រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដាក់​​ឱ្យ​​ស្ថិត​ក្នុង​បម្រាម​គោចរ​ចាប់​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ​

កម្លាំងសមត្ថកិច្ចប្រចាំការល្បាតសន្តិសុខជូនពលរដ្ឋនៅទីតាំងមួយកន្លែងនៅរាជធានីភ្នំពេញ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងសកម្មភាពជួបជុំនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។

បម្រាមគោចរនេះជាវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយ​បម្រាមគោចរនេះហាមទាំងអ្នកថ្មើរជើងផងដែរ។ នេះ​បើតាមការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចេញផ្សាយនៅថ្ងៃទី១ ខែមេសានេះ នៅត្រង់ប្រការទី៤ បានចែងថា ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។

ប៉ុន្តែបម្រាមគោចរនេះត្រូវបានលើកលែងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ឬអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋនិងឯកជន មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ជាដើម។

បម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកលែងចំពោះ​​ការធ្វើចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណល់រឹងនិងសំណល់វេជ្ជសាស្រ្ត និងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាកម្មដឹកជញ្ជូន ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនីទៅកន្លែងបំពេញការងារដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រៅពីបម្រាមគោចរនេះ សកម្មភាពអាជីវកម្មមួយចំនួនក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នដែរ តួយ៉ាងដូចជា តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារដែលទទួលអតិថិជនចូលមកទទួលទាននៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។ ប៉ុន្តែទីតាំងអាជីវកម្មទាំងអស់នេះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ដោយឡែក ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលអាហារឬគ្រឿងស្រវឹងនានា ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នដែរនៅចន្លោះម៉ោងដូចគ្នានេះ​ ប៉ុន្តែត្រូវបានលើកលែងចំពោះការជួបជុំក្នុង​ចំណោមសមាជិកគ្រួសារនៅក្នុងលំនៅដ្ឋានឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈឬក្នុងគោលបំណងផ្សេងៗទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

បើតាមសេចក្តីសម្រេចនេះ បើបុគ្គលទាំងឡាយណាមិនអនុវត្តតាមខ្លឹមសារខាងលើនេះទេ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។

តាមរយៈសារសំឡេងដែលត្រូវបានគេចែករំលែកតៗគ្នា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៅកាន់អភិបាលខណ្ឌទាំង១៤​ថា ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តតាមវិធានការនេះទេ នោះអាជ្ញាធររាជធានីភ្នំពេញ នឹងឃាត់យានជំនិះរបស់ប្រជាពលរដ្ឋនោះទុកជាបណ្តោះអាសន្ន រីឯមនុស្សនឹងត្រូវណែនាំឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនក្នុងរយៈពេល១៤ថ្ងៃ។ ប៉ុន្តែនៅថ្ងៃទី១ ខែមេសានេះ អាជ្ញាធរនៅមិនទាន់អនុវត្តវិធានការនេះនៅឡើយទេ ដោយធ្វើការអប់រំផ្សព្វផ្សាយជាមុនសិន។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឧទាហរណ៍ថា បើគាត់ជិះម៉ូតូ ឃាត់ម៉ូតូទៅទុក ហើយឱ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ហើយបើគាត់ជិះឡាន ត្រូវយកឡានទៅទុក ហើយឱ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ ទើបឱ្យគាត់មកទទួលសម្ភារនេះវិញ ហើយក្នុងករណីដែលគាត់ទៅធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យមើលឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង នោះយើងនឹងអនុវត្តផាកពិន័យបន្តទៀត»។

អាជីវករនិងជាប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ្នកស្រី អេង គឹមនាង មិនជំទាស់នឹងបម្រាមគោចររបស់រដ្ឋាភិបាលនេះទេ ប៉ុន្តែអ្នកស្រីសំណូមពរថា បម្រាមនេះគួរអនុវត្តចាប់ពីម៉ោង៩យប់ទៅ វាអាចជួយអ្នកស្រីឱ្យរកចំណូលបានបន្ថែមទៀត។

អ្នកស្រែថ្លែងដូច្នេះថា៖ «ហ្នឹងបើគេបិទទាំងអស់គ្នា អាហ្នឹងមានតែតាមដំណើរហ្នឹងទៅ តែបើបិទត្រឹមម៉ោង៩អី ល្មម! ដល់ទៅបិទម៉ោង៨ វាដូចជានៅភ្លឺពេក»។

វិធានការនេះ បានធ្វើឡើងក្រោយពីរដ្ឋាភិបាលចេញអនុក្រឹត្យថ្មីមួយស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែមីនា។

ក្នុងចំណោមបណ្តាវិធានការនានាដែលមានចែងក្នុងអនុក្រឹត្យថ្មីនេះ ក៏មានវិធានការមួយបានចែងថា​ ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ដូចជា ទៅទិញរបស់បរិភោគ ទៅមន្ទីរពេទ្យ ទៅឱសថស្ថាន ទៅបំពេញការងារ ទៅប្រកបអាជីវកម្ម ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ឬទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។

ករណីចាំបាច់ផ្សេងទៀតដែលត្រូវអនុញាតឱ្យចេញពីលំនៅឋានដែរនោះ គឺទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ដែលខ្លួនរស់នៅ ទៅជួបនគរបាលឬតុលាការតាមការកោះហៅ ចេញទៅដោយសារសមាជិកគ្រួសារកំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬក្នុងករណីសមាជិកគ្រួសារទទួលមរណភាព ជាដើម។

ចំណែកមាត្រា៨ នៃអនុក្រឹត្យនេះ ចែងថា រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាត ក្នុងមាត្រា៤ មិនត្រូវធ្វើឡើងចន្លោះ «ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ» ឡើយ។

អនុក្រឹត្យនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី-ខេត្តដែលនឹងត្រូវចេញសេចក្តីប្រកាសជាបន្តបន្ទាប់។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានចាត់ទុកវិធាន​ការនេះថា នឹងធ្វើឱ្យប៉ះពាល់ទាំងស្រុងទៅលើកម្មករវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តួយ៉ាងដូចជា អ្នករត់​រ៉ឺម៉ក​កង់បី ដែលកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចស្រាប់ទៅហើយនោះ។

លោក​បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យន្តការបន្ធូរបន្ថយឬ​ឧបត្ថម្ភដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផង បើមានការអនុវត្តវិធានការទាំងនេះ។

លោកថា៖ «ព្រោះឥលូវអ្នករត់រ៉ឺម៉កទាំងអស់នេះ រកពេល​ថ្ងៃមិនគ្រប់ទេ បានជារកពេល​យប់បន្ថែម នៅពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះយ៉ាង​គំហុកនៃព្រឹត្តិការណ៍ឆ្លងកូវីដនៅក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ អញ្ចឹងបើរដ្ឋមានយន្តការហ្នឹង រដ្ឋគួរតែមានយន្តការមួយទៀតទាក់ទងនឹងផ្តល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់គាត់ផង ឬជួយអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគាត់ព្រួយបារម្ភអត់លុយសងធនាគារហ្នឹងឯង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ