បទ​​យក​ការណ៍​៖​ អ្នក​​នេសាទ​​នៅ​​កំពង់​ភ្លុក​​ងាក​​ទៅ​​រក​​របរ​​ផ្សេង​ដោយ​​សារ​​ខ្សត់​​ត្រី​​

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

មានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀម​រាប កំពង់​ភ្លុក​ គឺជាឃុំមួយនៃ​ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប។ ​ផ្ទះ​របស់ប្រជាពលរដ្ឋនៅតំបន់នោះរាប់សិបខ្នងសង់​ខ្ពស់ៗពីលើផ្ទៃទឹក មានជើងសសរតូចៗ ក៏ដូច​ជា​ភូមិ​បណ្ដែត​ទឹក​បន្តកន្ទុយគ្នាឥតដាច់។

ភូមិគោកក្ដុល គឺជាភូមិធំមួយស្ថិតនៅក្នុងឃុំកំពង់ភ្លុក ដែលមានប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅ។ ក្នុងចំណោមប្រជាពលរដ្ឋជាង៣០០គ្រួសារនេះ មានប្រជាពលរដ្ឋ៧០ភាគរយទៅហើយដែលប្រកបមុខរបរជាអ្នកនេសាទ ប៉ុន្តែដោយសារតែទិន្នផលត្រីកាន់តែធ្លាក់ចុះ បានធ្វើឱ្យប្រជានេសាទខ្លះបានងាកទៅប្រកបរបរផ្សេងវិញ។

ធ្លាប់នេសាទត្រីនៅភូមិកំពង់ភ្លុកជាង៤០ឆ្នាំហើយ លោក សួង រ៉ង ប្រាប់ VOD ថា នៅពេលនេះស្ថានភាពទន្លេសាបមានការរីងស្ងួតពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលបរិមាណត្រីចេះតែខ្សោះទៅៗ។ លោក សួង រ៉ង បានសម្រេចចិត្តប្តូរមុខរបរជាអ្នកនេសាទត្រីបែបគ្រួសារ មកធ្វើកិច្ចការនៅផ្ទះ និងផលិតផើងផ្កាជំនួសវិញ។

ស្ថានភាពទឹកស្រកនារដូវប្រាំងនៅផ្នែកមួយនៃដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

តែបើទោះជាយ៉ាងណា លោកបានបង្ហាញមនោសញ្ចេតនានឹកដល់ការងារដែលលោកធ្លាប់ជាអ្នកនេសាទ ក៏ដូចជាទូកចំណាស់របស់លោកផងដែរ។

លោកបន្តថា៖ «ខ្ញុំស្រឡាញ់ទូកនេសាទនេះខ្លាំងណាស់ ពេលដេកលើទូកនេះម្តងៗ ខ្ញុំមានអារម្មណ៍ដូចជាមានផ្ទះបីខ្នង។ ដូច្នេះហើយ ខ្ញុំនឹងមិនបោះបង់ចោលការនេសាទរបស់ខ្ញុំទេ»។

ដោយសារតែទឹកទន្លេសាបនៅរដូវប្រាំងនេះមានការស្រកខ្លាំងនោះ ដូច្នេះយើងអាចធ្វើដំណើរតាមផ្លូវគោកពីក្រុងសៀមរាបទៅកាន់ឃុំកំពង់ភ្លុកបានដោយមិនចាំបាច់ធ្វើដំណើរតាមទូកទេ។ នៅលើដងផ្លូវដែលធ្លាប់តែគ្របដណ្តប់ដោយផ្ទៃទឹកដ៏ធំល្វឹងល្វើយ តែបែ្រក្លាយជាគោករាក់នោះ មានក្មេងប្រុសស្រីប្រាំទៅប្រាំមួយនាក់បានរត់ប្រដេញគ្នាលេងយ៉ាងសប្បាយរីករាយ និងខ្លះទៀតនាំគ្នាបង្ហោះខ្លែងលេងទៅតាមទិសខ្យល់បក់ពីភាគឧត្តរ ក្នុងទឹកមុខយ៉ាងស្រស់ស្រាយ។

ចំណែកឯស្ត្រីមួយចំនួននៅក្នុងឃុំកំពង់ភ្លុកខ្លះ កំពុងតែឆ្អើរត្រីនៅលើដងផ្លូវមុខផ្ទះរបស់ពួកគាត់។ រីឯស្ត្រីខ្លះទៀតកំពុងតែអង្គុយប្រឡាក់ត្រីនៅតាមផ្ទះរៀងៗខ្លួន ដែលមើលទៅអ្នកភូមិនេះ ហាក់មិនទំនេរដៃចោលនោះទេ។

កំពុងនៅផ្ទះតែម្នាក់ឯង ខណៈភ្នែករំពៃមើលទៅចៅបីនាក់នៅក្នុងបន្ទុក អ្នកស្រី ម៉ៅ ឡាប អាយុ៦២ឆ្នាំ មានប្រសាសន៍ថា ដោយសារតែការធ្លាក់ចុះខ្លាំងនៃទិន្នផលត្រី ហើយត្រូវរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផង ប្ដីអ្នកស្រីនិងកូនស្រីដែលពីមុនធ្លាប់ជាអ្នកនេសាទមិនដែលខកខាននោះ ប៉ុន្តែពេលនេះកូនស្រីរបស់គាត់បានទៅធ្វើការងារនៅក្នុងក្រុងសៀមរាបវិញ ដោយត្រូវបោះបង់ការងារជាអ្នកនេសាទនេះតែម្តង។

លោកស្រីមានប្រសាសន៍ថា៖ «ម្តាយរបស់ពួកវាបានទៅធ្វើការនៅក្រុងសៀមរាប ដូច្នេះខ្ញុំត្រូវមើលថែចៅៗ»។

ការរកត្រីនៅតាមបឹងទន្លេសាបដែលធ្លាប់តែទទួលបានផលក្រាស់ក្រែលដែរនោះ ប៉ុន្តែបច្ចុប្បន្ននេះបានធ្លាក់ចុះខ្លាំង។ ប្រជានេសាទនៅតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះបានត្អូញត្អែរពីការថយចុះទិន្នផលត្រី និងពិបាកក្នុងការរកត្រីដែលមិនសូវសម្បូរដូចកាលពីមុន ខណៈមួយចំនួនទៀតបានងាកទៅរកមុខរបរបន្ថែម ដើម្បីរកប្រាក់មកទ្រទ្រង់ជីវភាព។

ត្រីមួយក្បាលងាប់ដោយសារតែភាពរីងស្ងួតផ្នែកខ្លះនៃដងទន្លេមេគង្គស្ថិតនៅឃុំកំពង់ភ្លុក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

អនុប្រធានភូមិគោកក្ដុល លោកស្រី ពេជ្រ តាំង បានឱ្យដឹងថា មុខរបរនេសាទគឺជាមុខរបរតាំងពីដូនតាមករបស់អ្នកភូមិដែលរស់នៅឃុំកំពង់ភ្លុក។

លោកស្រីមានប្រសាសន៍ថា៖ «ក្មេងៗឥលូវសុទ្ធតែចេះនេសាទ មិនថាប្រុសឬស្រី មិនដូច ជំនាន់របស់ខ្ញុំទេ។ យើងរស់នៅលើទឹក ដូច្នេះទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងជាអ្នកនេសាទ ការនេសាទត្រូវការទឹក។ ប្រសិនជាអត់ព្រៃនិងអត់ទឹក យើងពិតជាមិនអាចប្រកបមុខរបបនេសាទបានទេ»។

យ៉ាងណាក្តី ក្រៅពីមុខរបរនេសាទ ប្រជាពលរដ្ឋនៅក្នុងឃុំនេះក៏ទទួលបានចំណូលពីវិស័យទេសចរណ៍ ដោយការនាំភ្ញៀវទស្សនានៅរដូវទឹកស្រកផងដែរ។ ក៏ប៉ុន្តែជាអកុសល ឥទ្ធិពលដែលបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលពីវិស័យមួយនេះ ត្បិតមិនសូវមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនដូចពេលមុនឡើយ។

ប្រធានសហគមន៍ទេសចរណ៍ក្នុងភូមិគោកក្តុល លោក សាន គង់ លើកឡើងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​នេសាទ​បាន​ធ្លាក់​ចុះ​ជា​ខ្លាំង ដែល​ធ្វើ​ឱ្យ​អ្នក​នេសាទ​មួយ​ចំនួន​ត្រូវ​ងាក​ចេញ​ទៅ​ប្រកប​របរ​ថ្មី​ជំនួសវិញ​ ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់ជីវភាព​គ្រួសារ​។

លោកបន្តដូច្នេះ​ថា៖ «​នៅពេលដែលរកត្រីមិនសូវបាន អ្នកនេសាទមួយចំនួនបានប្តូរមកបើកទូកទេសចរណ៍ ប៉ុន្តែដល់រដូវនេសាទ ពួកគាត់បានប្រកបរបរនេសាទជាធម្មតាវិញ។ ការនេសានត្រីមានការថយចុះ ពីព្រោះកន្លែងនេសាទមានតែមួយ តែកំណើនប្រជាជនចេះតែកើនឡើង ហើយ​អាកាសធាតុប្រែប្រួលក៏ជាហេតុមួយធ្វើឱ្យត្រីធ្លាក់ចុះផងដែរ»។

លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល មានប្រសាសន៍ប្រាប់ VOD ថា កត្តាដែលធ្វើឱ្យបរិមាណត្រីថយចុះបន្តិចម្តងៗ គឺដោយសារតែកំណើនប្រជាជនមានការកើនឡើងខ្លាំង លើសពីនេះ ការនេសាទហួសកម្រិត និងប្រជាជនមួយចំនួននៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាដើម។

ពលរដ្ឋនិងប្រជានេសាទនៅឃុំកំពង់ភ្លុក មកពិនិត្យមើលនិងនេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

គណៈកម្មការ​ទន្លេ​មេគង្គ MRC ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​ការ​គ្រប់​គ្រង និង​ថែ​រក្សា​ទន្លេ​នេះ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ទន្លេ​មេគង្គ​​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៦០​លាន​នាក់ បាន​ពឹង​អាស្រ័យ​ទៅ​លើ​ទន្លេ​មួយ​នេះ រួមមាន ជា​មធ្យោបាយ​ធ្វើ​ដំណើរ ជា​ប្រភព​នៃ​សន្តិសុខ​ស្បៀង ជា​ផ្លូវ​ដោះ​ដូរ​ពាណិជ្ជកម្ម និង​ជីវភាព​រស់​នៅ។

ប្រភពដដែលបន្តថា ទោះ​ជា​យ៉ាង​ណា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិន្នផលត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ពិសេស​នៅ​ក្នុង​បឹង​ទន្លេសាប ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ថយ​ចុះ​ជា​ច្រើន ខណៈ​ទំនប់​វារី​អគ្គិសនី​ជាច្រើន​បាននិង​កំពុង​បន្តសាង់សង​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​នេះ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១ ទឹក​ទន្លេ​មេគង្គនៅ​តាម​បណ្ដា​ប្រទេស​ថៃ ឡាវ និង​កម្ពុជា ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ ដោយសារ​តែ​ប្រទេស​ចិន​បាន​បិទ​ទ្វារ​ទឹក​នៅ​ទំនប់​វារី​អគ្គិសនី​ក្នុង​ខេត្ត​យូណាន ដើម្បី​ថែ​រក្សា​បណ្ដាញ​អគ្គិ​សនី​របស់​ខ្លួន​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ​២០២១ គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​លើក​ឡើង​ថា៖ «យោង​តាម​ការ​អង្កេត​របស់​គណៈកម្មាការ​ទន្លេ​មេគង្គ​ ទៅ​លើ​កម្ពស់​ទឹក​នៅ​ជីងហុង​នៅ​ក្នុង​ខេត្ត​យូណាន​ ប្រទេស​ចិន​ កម្ពស់​ទឹក​ចាក​ចេញ​ពី​ទំនប់​វារីអគ្គិសនី​នៅ​ថ្ងៃ​ទី​៤ គឺ​បាន​ថយ​ពី​១ ៤១០​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី​ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០២០ ធ្លាក់​មក​នៅ​ត្រឹម​៧៦៨​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២១។ ដែល​ការ​ថយ​ចុះ​នេះ ​វា​ថយ​ដល់​ជិត៥០ភាគរយ​នៃ​ចំនួន​ទឹក​ដែល​បាន​ទម្លាក់។ ទោះ​ជា​យ៉ាង​ណា ​កម្រិត​ទឹក​បាន​កើន​ឡើង​វិញដល់៧៨៦​ម៉ែត្រ​គីបក្នុង​មួយ​វិនាទី ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤»។

ទោះជាយ៉ាងណា អ្នកស្រី ម៉ៅ ឡាប ដែលមានប្តីនិងកូនជាអ្នកនេសាទ រំពឹងថា ត្រីនឹងអាចកើនឡើងវិញនៅថ្ងៃណាមួយនាពេលខាងមុខ ដែលអាចឱ្យកូនរបស់គាត់វិលមកប្រកបមុខរបរចាស់វិញ ដើម្បីបានជួបជុំក្រុមគ្រួសាររបស់ខ្លួន។

អ្នកស្រីមានប្រសាសន៍ថា៖ «ប្រសិនជាត្រីនឹងអាចកើនឡើងវិញនាថ្ងៃណាមួយនាពេលខាងមុខ ដែលអាចឱ្យកូនវិលមករករបរចាស់វិញ ដើម្បីជួបជុំកូនរបស់ខ្លួន»

អត្ថបទដោយ ម៉ិច ជូឡាយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ