យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនា​ការ​ស្នើ​​រដ្ឋ​ជួយ​អន្តរា​គមន៍​ផ្អាក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ធនាគារ​បណ្តោះ​អាសន្ន​

ក្រុមយុវជនស្ត្រីដើម្បីសង្គម និងស្ត្រីពីររូបផ្សេងទៀតដែលរស់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ លើកបដាសរសេរក្នុងន័យសុំអន្តរាគមន៍លើថ្លៃទឹកដែលប្រើប្រចាំថ្ងៃ ដើម្បីសម្រួលឱ្យមានការបន្ធូរបន្ថយអំឡុងកូវីដ-១៩រាតត្បាត។ (ហ្វេសប៊ុក៖ ក្រុមយុវជនស្ត្រីដើម្បីសង្គម)

យុវជនមួយក្រុមកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ កម្មករ កម្មការិនី និងពីយុវជននានា ដើម្បីដាក់សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរា​គមន៍​លើកលែង​ការបង់ថ្លៃទឹក ភ្លើង និងជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រាក់កម្ចីធនាគារមួយរយៈពេលក្នុងអំឡុង​វិបត្តិ​ជំងឺកូវីដ-១៩។

កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គម បានថ្លែងថា យុទ្ធនាការនេះបានធ្វើចាប់តាំងពីថ្ងៃទី១២ ខែមីនាមក ដោយក្រុមយុវជនមួយចំនួន​បានដើរប្រមូលស្នាមមេដៃពីប្រជា​ពលរដ្ឋ និងកម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានចំនួនជាង២០០នាក់ហើយ គិតត្រឹមថ្ងៃទី២២ មីនានេះ។

កញ្ញាបន្តថា យុទ្ធនាការនេះគឺដើម្បីស្នើសុំដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលកំពុងតែជួយបញ្ហាប្រឈមមួយចំនួនក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩នេះ។

កញ្ញាបញ្ជាក់ថា សំណើទាំងនោះរួមមាន ស្នើសុំឱ្យជួយបញ្ចុះថ្លៃប្រេងសាំង ធ្វើសេចក្តីប្រកាស​សម្រួលជាមួយម្ចាស់ផ្ទះជួល ម្ចាស់កន្លែងជួលបើករកស៊ីទាំងអស់ ឱ្យបញ្ចុះតម្លៃថ្លៃបន្ទប់ តូប ឬផ្ទះជួល ឱ្យនៅសល់ត្រឹមតែពាក់កណ្តាលក្នុងរយៈពេលបណ្តោះអាសន្នពី៣ខែទៅ៦ខែ ស្នើសុំឱ្យផ្អាកការបង់ការប្រាក់ធនាគារមួយរយៈពេលសិន និង​ស្នើសុំឱ្យជួយសម្រួល ឬលើកលែងការបង់ថ្លៃទឹក ថ្លៃភ្លើង ឱ្យ​នៅក្នុងតម្លៃមួយដែលប្រជាជនទទួលយកបាន។

កញ្ញា កែវ ទិត្យលីដា បានមានប្រសាសន៍ថា៖ «តាមពិតទៅ ខាងសមាគមផ្ទាល់ គ្រោងស្នើសុំតែរឿងទឹកនិងភ្លើងទេ ប៉ុន្តែដោយសារពលរដ្ឋនិងប្អូនៗសិស្សនិស្សិតហ្នឹង គាត់ថាស្នើសុំឱ្យបាន៤ចំណុចទៅ ដើម្បីឱ្យស្របហ្នឹងពាក្យថា ៣កុំ ៣ការពារ និង៤ស្នើសុំហ្នឹង។ អញ្ចឹងបើ៤ចំណុចហ្នឹង បើគាត់ជួយចំណុចណាមួយ ក៏វាជាភាពអស្ចារ្យរបស់ប្រជាពលរដ្ឋដែរ គឺជួយពលរដ្ឋនៅក្នុងគ្រាលំបាក»

លោក ពេជ្រ តុលា យុវជនរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងគាំទ្រចំពោះយុទ្ធនាការនេះ។

លោកបានថ្លែងថា៖ «អញ្ចឹងអ្វីដែលយើងធ្វើទៅបាននេះ ធ្វើញត្តិនេះ ដែលជាសំណូមពររបស់ខ្ញុំនិងបងប្អូនស្ត្រីហ្នឹង គឺខ្ញុំប្រជាពលរដ្ឋ ខ្ញុំពេញចិត្ត ហើយខ្ញុំគាំទ្រគាត់ នូវអ្វីដែលពួកគាត់ធ្វើ គឺមិនមែនប្រឆាំងនោះទេ យើងធ្វើនេះគឺគេហៅថា យើងជួយរកដំណោះស្រាយ ដើម្បីជួយគ្នាទៅវិញទៅមក។ ដូច្នេះ​ យើងធ្វើហ្នឹងមិនមែនថាចង់សម្លាប់ខាងរដ្ឋាករទឹកឬមួយអគ្គិសនីទេ គឺយើងធ្វើឱ្យ​មានដំណោះស្រាយមួយកណ្តាល! តើគាត់អាច​ជួយបន្ធូរបន្ថយថ្លៃទឹកភ្លើងបន្តិចបន្តួចឬយ៉ាងម៉េច? រយៈពេល៣ខែឬ៦ខែ? ឬមួយយក៥០% ​ ឬឱ្យ​ចុះ៧០%?»

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនអាចទាក់ទងសុំការឆ្លើយតបបាននៅឡើយទេ។

យ៉ាងណាក្តី លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសកម្មភាពយុទ្ធនាការក្រុមយុវជនទាំងនេះថា ជាសកម្មភាពខុសច្បាប់ និងស្នើសុំឱ្យបញ្ឈប់ធ្វើសកម្មភាពយុទ្ធនាការនេះទៅវិញ។

លោកបានមានប្រសាសន៍ដូច្នេះថា៖ «ទី១ រដ្ឋាភិបាលបានគិត ដើម្បីដោះស្រាយសម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែសម្រាប់អាទិភាពធំបំផុតហ្នឹង គឺការប្រឆាំងនិងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍។ ទី២ ជាគោលនយោបាយហ្នឹង គឺយើងរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើយើងដាក់លុយចូលទៅក្នុងសង្គម ឬធ្វើឱ្យមានការរំខានដល់ប្រក្រតីភាពនូវអ្វីដែលជាចរន្តនៃប្រាក់កាសរបស់យើងហ្នឹង វាបង្កើតបាននូវសេដ្ឋកិច្ច ពិសេសតម្លៃនៃទឹកប្រាក់របស់យើងហ្នឹងឯង។ ដូច្នេះ កំពុងសិក្សា កំពុងស្ទាបស្ទង់ តើធ្វើម៉េចដើម្បីយើងរស់ទាំងអស់គ្នា រួមទាំងទីផ្សារសេរីទាំងអស់គ្នាផង។ រីឯយុវជនដែលខំប្រឹងប្រែងដើរប្រមូលហត្ថលេខា អាហ្នឹងជារឿងមិនស្របច្បាប់ទេ ដូចជាយើងដើរបង្ខំឬបង្កើតជាចលនាមួយផ្សេងដទៃទៀតដែលយើងមើលឃើញ»

អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ លោក កាំង តុងងី បានឆ្លើយតបថា គ្រឹះ​ស្ថាន​មិន​អាច​អនុវត្ត​តាម​គោលការណ៍ជាទូទៅបាននោះទេ ដែល​មានន័យថា បើអតិថិជនណាមានបញ្ហាក្នុងការសងត្រឡប់ នោះគ្រឹះស្ថាននឹងរៀបចំឥណទានឡើងវិញជូនអតិថិជនដោយមានការវាយតម្លៃយ៉ាងត្រឹមត្រូវ។

លោកបន្តថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារបានអនុវត្តគោលនយោបាយរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនបានចំនួន២៨ម៉ឺននាក់ ក្នុងទំហំឥណទាន ១៤០០ ០០០ ០០០ ដុល្លារអាមេរិក។

លោកថ្លែងដូច្នេះថា៖ «យើងមិនអាចប្រើគោលការណ៍មួយ តម្រូវអតិថិជន១លាន២លាននាក់ទេ យើងត្រូវតែមើលទៅលើករណីជាក់ស្តែងរបស់អតិថិជននីមួយៗ»

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី១៦ ខែមីនា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ឱ្យពន្យារពេលបង់រំលស់ដល់អតិថិជនរស់នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងឃុំនេះបានផ្ទុះនូវការឆ្លងជំងឺកូវីដ-១៩ ចំនួន៦៤នាក់។

គណបក្សនេះបានគាំទ្រឱ្យមានការបិទការធ្វើចរាចរក្នុងឃុំមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ រដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងអស់គួរចូលរួមឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កឬក្នុងអំឡុងពេលបិទភូមិឃុំមួយរយៈនេះ។ ហើយក្នុងនោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារគួរតែពន្យារពេលការបង់រំលស់ដល់អតិថិជនរស់នៅក្នុងឃុំនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ