ពលរដ្ឋ​ក្នុង​សង្កាត់​ចាក់អង្រែលើ​រៀប​រាប់​ពី​ផល​ពិបាក​បណ្តាល​មក​ពី​ឡាន​ដឹក​ខ្សាច់​

រថយន្តដឹកខ្សាច់តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ (ប៉ា តុងចិន)

ប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើកឡើងថា ឡានដឹកខ្សាច់ធំៗទៅមករៀងរាល់ថ្ងៃនាំឱ្យមានដីហុយ និងផលប៉ះពាល់ផ្សេងៗទៀតដោយសារការដឹកជញ្ជូនមិនបានត្រឹមត្រូវ។​

អាជីវករលក់ម្ជូរម្នាក់នៅបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ អ្នកស្រី ចាន់ ណា រៀបរាប់ថា ឡានធំៗដែលតែងតែចូលដឹកដីខ្សាច់ជារៀងរាល់ថ្ងៃ បានបង្កផលលំបាកដល់ការរស់នៅរបស់ពួកគាត់ និងអ្នកដំណើរដែលឆ្លងកាត់ផ្លូវនោះ ដោយសារបញ្ហាដីហុយចាប់ពីចំណុចគល់ស្ពានក្បាលថ្នល់រហូតដល់ស្តុបក្បែរវត្តចាក់អង្រែក្រោម និងបង្ករឱ្យខូចផ្លូវនៅទីតាំងមួយចំនួនផងដែរ។

អ្នកស្រីថា៖ «អាទឹកវាហូរមក ខ្សាច់វាហូរមក ពេលវាហូរមកម្តងៗ អាហ្នឹងការពិតមិនមែនទឹកទេ [គឺជា]ដីខ្សាច់ទេ! អញ្ចឹងវាប៉ះពាល់បណ្តាលឱ្យស្ទះលូទៀត ស្ទះលូ[ហើយហូរ]ចូលផ្ទះប្រជាជនច្រើនណាស់។​ តាំងពីគាត់បូមខ្សាច់ហ្នឹងមក វាប៉ះពាល់គ្រប់សព្វហ្មង​ វាប៉ះពាល់ដល់កន្លែងយើងលក់ដូរផង ហើយផ្ទះប្រជាជនផង ហើយនិងប៉ះពាល់ប្រជាជនគាត់ជិះម៉ូតូចេញដំណើរទៅវិញទៅមក ខូចសុខភាពច្រើន ប៉ះពាល់ខ្លាំងណាស់»

អាជីវកររូបនេះបន្តថា ទាក់ទងជាមួយបញ្ហាដីហុយនេះដែរ អាជ្ញាធរខណ្ឌមានជ័យ និងក្រុមហ៊ុនសម្អាត ស៊ិនទ្រី ក៏បានចូលរួមកើបនិងបាញ់ទឹកលាងសម្អាតជាញឹកញាប់ផងដែរ ប៉ុន្តែមិនអាចទប់ស្កាត់បញ្ហានេះបាន។

រថយន្តសម្អាតរបស់ក្រុមហ៊ុន ស៊ីនទ្រី ផ្លុំបូមធូលីដែលកកក្បែរទ្រូងផ្លូវ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ (ប៉ា តុងចិន)

អ្នកស្រី ចាន់ ណា ថា៖ «ខាងខណ្ឌ ក៏គាត់បោសហើយលាង ហើយអ្នកខាងស៊ីនទ្រី ក៏គាត់ធ្វើដែរ ប៉ុន្តែនៅតែប៉ះពាល់អញ្ចឹង ហុយមែនទែនហ្មង! ពីមុនអត់ហុយសោះ ទើបតែឥលូវៗ»

ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងសង្កាត់ខាងលើ លោក សៅ ចន្ថន រៀបរាប់ពីបញ្ហាប្រឈមដែលលោកនិងអ្នកដំណើរផ្សេងទៀតជួបប្រទះ គឺត្រូវដីហុយប្រឡាក់អស់ខ្លួនប្រាណ ជាពិសេសពេលធ្វើដំណើរក្រោយឬក្បែរឡានធំៗ។

លោកថា៖ «អាពេលដឹកចេញពេលយប់ចេញមកហ្នឹង ប្រឹងបួងមកហ្នឹង អាខ្យល់បុកមកហ្នឹង បាញ់អាដីហ្នឹងមកពេញក្បាលពេញមុខ ម៉ូតូអីហ្នឹងពេញហ្មង មិន​ដឹងធ្វើម៉េច រាល់ថ្ងៃ»

លោកបានឱ្យដឹងថា កាលពីប្រមាណមួយឆ្នាំមុន តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើនេះពុំមានបញ្ហាដីហុយនោះទេ ប៉ុន្តែក្រោយពីមានក្រុមហ៊ុនឡានដឹកខ្សាច់ធ្វើដំណើរទៅមករាល់ថ្ងៃ ទើបបង្កជាបញ្ហាដីហុយនេះឡើង។ លោកបន្ថែមថា បើក្រុមហ៊ុនដឹកខ្សាច់មានវិធីសាស្រ្តសម្អាតដីខ្សាច់ដែលធ្លាក់លើផ្លូវនោះកុំឱ្យកកនៅតាមចិញ្ចើម និងទ្រូងផ្លូវឱ្យបានស្អាតល្អនោះ ជាការប្រសើរ ដើម្បីកាត់បន្ថយបញ្ហាដីហុយនេះ។

លោកថា៖ «ដំបូង ដីថ្នល់អត់មានហុយអញ្ចឹងទេ ទាល់តែចាប់ផ្តើមដឹកចេញដឹកចូលទៅ យូរថ្ងៃរាល់ថ្ងៃៗទៅ ចាប់ផ្តើមដីធ្លាក់ វាហុយទ្រលោមអញ្ចឹងទៅ ហើយគេក៏មានអ្នកមកបាញ់ទឹកបាញ់អីលាងដែរ តែលាងដូចជាអត់ស្អាត បាញ់ទៅស្អាតបាញ់ទៅ លាងតែកណ្តាល [តែ]ហូរមកដក់នៅកៀនដដែល វានៅតែដក់នៅហ្នឹង ហើយដល់ពេលស្ងួតទៅ ឡានម៉ូតូចុះឡើងៗអញ្ចឹងទៅ វាហុយទ្រលោមជាប់កង់អញ្ចឹងទៅ»

ជាមួយនឹងបញ្ហានេះដែរ នាយករដ្ឋបាលខណ្ឌមានជ័យ លោក ប្រាំង សុផល មានប្រសាសន៍ថា អាជ្ញាធរខណ្ឌមានជ័យធ្លាប់បានផ្តល់ការណែនាំតាមរយៈលិខិតទៅក្រុមហ៊ុនដឹកខ្សាច់នោះច្រើនដងមកហើយ។ លោកបន្តថា រដ្ឋបាលខណ្ឌមានជ័យ បានផ្តល់ភារកិច្ចនេះជូនដល់អភិបាលរងខណ្ឌទទួលបន្ទុក ដើម្បីសរសេររបាយកាណ៍ទាក់ទងនឹងការចរាចរដឹកខ្សាច់នេះ។

លោកបញ្ជាក់ថា៖ «ប្រាប់ណែនាំច្រើនណាស់ មានតាំងពីលិខិតផង តាំងពីចុះទៅណែនាំច្រើនដងហើយ។​ កន្លងមក យើងធ្វើរបាយការណ៍ទៅ យើងធ្វើដីកាអមទៅ ឱ្យខាងគេធ្វើរបាយការណ៍មក មានច្រើនណាស់ ណែនាំច្រើនដងណាស់»

 អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានប្រាប់ វីអូឌី ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដែលថាមានបញ្ហាដីហុយយ៉ាងខ្លីថា៖ «គេកំពុងលាងរាល់ថ្ងៃហើយ»

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី​ មានប្រសាសន៍ថា​​ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ក៏កំពុងតែយកចិត្តទុកដាក់និងជំរុញឱ្យមានការចូលរួមសម្អាតពីភាគីដឹកជញ្ជូន ដោយបានជូនជាលិខិតណែនាំនិងចុះទៅដល់មូលដ្ឋានផ្ទាល់ផងដែរ។

លោកថា៖ «ខាងយើងខ្ញុំតែងចុះណែនាំតាមមូលដ្ឋានដឹកខ្សាច់ហ្នឹងឱ្យគ្របឱ្យអីឱ្យបានត្រឹមត្រូវក្នុងការដឹកជញ្ជូនអញ្ចឹងហ្អាស! ហ្នឹងទី១ ហើយទី២ ក្នុងករណីដែលមិនមានការគ្របមិនអីត្រឹមត្រូវ យើងអនុវត្តវិធានការរដ្ឋបាលក្នុងការណែនាំដល់ទីតាំងនោះជាលក្ខណៈផ្ទាល់ដោយលិខិតទៅ បើមិនអញ្ចឹងទេ យើងនឹងមានការពិនិត្យបន្ថែម»

លោក គាត​ រង្សី បន្ថែមថា តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនខ្សាច់នៅពេលថ្ងៃនោះទេ ដោយអនុញ្ញាតឱ្យធ្វើចរាចរណ៍តែពេលយប់តាមពេលវេលាត្រឹមត្រូវប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការដឹកពេលថ្ងៃ មិនអនុញ្ញាតទេ! ខ្ញុំគិតថា ខាងរដ្ឋបាលសង្កាត់ខណ្ឌអីហ្នឹងគួរ Check [ពិនិត្យ] ថាតើគាត់បានទទួលការអនុញ្ញាតជាលក្ខណៈពិសេសណាមួយដែលគាត់អាចដឹកពេលថ្ងៃ ព្រោះថា រដ្ឋបាលរាជធានីមានការណែនាំច្បាស់ ហើយការដឹកខ្សាច់ដឹកអីហ្នឹង យើងមានម៉ោងពេលវេលាត្រឹមត្រូវ មិនមានការដឹកជញ្ជូនពេលថ្ងៃទេ»

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញរូបនេះបញ្ជាក់ផងដែរថា ការដោះស្រាយតាមបណ្តឹងរបស់ពលរដ្ឋទាក់ទងនឹងបញ្ហាដីហុយកន្លងមកមានប្រសិទ្ធភាព ដោយមន្ទីរបរិស្ថានតម្រូវឱ្យភាគីក្រុមហ៊ុនធ្វើកិច្ចសន្យាទទួលខុសត្រូវដោយសម្អាតឡើងវិញនូវដីខ្សាច់ដែលធ្លាក់លើផ្លូវ ហើយមន្ទីរបរិស្ថាននឹងបន្តតាមដានការដឹកជញ្ជូននោះ ហើយបើនៅតែមិនធ្វើតាមកិច្ចសន្យាណែនាំទៀត នឹងអាចប្រឈមការផាកពិន័យរដ្ឋបាល និងឈានដល់ការបញ្ឈប់ការដឹកជញ្ជូនតែម្តង។

អ្នកស្រី ចាន់​ ណា បញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះ តែងតែត្អូញត្អែរពីផលពិបាកក្នុងការរស់នៅនិងធ្វើដំណើរតាមបណ្តោយផ្លូវនេះផងដែរ។ អ្នកស្រីបន្ថែមថា សកម្មភាពឡានដឹកខ្សាច់ទាំងយប់ទាំងថ្ងៃ និងបញ្ហាដីហុយនេះ ទើបកើតឡើងប្រមាណជាជិតមួយឆ្នាំប៉ុណ្ណោះនៅក្នុងសង្កាត់ចាក់អង្រែលើ ហើយឡានដឹកខ្សាច់ទាំងនោះគឺដឹកទៅចាក់នៅឯការដ្ឋានសាងសង់ថ្មីនៅក្បែរផ្លូវ៦០ម៉ែត្រ៕

អត្ថបទដោយ ប៉ា តុងចិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ