នុងជីវភាពរស់នៅជួយដល់បរិស្ថាន។​

លោក អ៊ុក វណ្ណដេ បន្តថា អ្នកទេសចរនិងប្រជាសហគមន៍នៅក្បែរនោះនៅតែបន្តចោលសំរាម ទោះជាលោកបង្កើតសាលានេះ និងព្យាយាមអប់រំពីការកាត់បន្ថយនិងកែច្នៃសំរាមរយៈពេល៣ឆ្នាំហើយក៏ដោយ ដូច្នេះទើបពេលនេះលោកផ្តោតគោលដៅតែលើការអប់រំកុមារជាសិស្សរបស់លោក។​

លោក អ៊ុក វណ្ណដេ៖ «យើងមិនអាចផ្លាស់ប្តូរអ្នកទេសចរបាន ប៉ុន្តែយ៉ាងហោចក៏ខ្ញុំអាចធ្វើចលនាពីក្មេងតូចៗឱ្យគាត់កាត់បន្ថយការប្រើប្រាស់សំរាម ក្មេងតូចៗដែលខ្ញុំបង្រៀនភាគច្រើនគាត់យល់ថា គាត់ទៅណាគាត់មិនដាក់ប្លាស្ទិក គាត់កាន់ដៃបាន គាត់កាន់! ផឹកអីអញ្ចឹង បើគាត់អត់ត្រូវការទុយោ គាត់អត់យកទេ ទៅដាក់សំរាមនៅក្នុងធុង គាត់ចេះហើយ វាជាជាងចាស់មួយចំនួនដែលគាត់អត់ចេះដាក់សំរាមក្នុងឡាន ចេះតែបោះចោលចេញមករហូតអញ្ចឹង»

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានមានប្រសាសន៍ថា ដើម្បីអាចកាត់បន្ថយសំរាមបាន ប្រជាពលរដ្ឋត្រូវរៀបចំញែកសំរាមជាផ្នែក ដើម្បីអាចងាយស្រួលយកមកកែច្នៃឡើងវិញ ដូចជា សំណល់ផ្ទះបាយ សំណល់ជ័រប្លាស្ទិកនិងដបកំប៉ុង ហើយនិងសំណល់គ្រោះថ្នាក់ និងត្រូវព្យាយាមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិក។

លោក នេត្រ ភក្ត្រា៖ «សំណល់ប្លាស្ទិកនេះ សុំឱ្យប្រជាពលរដ្ឋគាត់អាចប្រើប្រាស់គោលការណ៍ “៤អ៊ែរ” [ទី]១ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទី២ ការប្រើប្រាស់ឡើងវិញនូវប្លាស្ទិក ទី៣ ការកែច្នៃឡើងវិញនូវប្លាស្ទិក និងទី៤ ការបដិសេធមិនប្រើប្លាស្ទិកតែម្តង តែបើសិនយើងមិនអាចចៀសវាងបានទេ ធ្វើម៉េចអនុវត្តនូវគោលការណ៍មួយ គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងការប្រើប្រាស់ឡើងវិញ ចៀសវាងការប្រើប្រាស់ម្តងបោះចោល ដែលបង្កើតឱ្យមានសំរាមច្រើន»

បើតាមលោក អ៊ុក វណ្ណដេ សាលាដូង ដែលបង្កើតឡើងនៅក្នុងរមណីយដ្ឋានគិរីរម្យ នៅក្នុងខេត្តកំពង់ស្ពឺ មានរយៈពេល៣ឆ្នាំមកហើយ លើទំហំដី១ហិកតា ដែលបច្ចុប្បន្ន ផ្ទុកសំរាមប្រមាណ៣តោន​។ លោកបង្រៀនភាសាខ្មែរ និងភាសាអង់គ្លេស ក្នុងកម្រិតបឋមសិក្សាដល់កុមារចំនួន៧៥នាក់។ លោកទទួលយកសំរាមពីសិស្ស ៥០សំរាម ក្នុង១ខែ ដើម្បីមកដូរក្នុងការសិក្សា ដែលមានសំរាម៨ប្រភេទ ដូចជា ដប អំបែង កំប៉ុង ដបប្លាស្ទិក កង់ឡាន គម្របដប ថង់ប្លាស្ទិក និងទុយោបំពង់បឺត៕​

 អត្ថបទដោយ នង មៃ ចរីយា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ