ព្រះសង្ឃ យុវជន សកម្មជនព្រៃឈើ និងប្រជាសហគមន៍ ដែលអះអាងថាជាអ្នកស្រឡាញ់បរិស្ថាន បាននាំគ្នាធ្វើយុទ្ធនាការបង្ហាញក្តីបារម្ភពីការបាត់បង់ព្រៃឈើ ខណៈអាជ្ញាធរនៅតែបន្តហាមឃាត់ពួកគេចុះល្បាតនៅតំបន់ការពារមួយចំនួន។
ពួកគេបានធ្វើយុទ្ធនាការតាមបណ្តាញសង្គមរយៈពេល៣សប្តាហ៍ហើយគិតមកដល់ថ្ងៃចន្ទនេះ។ ព្រះសង្ឃ យុវជន សកម្មជនព្រៃឈើ និងប្រជាសហគមន៍ បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនដោយដាក់រូបឈរលើកបដាភ្ជាប់នឹងរូបភាពដើមឈើដែលត្រូវបានកាប់ និងសារ «ចូលល្បាតព្រៃដោយសេរី ចាប់ខ្លួនអ្នកកាប់ឈើ និងមិនត្រូវចាប់អ្នកការពារព្រៃឈើ» ជាដើម។
បុគ្គលិកផ្នែកតស៊ូមតិ នៃគម្រោងការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា ដែលបានផ្សព្វផ្សាយជាច្រើនអំពីការទាមទារ និងការស្នើសុំចូលល្បាតព្រៃសហគមន៍ និងព្រៃនៅតំបន់ការពារវិញនោះ បាននិយាយថា មូលហេតុដែលពួកគេទាមទារឱ្យមានការចុះល្បាតព្រៃ ដោយសារតែពួកគេបារម្ភពីការបាត់ព្រៃឈើនៅតំបន់ការពារ។
លោក សាន់ ម៉ាឡា បន្តថា ក្រោយពេលក្រសួងបរិស្ថាន ហាមឃាត់សកម្មជនព្រៃឈើ និងអង្គការសង្គមស៊ីវិលមួយចំនួនមិនឱ្យចុះល្បាតព្រៃក្នុងតំបន់ការពារនោះ លោកបានទទួលព័ត៌មានមួយចំនួនពីពលរដ្ឋនៅមូលដ្ឋានឬប្រជាសហគមន៍ថា សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ តំបន់ព្រៃព្រះរការ និងតំបន់ផ្សេងទៀត បានបន្តកើតមានជារៀងរាល់ថ្ងៃ។
លោកបន្ថែមថា៖ «បើសិនជាក្រសួងបរិស្ថាន គិតថា សកម្មភាពរបស់ពួកយើងធ្វើឡើងក្នុងចេតនានយោបាយ តើគាត់អាចឱ្យធាតុផ្សំណាមួយដែលគាត់រកឃើញថាជាសកម្មភាពធ្វើឡើងក្នុងចេតនានយោបាយបានទេ។ ហើយបើសិនជាអ្វីដែលយើងធ្វើហ្នឹង ប្រាសចាកអំពីផ្លូវច្បាប់ គាត់អាចរៀបចំពាក្យបណ្តឹងចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់ទៅ។ ប៉ុន្តែត្រឡប់មកការងារព្រៃឈើវិញ ជំនួសឱ្យការមិនទទួលស្គាល់ការពិត ក្រសួងគួរតែយកពេលវេលាដ៏មានតម្លៃទាំងអស់ហ្នឹងធ្វើការស៊ើបអង្កេតរកឧក្រិដ្ឋជនដែលនៅពីក្រោយវិញ»។
បណ្តាញព្រៃឡង់ខេត្តកំពង់ធំ លោក សុខ ប្លោក មានប្រសាសន៍ថា ចាប់តាំងពីអាជ្ញាធរហៅឱ្យធ្វើកិច្ចសន្យាឈប់ឱ្យចូលធ្វើសកម្មភាពក្នុងតំបន់ព្រៃឡង់មក រូបលោកនិងបណ្តាញព្រៃឡង់ផ្សេងទៀតមិនបានចូលល្បាតព្រៃដូចមុនទៀតឡើយ ប៉ុន្តែលោកថា តាមរយៈប្រជាសហគមន៍ចូលទៅយកឃ្មុំ ឬរកអនុផលព្រៃឈើផ្សេងទៀតនោះ គឺបានរាយការណ៍ពីសកម្មភាពរុករានព្រៃធ្វើចម្ការ និងការកាប់ឈើក្នុងតំបន់ព្រៃឡង់ នៅតែបន្តកើតមានជាហូរហែ។
បណ្តាញសហគមន៍ព្រៃឡង់រូបនេះ បន្តថា ប្រសិនបើឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យបណ្តាញសហគមន៍ យុវជន និងអង្គការសង្គមស៊ីវិល បានចូលរួមចុះល្បាតដោយសេរីនោះ គឺបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ និងតំបន់ការពារផ្សេងទៀត នឹងកាត់បន្ថយ។
លោកបន្ថែមថា៖ «បទល្មើសនៅពេលដែលយើងចូលល្បាត ដាច់ខាតត្រូវតែដកថយហើយ។ នៅពេលដែលយើងចុះល្បាត៣យប់៤ថ្ងៃហ្នឹង បទល្មើសកាប់ឈើអត់ធ្វើសកម្មភាពយ៉ាងតិចក៏៥ថ្ងៃដែរ។ អញ្ចឹងបើ១ខែ យើងចូល២ដង អញ្ចឹងវា១០ថ្ងៃហើយ។ ចុះនៅខាងមន្ត្រីបរិស្ថាន ចុះល្បាតចូល១ខែ២ដងទៅ៣ដងទៀត អញ្ចឹងការការពារព្រៃឈើហ្នឹង វារឹតតែល្អប្រសើរថែមទៀត»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វីអូឌីថា បច្ចុប្បន្ន បទល្មើសព្រៃឈើនៅមានតែលក្ខណៈទ្រង់ទ្រាយតូចៗតែប៉ុណ្ណោះ។ លោកថា ក្រសួងបរិស្ថាន ស្វាគមន៍គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមការពារព្រៃឈើក្នុងតំបន់ការពារ ប៉ុន្តែសុំឱ្យស្ថាប័នទាំងនោះជាស្ថាប័នដែលទទួលស្គាល់ដោយផ្លូវច្បាប់។
លោកបន្ថែមថា៖ «អង្គការសង្គមស៊ីវិលមួយចំនួនមានជំងឺតួឯកខាងធនធានធម្មជាតិ កុំព្យាយាមបំពានច្បាប់ និងលើកទឹកចិត្តក្រុមអ្នករំលោភច្បាប់។ ទង្វើរបស់ក្រសួងបរិស្ថាន ពុំមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ឡើយ»។
គិតមកទល់ពេលនេះ មានរយៈពេល២ឆ្នាំហើយដែលអាជ្ញាធរ និងក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យបណ្តាញព្រៃឡង់ និងអង្គការមួយចំនួន ចុះល្បាតព្រៃឡង់ ក្រោមហេតុផលថា អង្គការ សហគមន៍ និងបណ្តាញព្រៃឡង់ទាំងនោះ ពុំមានច្បាប់អនុញ្ញាត ខណៈដែលច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា២៩ ចែងថា ពលរដ្ឋមានសិទ្ធិនិងករណីកិច្ចក្នុងការចូលរួមស្តារ ការពារ និងអភិរក្សធនធានធម្មជាតិ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែងពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ទាំងនោះដោយគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ។
នៅក្នុងខែមីនា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការបាត់បង់ព្រៃឈើ និងការរឹតត្បិតមិនឱ្យប្រជាពលរដ្ឋកម្ពុជាចូលក្នុងតំបន់ការពារ។
សហរដ្ឋអាមេរិក បន្តថា ខ្លួននៅតែបន្តធ្វើការដោយផ្ទាល់ជាមួយបណ្តាញព្រៃឡង់ និងក្រសួងបរិស្ថាន ក្នុងការគាំទ្រកិច្ចពិភាក្សា ដើម្បីឱ្យពួកគេអាចធ្វើការជាមួយគ្នាក្នុងគោលដៅការពារព្រៃឡង់រួមគ្នា។
ប៉ុន្តែបើតាមលិខិតចំហមួយរបស់បណ្តាញព្រៃឡង់ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដែលផ្ញើទៅ USAID ប្រចាំកម្ពុជា បានលើកឡើងថា USAID មិនដែលគាំទ្រលើពួកគេនោះទេ ខណៈដែលក្រសួងបរិស្ថាន បានគំរាមចាប់ខ្លួនសមាជិកបណ្តាញព្រៃឡង់ ដោយសារតែពួកគេបន្តប្រើរូបភាពផ្កាយរណប ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់៕