រដ្ឋា​ភិបាល​ប្រកាស​បិទ​រមណីយ​ដ្ឋាន​ទូទាំង​ប្រទេស​ និង​ផ្អាក​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​រយៈ​ពេល​១៤​ថ្ងៃ ​​

អាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនៅទីតាំងមួយចំនួនក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ចំពោះការធ្វើដំណើរចេញចូលតំបន់ដែលមានហានិភ័យ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង)

រាជរដ្ឋាភិបាលបានសម្រេច​បិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស និងផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយ​ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ​ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលចេញផ្សាយនៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា វិធានការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយរយៈពេល១៤​ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

សេចក្តីសម្រេចសរសេរថា៖ «ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤[ដប់បួន]ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត»។

សេចក្តីសម្រេចបន្តថា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលទៅវិញទៅមកនេះទេ។

ដោយឡែក សេចក្តីសម្រេចនេះក៏បានប្រកាសបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ​ដូចគ្នា ក្នុងបំណងទប់ស្កាត់ជំងឺកូវីដ-១៩​ផងដែរ។

យ៉ាងណា រដ្ឋាភិបាលអះអាងថា ការហាមឃាត់នេះក៏មានករណីលើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងផ្លូវដែក។ លើកលែងចំពោះការធ្វើដំណើរបំពេញ​ភារកិច្ច​របស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការដឹកកម្មករទៅកាន់កន្លែងការងារដែលមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ។ បន្ថែមពីនេះ លើកលែងចំពោះការធ្វើដំណើររបស់ពលរដ្ឋទៅមន្ទីរពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេងៗដោយមានលិខិតស្នាមឬឯកសារបញ្ជាក់ ជាដើម។ ​

សេចក្តីសម្រេចដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ទើបនឹងចេញផ្សាយជាសាធារណៈនៅម៉ោងប្រមាណ៨យប់ ថ្ងៃទី៦ ខែមេសានេះ ហើយប្រកាសអនុវត្តចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ ខែមេសានោះ ស្របពេល​អាជ្ញាធរក្រុងភ្នំពេញបានចេញបម្រាមគោចរ មិនឱ្យពលរដ្ឋធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ចាប់តាំងពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសាផងដែរ។

បម្រាមគោចរ និងសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលចេញជាបន្តបន្ទាប់គ្នានេះ ធ្វើឡើងស្របពេលក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងឥតឈប់ឈរ និងបណ្តាលឱ្យមានមនុស្សស្លាប់ជាហូរហែទៀតផង។

ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប២ ៨២៤នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន២២នាក់។ ក្នុងនោះអ្នក​ជំងឺចំនួន១ ៧៩៤បានជាសះស្បើយ និងកំពុងសម្រាកព្យាបាលចំនួន១ ០០៣នាក់ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ