បុរស​វិជ្ជមាន​កូវីដ-១៩​ម្នាក់​ទៅ​លេង​ស្រុក​នៅ​តាកែវ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ភូមិ​២៣​នាក់​

អាជ្ញាធរនិងក្រុមគ្រូពេទ្យមកទទួលយកបុរសដែលមានវិជ្ជមានកូវីដ-១៩ នៅគេហដ្ឋានផ្ទាល់ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (អាជ្ញាធរស្រុកព្រៃកប្បាស)

អ្នកភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន២៣នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ដោយផ្ទាល់​និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ម្នាក់ដែលទៅពីភ្នំពេញ ខណៈអាជ្ញាធរខេត្តបញ្ជាក់ថា វិធានការបិទភូមិនឹងធ្វើឡើងប្រសិនបើស្ថានការណ៍ចាំបាច់។

របាយការណ៍របស់រដ្ឋបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា បុរសវិជ្ជមានកូវីដ-១៩រូប​នេះ មានអាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពេលធ្វើតេស្តលើកទី៣ នៅថ្ងៃទី២ ខែមេសា នៅមណ្ឌលបឹងត្របែក។ រដ្ឋបាលស្រុក បន្តទៀតថា លទ្ធផលតេស្តរបស់បុរស​រូបនេះ ទើបត្រូវបានក្រសួងសុខាភិបាល​ប្រកាសនៅព្រឹកថ្ងៃទី៥ ខែមេសានេះ ប៉ុន្តែបុរសរូបនេះមិនបានរង់ចាំមើលលទ្ធផលតេស្តលើកទី៣របស់ខ្លួននោះទេ ដោយបានសម្រេចចិត្តធ្វើដំណើរទៅលេងស្រុកកំណើតនៅខេត្តតាកែវនេះ ដោយមធ្យោបាយម៉ូតូជាមួយភរិយា កាលពីល្ងាចថ្ងៃទី៤ ខែមេសា។

រដ្ឋបាលស្រុក បន្តទៀតថា បច្ចុប្បន្ន បុរសរូបនេះត្រូវបានបញ្ជូនតាមរថយន្តពេទ្យយកមកព្យាបាលជំងឺនៅឯមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញវិញ ខណៈសមា​ជិកក្រុមគ្រួសារចំនួន៨នាក់ដែលរួមមាន ភរិយាអាយុ៣១ឆ្នាំ កូនស្រីអាយុ៩ឆ្នាំ ឪពុកម្តាយ ប្អូនប្រុស៣នាក់ និងជីដូនម្នាក់អាយុ៨៣ឆ្នាំ ត្រូវបានបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កនៅឯទីរួមខេត្តតាកែវ។ ក្រៅពីនេះ អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៩នាក់ទៀត ដែល​ជាអ្នកលេងបាល់ជាមួយគ្នា និងអ្នកប៉ះពាល់ប្រយោលដែលជាអ្នកមកទិញម្ហូបនៅតូបម្តាយបុរសរូបនោះ ចំនួន៦នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

មេឃុំព្រៃកប្បាស លោក យិន ហ៊ង បានឱ្យដឹងថា នៅពេលមកដល់ស្រុកកំណើតភ្លាម បុរសអាយុ២៩ឆ្នាំរូបនេះបានទៅលេងបាល់ជាមួយអ្នកភូមិ និងបានស្នាក់នៅផ្ទះជាមួយគ្រួសារមួយយប់ លុះរហូតដល់ម៉ោង៧ព្រឹក ទើបសមត្ថកិច្ចរកឃើញនិងបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញវិញ ក្រោយលទ្ធផលតេស្តលើកទី៣ វិជ្ជមាន។

លោកមេឃុំបញ្ជាក់ថា៖ «គាត់មកដល់ពីម្សិលមិញ ចេញពីមណ្ឌលចត្តាឡីស័ក។ ឥលូវឡានគេមកយកវិញហើយ ប្តីហ្នឹង យកទៅកន្លែងភ្នំពេញ​ ហើយប្រពន្ធយកទៅដាក់ចត្តាឡីស័កនៅតាកែវ ហើយអ្នកទំនាក់ទំនងលេងបាល់លេងអីជាមួយជាង១០នាក់ហ្នឹង ដាក់ឱ្យនៅផ្ទះ បិទផ្ទះកុំឱ្យចេញចូល»។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានអះអាងថា អាជ្ញាធរកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលថែមទៀត ព្រោះលោកមិនទាន់ជឿជាក់លើចម្លើយសារភាពរបស់អ្នកជំងឺរូបនេះនៅឡើយទេ ពីព្រោះគ្រួសារគាត់​ជាអ្នកលក់ចាប់ហួយ និងម្ហូបអាហារនៅក្នុងភូមិ។

លោកបានសំណូមពរឱ្យអាជ្ញាធរខេត្ត សម្រេចបិទភូមិទាំងមូលរយៈពេល១៤ថ្ងៃ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិទាំងមូល។

លោកមានប្រសាសន៍ដូច្នេះថា៖ «គាត់រត់មកពីភ្នំពេញវិញទេ​ ហើយបានយើងរកឃើញនៅព្រៃកប្បាស! គាត់ហ្នឹងដូចករណី សោភ័ណ្ឌ កក្កដា អញ្ចឹង! មាន ផុសស៊ីធីវ [Positive- វិជ្ជមាន​] នៅភ្នំពេញហើយ ស្រាប់មកលេងផ្ទះ។ ខ្ញុំចេះតែឆ្ងល់ថា ខាងភ្នំពេញឱ្យមករួចដែរ ខ្ញុំវាហួសចិត្តដែរ បានមករកឃើញនៅព្រៃកប្បាសនេះ»។

លោកបានបន្ថែមថា៖ «វាមិនប្រាកដទេ អានេះវាចេះតែឆ្លើយ ជាក់ស្តែងមិនដឹងប៉ះពាល់ ផ្ទាល់ប៉ុន្មានទៀត? អញ្ចឹងបានជាយើងចេះតែចង់ឱ្យបិទភូមិតែម្តងទៅ! ហើយបើតាមអនុសាសន៍របស់ខ្ញុំ បើបិទល្អជាង ហើយយកអ្នកប៉ះពាល់ផ្ទាល់មកធ្វើចត្តាឡីស័កថែម បាទ»។

យ៉ាងណាក្តី អភិបាលរងខេត្តតាកែវ និងជាអ្នកនាំពាក្យ លោក លី សាវេត បានថ្លែងថា វិធានការដំបូងនេះ អាជ្ញាធរបានសម្រេចបិទផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ និងដាក់មនុស្ស​ដែលជាប់ពាក់ព័ន្ធករណីនេះចំនួន២៣នាក់ឱ្យធ្វើចត្តាឡីស័ក។ ប៉ុន្តែយ៉ាងណាក្តី ជម្រើសនៃការបិទភូមិ លោកមិនបដិសេធនោះឡើយ ប្រសិនបើស្ថានការណ៍ចាំបាច់។

លោកមានប្រសាសន៍ថា៖ «និយាយរួម យើងមិនទាន់ឈានដល់បិទភូមិ ដោយសារថា ទំហំនៃការប៉ះពាល់របស់គាត់ហ្នឹង គឺរវាងថាបុគ្គលនិងបុគ្គល វាអត់ដូចករណីអ្នកភូមិក្រាំងលាវ ពិធី[មង្គល]ការហ្នឹង វាទូទៅ! ប៉ុន្តែយើងក៏មិនបោះបង់ជម្រើសហ្នឹងដែរ»។

សូមបញ្ជាក់ថា នេះគឺជាករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទី៤ហើយនៅក្នុងខេត្តតាកែវ បន្ទាប់ពីករណីទី១ រកឃើញលើបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីម្នាក់ ករណីទី២ រកឃើញលើមេចុងភៅម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងពិធីមង្គលការមួយដែលមានអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ ចូលរួម និងករណីទី៣ គឺស្ត្រីជាមេចុងភៅចិនម្នាក់ដែលមកពីខេត្តព្រះសីហនុ រស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ៕


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី២៖ «របាយការណ៍របស់រដ្ឋបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា បុរសវិជ្ជមានកូវីដ-១៩រូបនេះ មានអាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនខ្សែកាប នៅរាជធានីភ្នំពេញ …»។ ខ្លឹមសារដែលត្រឹមត្រូវគឺ «របាយការណ៍របស់រដ្ឋបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា បុរសវិជ្ជមានកូវីដ-១៩រូបនេះ មានអាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញ…»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ