ក្រសួង​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​សាធារណៈ​ចាប់​ពី​២​នាក់​ត្រូវ​ពាក់​ម៉ាស់​

ពលរដ្ឋជាច្រើនមកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានចេញប្រកាសមួយដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតាមទីកន្លែងសាធារណៈឬទីប្រជុំជនមួយចំនួន ត្រូវតែពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប្រកាសរបស់ក្រសួងសុខាភិបាលនេះ បានគូសបញ្ជាក់ថា ប្រសិនបើបុគ្គលណាមិនបំពេញកាតព្វកិច្ចទាំងពីរនេះទេ នឹងត្រូវទទួលរងការពិន័យជាទឹក​ប្រាក់ពី ២០០ ០០០រៀល ដល់ ១ ០០០ ០០០រៀល ដូចមានចែងនៅក្នុងអនុក្រឹត្យ ស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

បើយោងតាមប្រកាសនេះ បានកំណត់ពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាស់ ដូចជា បុគ្គលដែលវិជ្ជមានកូវីដ-១៩ បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក អ្នកបើកបរនិងអ្នករួមដំណើរលើមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូន​សម្រាប់បម្រើឱ្យសាធារណជនគ្រប់ប្រភេទ អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន និងបុគ្គលផ្សេងៗទៀត ដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែង​ដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ។ រីឯប្រភេទ​ម៉ាស់ និងរបៀបនៃការពាក់ម៉ាស់ ត្រូវកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក ចំពោះទីកន្លែងដែលតម្រូវឱ្យពាក់ម៉ាស់វិញ ក្រសួងថា ត្រូវធ្វើនៅគ្រប់ទីកន្លែងសាធារណៈ ឬកន្លែងផ្តល់សេវាកម្មសាធារណៈនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ ​សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឬទីកន្លែងផ្សេងៗទៀតដែលបិទជិត ត្រូវណែនាំឱ្យ​បុគ្គលគ្រប់រូបពាក់ម៉ាស់ បើមិនពាក់ម៉ាស់ទេគឺមិនត្រូវអនុញ្ញាត​ឱ្យ​ចូលឡើយ លើកលែងតែបុគ្គលដែលស្ថិតនៅក្នុងការលើកលែងខាងលើ។

ចំពោះកាតព្វកិច្ចត្រូវរក្សាគម្លាតសុវត្ថិភាពវិញ គឺបុគ្គលដែលស្ថិតនៅកន្លែងធ្វើការនៃសហគ្រាស ឬគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈដែលមានមនុស្សច្រើន ត្រូវអនុវត្តគម្លាតសុវត្ថិភាពឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះពីបុគ្គលមួយទៅបុគ្គលមួយទៀត។ ប៉ុន្តែ​ក៏លើកលែងផងដែរសម្រាប់អ្នកដែលកំពុងរស់នៅជាមួយគ្នា សម្រាប់ការធ្វើដំណើរក្នុងមធ្យោបាយឯកជន រវាងជនពិការ ចាស់ជរា ឬកុមារជាមួយអ្នកមើលថែទាំពួកគេ ចំពោះអ្នកផ្តល់និងទទួលសេវាកម្មណាមួយ ចំពោះការហ្វឹកហាត់ឬប្រកួតកីឡា និងរវាងកូនកំលោះនិងកូនក្រមុំ ជាដើម។

ដោយឡែក ចំពោះទីតាំងដែលតម្រូវឱ្យពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពវិញ គឺនៅតាមរាល់​សហគ្រាស ឬគ្រឹះស្ថាន​ឯកជន ឬទីតាំងអាជីវកម្មគ្រប់​ប្រភេទនានា។ ចំណែកទីតាំងភូមិសាស្រ្តវិញ គឺត្រូវអនុវត្តការពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពនៅក្នុងភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកំណត់ និងជូនដំណឹងដោយក្រសួងសុខាភិបាលកម្ពុជា។

បើតាមក្រសួងសុខាភិបាល បើសិនបុគ្គលណាមិនអនុវត្តទៅតាមកាតព្វកិច្ចដែលតម្រូវនេះ គឺជំហានដំបូង ពួកគេនឹងរងនូវការព្រមាន និងណែនាំពីមន្រ្តីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែបើសិននៅតែមិនអនុវត្តទៀត នឹងប្រឈមការពិន័យជាទឹកប្រាក់ពីចន្លោះពី ២០០ ០០០រៀល ទៅ ១ ០០០ ០០០រៀលជាកំហិត។

លោក យង់ គឹមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព បានថ្លែងគាំទ្រចំពោះប្រកាសរបស់ក្រសួងដែលតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈនេះ ក៏ប៉ុន្តែលោកមិនគាំទ្រឡើយចំពោះការពិន័យដែលមានទំហំទឹកប្រាក់ច្រើនបែបនេះ។

បើតាមអ្នកឃ្លាំមើលសង្គមរូបនេះ អាជ្ញាធរគួរតែអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយជាមុនសិន។

លោកមានប្រសាសន៍ដូច្នេះថា៖ «អ្វីដែលក្រសួងសុខាភិបាលគាត់ចេញហ្នឹង គឺគាត់ផ្អែកលើច្បាប់ អញ្ចឹងគាត់ក៏មិនអាចធ្វើអ្វីឱ្យខុសពីខ្លឹមសារច្បាប់ដែរ។ ប៉ុន្តែគ្រាន់តែថា ចំនួននៃការពិន័យ​​នេះ វាច្រើនបន្តិចហើយ និយាយឱ្យការពិតទៅ។ ហើយបើសិនជាការពិន័យហ្នឹង ចំពោះ​ជនខិលខូចដែលមិនចង់ពាក់ មិនចង់ចូលរួមក្នុងការពាក់ម៉ាស់ ឬផ្គើនអញ្ចឹងទៅ អាហ្នឹងពិន័យទៅ»។

ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា នៅក្នុងជំហានដំបូងនេះ អាជ្ញាធរនឹងធ្វើការផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋជាមុនសិន។ ប៉ុន្តែក្នុងករណីមិនរាងចាល នោះអាជ្ញាធរនឹងអនុវត្តវិធានការតាមច្បាប់​។

លោកមានប្រសាសន៍ថា៖ «តែយើងធ្វើការផ្សព្វផ្សាយ ណែនាំគាត់ឱ្យអនុវត្តតាមវិធាន និងការណែនាំរបស់ក្រសួងដែលបានចេញសេចក្តីប្រកាសហ្នឹង ប៉ុន្តែបើគាត់មិនអនុវត្ត យើងនឹងថតរូបគាត់ឬក៏ធ្វើកំណត់ហេតុគាត់ ដើម្បីឱ្យគាត់អនុវត្តលើបញ្ហានេះ ហើយយើងក៏អត់ទាន់ដាក់ទោសដាក់ទណ្ឌគាត់អីបានភ្លាម​ដែរ​ យើងត្រូវធ្វើការណែនាំ! សំខាន់លើការអប់រំទេ»។

គួរជម្រាបជូនថា ប្រកាសរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ