អាជ្ញាធរ​ខេត្ត​តាកែវ​ស្នើ​ឱ្យ​ភាគី​វៀតណាម​ជួយ​សម្រួល​ការ​នាំ​ស្រូវ​ទៅ​កាន់​ខេត្ត​អានយ៉ាង​

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះពិនិត្យការប្រមូលទិញស្រូវដើម្បីនាំស្រូវចេញទៅលក់នៅប្រទេសជិតខាង ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ)

អាជ្ញាធរខេត្តតាកែវ ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ភាគីវៀតណាមនៅមិនទាន់ឆ្លើយតប​នឹងសំណើរបស់​កម្ពុជាដែលស្នើ​​ឱ្យជួយ​សម្រួលការ​នាំស្រូវ​ពី​ខេត្ត​តាកែវ ទៅកាន់​ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែនតំបន់បាក់ដៃ (បាកដាយ) នៅឡើយទេ។

អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា លោកបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង កាលពីថ្ងៃទី២៦ ខែមីនា ដើម្បីស្នើសុំឱ្យភាគីវៀតណាមជួយបន្ធូរបន្ថយការរឹតបន្ដឹងនៅច្រក​ព្រំដែន​បាក់​ដៃ (បាក​ដាយ) និង​ច្រកទ្វារព្រំដែនទ្វេភាគី​កំពង់ក្រសាំង (វិញហូយដុង) ដើម្បី​ផ្តល់លទ្ធភាពឱ្យ​ប្រជាកសិករខ្មែរនាំទំនិញនិងស្រូវទៅលក់នៅប្រទេសវៀតណាម។

លោកបន្ត​​ថា ចាប់តាំងពីឆ្នាំ២០២១មក កងកម្លាំងការពារព្រំដែនរបស់ខេត្តអានយ៉ាង បានបិទទាំងស្រុងមិនឱ្យមានការនាំស្រូវចូលតាមច្រកទ្វារទាំងពីរនោះ​ទេ។

លោក អ៊ូច ភា មានប្រសាសន៍ថា៖ «អញ្ចឹងតាំងពីវិធានការកូវីដហ្នឹងមក គេបិទជិតឈឹងទាំងអស់ គ្រប់ច្រកទាំងអស់​ ប៉ុន្តែបានយើងសម្របសម្រួលដើម្បីទំនិញចេញចូល។ វៀតណាម​គេ​មិនជំទាស់ទេ គ្រាន់តែថា គេឱ្យយើងបញ្ជូនទៅដាក់ច្រកអន្តរជាតិភ្នំឌិនអី វាមានដំណើរការធម្មតា ប៉ុន្តែយើងចង់បាននៅអង្គរបុរី នៅហ្នឹងវាស្រួល ចង់និយាយថា ស្រូវវានៅហ្នឹងវាស្រួល យើងដឹកមកកំពង់ក្រសាំង ដឹកមក ភ្នំឌិនវាឆ្ងាយ»។

សំណើរបស់ភាគីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអភិបាលស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមីនានេះថា ការរឹតបន្ដឹងច្រកព្រំដែនទាំងពីរនេះ បានធ្វើឱ្យប៉ះពាល់ដល់ការនាំស្រូវ​ពីស្រុកអង្គរបុរី ទៅលក់នៅក្នុងស្រុកអានភូ ខេត្តអានយ៉ាង ខណៈ​​ស្រូវរបស់ប្រជាកសិករខ្មែរនៅក្នុងស្រុកនេះ​ចាប់ផ្តើមទុំ និងកំពុងប្រមូលផល តែបែរជាមិនអាចនាំចេញទៅលក់នៅក្នុងប្រទេសវៀតណាមបានទៅវិញ។

លោកបានបន្តលើកឡើងតាមរយៈលិខិតផ្ញើទៅកាន់អភិបាលស្រុកអានយ៉ាង កាលពីថ្ងៃទី២៥ ខែមីនាថា ជារៀងរាល់ឆ្នាំ សមត្ថកិច្ចច្រកទ្វារទាំងសងខាងតែងតែសម្របសម្រួលឱ្យប្រជាជនជាប់ព្រំដែនរវាងស្រុកទាំងពីរ បានដោះដូរទំនិញគ្នាទៅវិញទៅមក ប៉ុន្តែដោយ​សារ​តែមានការផ្ទុះនូវជំងឺកូវីដ-១៩ បានធ្វើឱ្យប្រទេសទាំងពីររឹតបន្ដឹងការនាំចេញនាំចូលទំនិញរៀងៗខ្លួន។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញ៉ឹប ស៊្រន បានថ្លែងថា ការរឹតបន្ដឹងការឆ្លង​កាត់ច្រកព្រំដែនទ្វេភាគីទាំងពីរនេះ បានធ្វើឱ្យប៉ះពាល់​ខ្លាំងដល់ការនាំចេញស្រូវរបស់ប្រជាកសិករខ្មែរ ជាពិសេស ​ប្រជាកសិករនៅស្រុកអង្គរបុរី ដែលធ្វើស្រូវប្រាំងក្នុង១ឆ្នាំពី១ទៅ៣ដង។

លោកបន្តថា ការខកខាននាំស្រូវទៅលក់នៅក្នុងប្រទេសវៀតណាមនេះ ក៏បានធ្វើឱ្យតម្លៃស្រូវមានការធ្លាក់ចុះផងដែរ ដោយលោកថា តម្លៃស្រូវបច្ចុប្បន្នគឺត្រឹមតែ៩៧០រៀលក្នុង១គីឡូក្រាម ខណៈរាល់ឆ្នាំស្រូវលក់ចេញបានជាង១ ០០០រៀលក្នុង១គីឡូក្រាម។

លោកមានប្រសាសន៍បន្ថែមថា៖ «ឯកឧត្តមអភិបាលគាត់បាន​សុំទៅហើយ វៀតណាមគេបាន​បើកច្រកកំពង់ក្រសាំងមួយដែរ តែនៅច្រកបាក់ដៃហ្នឹង គេអត់ទាន់បើក! អ៊ីចឹងទៅ វាមានការលំបាកដែរ គឺការលំបាកត្រង់ថា គាត់អស់ថ្លៃដើមនៃការដឹកជញ្ជូនពីរតង់»។​

ប្រជាកសិករម្នាក់រស់នៅភូមិសាមគ្គី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ លោក គង់ សារី បានថ្លែងថា ស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបុរីចាល់ច្រើន ដោយមិនអាចនាំចេញទៅលក់នៅប្រទេសវៀតណាមបានឡើយ ដោយសារតែភាគីវៀតណាមបានបិទច្រកព្រំដែនមិនឱ្យកសិករខ្មែរនាំស្រូវទៅលក់នៅប្រទេសវៀតណាម។

លោក សារី មានប្រសាសន៍ត្អូញត្អែរយ៉ាងដូច្នេះថា៖ «ឥលូវនេះស្រូវយ៉ាប់ដែរ យ៉ាប់អត់មានអ្នកទិញ ហើយតម្លៃធ្លាក់ចុះថោក ដូចខ្ញុំជម្រាបលោកគ្រូមុនអញ្ចឹង។ ពីដើម ទីកាលពីខែមុនហ្នឹង វាបានរហូតដល់១តៅ១២គីឡូ បាន១២ ០០០ ទៅ១៣ ០០០រៀល ឥលូវ១តៅ១២គីឡូហ្នឹងបានតែ៩ ០០០ ហើយអត់មានអ្នកទិញទៀត! ចាល់ៗច្រើន ប៉ុន្តែមានមួយចំនួនហ្នឹងគេដឹកឡើងដាក់ឡានវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ