ក្រុម​​អ្នក​ច្បាប់​ស្ទាក់​ស្ទើរ​ក្នុង​ការ​វាយ​តម្លៃ​លើ​ករណី​សន្តិសុខ​ម្នាក់​ប្រើ​កាំ​ភ្លើង​បាញ់​ការពារ​ខ្លួន​

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

អ្នកច្បាប់និងមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជា ស្ទាក់ស្ទើរក្នុងការវាយតម្លៃទៅលើការប្រើប្រាស់សិទ្ធិ​ស្របច្បាប់របស់សន្តិសុខម្នាក់ដែលយាមធនាគារ ABA ដែលបានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះម្នាក់ស្លាប់ ក្នុងគោលបំណងដើម្បីការពារខ្លួន។

កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធបានកើតឡើង ដោយ​មន្ត្រីប៉ូលិសម្នាក់ដែលយាម​នៅមុខ​ធនាគារ ABA នៅក្បែរស្ពានអាកាសផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​ប្រើ​កាំភ្លើងបាញ់លើបុរសម្នាក់ដែលបម្រុងចាក់​រូបគាត់បណ្តាល​ឱ្យស្លាប់នៅនឹងកន្លែង។

វីដេអូចំនួនពីរឃ្លីបដែលត្រូវបានគេផ្សព្វផ្សាយលើបណ្តញសង្គមហ្វេសប៊ុក បានបង្ហាញថា បុរស​ឈ្មោះ ភឿង ភិរៈ បានព្យាយាមរារាំងការវាយដំគ្នារបស់បុរសពីរនាក់ ប៉ុន្តែក្នុងនោះបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ អ៊ូ សុផារ៉ាត់ បានវាយមកលើរូបលោក និងព្យាយាមយកកាំបិតចាក់ទៅលើលោកបន្ថែមទៀត។ ក្រោយមក សន្តិសុខរូបនេះក៏បានទាញកាំភ្លើងបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ វិញ ដែលបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា បានសម្រេចដោះលែងសន្តិសុខឈ្មោះ ភឿង ភិរៈ ឱ្យមានសេរីភាពវិញ បន្ទាប់ពីបានសាកសួរ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿងនេះ។

មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានអះអាងថា លោកមិនទាន់ហ៊ានវាយតម្លៃយ៉ាងណានៅឡើយទេ ដោយវាអាស្រ័យលើការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា។

ប៉ុន្តែលោកបានលើកឡើងពីក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៣៣ បានចែងពីសិទ្ធិស្របច្បាប់នៃការការពារខ្លួននេះ។

លោកបញ្ជាក់​ថា៖ «ខ្ញុំមិនទាន់សន្និដ្ឋានយ៉ាងម៉េចទៅលើការដោះលែង វាអាស្រ័យទៅលើការការពារធម្មានុរូប ទោះបីជាយើងនិយាយអំពីថា ទាល់តែសមាមាត្រនឹងគ្នាក៏ដោយ ទាល់តែយើងមានព័ត៌មាន ហើយនិងភស្តុតាងគ្រប់គ្រាន់បន្ថែមទៅទៀត ដែលអាចសម្រេចយ៉ាងណាបាន ប៉ុន្តែគ្រាន់តែថា បើបទល្មើសព្រហ្មទណ្ឌ បើសិនជារកទៅឃើញថាមានបទល្មើស អាហ្នឹងត្រូវអនុវត្តហើយ បើសិនជារកឃើញថាមាន ហើយមិនអនុវត្ត អាហ្នឹងទើបប៉ះពាល់ទៅដល់ប្រព័ន្ធយុត្តិធម៌»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក និងលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនទាន់មានការវាយតម្លៃណាមួយនៅឡើយទេលើរឿងនេះ។

លោកស្រី ម៉េង សុភារី មេធាវីប្រចាំការិយាល័យមេធាវី អ៊ុក ភូរិ បានថ្លែងថា សន្តិសុខឈ្មោះ ភឿង ភិរៈ គួរត្រូវបានរួចផុតពីការចោទប្រកាន់នេះ នោះបើផ្អែកលើក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៣៣នេះ។

លោកស្រីមានប្រសាសន៍ដូច្នេះថា៖ «អាវុធហ្នឹង បើតាមយើងមើលទៅ គឺវាមិនសមាមាត្រគ្នាពិតមែន ក៏ប៉ុន្តែយើងឃើញថា ជនដែលស្លាប់ហ្នឹង គាត់ព្យាយាមសម្រុកចូល ហើយយើងឃើញថា ការបាញ់អត់ត្រូវទេ បើសិនជាគាត់បញ្ឈប់សកម្មភាពគាត់នៅពេលនោះ អត់មានរឿងហេតុកើតឡើងដែរ។ ក៏ប៉ុន្តែជនដែលស្លាប់ហ្នឹង គាត់អត់បានបញ្ឈប់សកម្មភាពរបស់គាត់ទេ ព្យាយាមសម្រុកចូលដើម្បីធ្វើការវាយប្រហារ ហើយបើសិនជាពេលនោះ [សន្តិសុខ] គាត់អត់បានការពារខ្លួនគាត់តាមមធ្យោបាយហ្នឹងទេ ខ្ញុំជឿថា មិនមែនអ្នកដែលស្លាប់នោះជាអ្នកស្លាប់នេះទេ គឺសន្តិសុខឈ្មោះ ភឿង ភិរៈ ទៅវិញទេ។ ខ្ញុំគិតថា [សន្តិសុខ] គាត់នឹងអាចស្លាប់បាត់បង់ជីវិត ដោយសារតែស្នាដៃអ្នកដែលស្លាប់នោះ»។

មាត្រា៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា បានចែងពីសិទ្ធិនៃការការពារខ្លួនស្របច្បាប់ថា «បុគ្គល​​ណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។ ការពារពារស្របច្បាប់ ត្រូវមានលក្ខខណ្ឌមួយចំនួន រួមមាន ទី១ បទល្មើសត្រូវបានចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ ទី២ បទល្មើស និងការឈ្លាន​ពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និងគ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន»។

ឈ្មោះ ភឿង ភិរៈ ត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលជាតិផ្នែកតម្រួតបទបញ្ជា ដែលបានឆ្លៀតបំពេញការងារក្រៅម៉ោងជាសន្តិសុខការពារធនាគារ ABA ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនេះ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានអះអាងថា លោក ភឿង ភិរៈ មានសិទ្ធិកាន់កាំភ្លើងស្របតាមច្បាប់ ព្រោះគាត់គឺជាសមត្ថកិច្ចដែលត្រូវបានចាត់តាំងឱ្យទៅការពារធនាគារនេះ។

លោកមានប្រសាសន៍ដូច្នេះថា៖ «រឿងនេះអត់ធំដុំអីរហូតស្រាវជ្រាវច្រើនទេ ព្រោះមើលនឹងភ្នែកឃើញហើយ ទស្សនៈមហាជនតែងតែមានស្រប មានប្រឆាំង មានកណ្តាលអញ្ចឹងហើយ ក៏ប៉ុន្តែសំខាន់គាត់ការពារខ្លួនមែន ហើយគាត់ក៏មានភាពអត់ធ្មត់ច្រើន ប៉ុន្តែអ្នកខ្លះចេះតែចោទអញ្ចេះអញ្ចុះ ព្រោះមានស្លាប់មនុស្ស»។

យ៉ាងណាក្តី បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ដោយព្រះរាជអាជ្ញាបានសម្រេចបន្តការស៊ើបអង្កេតលើករណីនេះបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ