អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​៥​ភ្លឺ​រយៈ​ពេល​២​សប្តាហ៍ ​

កម្លាំងសមត្ថកិច្ចប្រចាំការល្បាតសន្តិសុខជូនពលរដ្ឋនៅទីតាំងមួយកន្លែងនៅរាជធានីភ្នំពេញ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អាជ្ញាធររាជធានីភ្នំពេញ​ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍និងសកម្មភាពជួបជុំនានា នៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បី​ទប់​ស្កាត់កា​រឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

យោងតាមសេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែមេសានេះ បានបញ្ជាក់ថា នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ដែលទទួលអតិថិជនចូលមកទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ។

តែយ៉ាងណា សេចក្តីសម្រេចនោះថា ទីតាំងអាជីវកម្មទាំងអស់នេះអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

សេចក្តីសម្រេចដដែលបានណែនាំឱ្យ​ផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលអាហារឬគ្រឿងស្រវឹងនានា ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ លើកលែងតែការជួបជុំជា​លក្ខណៈគ្រួសារ ឬ​រៀបចំពិធីបុណ្យសព ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បាន​បន្តនៅក្នុងសេចក្តីសម្រេចនោះទៀតថា​ ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ ប៉ុន្តែត្រូវបានលើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើររបស់បុគ្គលិក ក្រុមគ្រូពេទ្យ ការធ្វើចរាចរណ៍រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង និងរថយន្តសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់ ជាដើម។ ការធ្វើដំណើររបស់បុគ្គលិកក្រុមហ៊ុន និងកម្មករ-កម្មការិនីទៅកន្លែងការងារ និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់តាមសារជាសំឡេង និងត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈនៅថ្ងៃនេះថា ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តតាមវិធានការនេះទេ អាជ្ញាធររាជធានីភ្នំពេញ នឹងឃាត់យានជំនិះរបស់ប្រជាពលរដ្ឋរក្សាទុកជាបណ្តោះអាសន្ន ចំណែកឯមនុស្សនឹងត្រូវណែនាំឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនក្នុងរយៈពេល១៤ថ្ងៃ។ ប៉ុន្តែលោក​បញ្ជាក់ថា នៅថ្ងៃទី១ ខែមេសានេះ អាជ្ញាធរនៅមិនទាន់អនុវត្តនៅឡើយទេ ដោយធ្វើការអប់រំជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ