វិភាគ៖ តើអ្វីខ្លះជាយុទ្ធសាស្ត្រដែលជួយកម្ពុជាគេចចេញពីមាត់ជ្រោះនៃជំងឺកូវីដ-១៩?

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលទៅកាន់សហគមន៍ជាលើកទី៣ ​ស្ថិតក្នុងភាពធ្ងន់ធ្ងរ​ ត្បិតការរកឃើញអ្នកឆ្លងជំងឺនេះមានចំនួនច្រើន​នៅឡើយ និងបន្តរីករាលដាលចូលទៅក្នុងសហគមន៍សំខាន់ៗមួយចំនួន ពិសេសទីផ្សារ និងរោងចក្រកាត់ដេរផងដែរ។

គិតត្រឹមថ្ងៃទី១២ ខែមេសានេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានក្រសួងសុខាភិបាលរកឃើញ​អ្នកឆ្លងកូវីដ១៩ មានចំនួន៣ ៩៨២នាក់ ក្នុងនោះ ស្លាប់ចំនួន៣០នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុបបានកើនឡើងដល់៤ ៥១៥នាក់។ ដោយឡែក​ អ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន២ ២១២នាក់ និងកំពុងសម្រាកព្យាបាល២ ២៦៨នាក់។

​ការឆ្លងរីករាលជំងឺកូវីដ-១៩ ​កាន់តែធ្ងន់ធ្ងរ រាជរដ្ឋាភិបាលក៏បានចេញវិធានការជាច្រើន​ដើម្បីកាត់ផ្តាច់ខ្សែចម្លង រួមមានការចេញបម្រាមគោចរបិទការធ្វើដំណើរ និងការជួបជុំរបស់ពលរដ្ឋនៅក្រុងភ្នំពេញពីម៉ោង៨ព្រឹករហូតដល់ម៉ោង៥ភ្លឺ រយៈពេល១៥ថ្ងៃ។ ការចេញបម្រាមបិទការធ្វើដំណើររបស់ពលរដ្ឋពីខេត្តមួយទៅខេត្តមួយ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរយៈពេល១៥ថ្ងៃដែរ។ ការប្រកាសបិទផ្សារលក់ដូរមួយចំនួននៅក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ព្រមទាំងបិទការចរាចរគ្រឿងស្រវឹងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ​។

អាជ្ញាធរមូលដ្ឋានដាក់កម្លាំងយាមកាមដោយធ្វើការផ្អាកដំណើរការផ្សារចាស់ បណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លើសពីនេះ ក៏មានការប្រកាសបិទភូមិជាច្រើនដែលជាតំបន់គោលដៅឆ្លងជំងឺកូវីដ-១៩​ ក្នុងសង្កាត់មួយចំនួននៅរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញការឆ្លងជំងឺនេះជាលក្ខណៈទ្រង់ទ្រាយធំទៅលើអាជីវករនៅផ្សារអូរឫស្សី និងកម្មកររោងចក្រ ឌីន ហាន ជាដើម។

ទោះបីជាបែបនេះក្តី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានចេញសេចក្តីប្រកាស​មួយដោយព្រមានពីគ្រោះមហន្តរាយដែលនឹងកើតមានឡើងបណ្តាលមកពីជំងឺកូវីដ-១៩។ អង្គការ WHO បាននិយាយថា ដើម្បីបញ្ចៀសពីគ្រោះមហន្តរាយនេះ លុះត្រាតែពលរដ្ឋទាំងអស់ចូលរួមសកម្មភាពដោយការទទួលខុសត្រូវ ទាំងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ និងពេលទៅមុខទៀត។  ​

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងអស់ត្រូវនៅផ្ទះរៀងខ្លួន​អំឡុងពិធីបុណ្យចូលឆ្នាំ​ខ្មែរ ដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្លួន។

លើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះ តំណាងអង្គការ WHO ប្រចាំកម្ពុជា អ្នកស្រី លី អៃឡាន ថាកម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយដែលបង្កឡើងដោយជំងឺកូវីដ-១៩។

អ្នកស្រីបន្តថា៖ «ទោះបីជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ  ក៏យើងនៅតែប្រឈមនឹង​ការលំបាកក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើតឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥលូវនេះទេ ប្រព័ន្ធសុខាភិបាលប្រទេសយើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ»។  

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា ​ជាគោលការណ៍​ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា ដូចជា រក្សាអនាម័យគ្រប់ពេលដោយលាងសម្អាតដៃជាប្រចាំ ហើយស្នាក់នៅផ្ទះ ​​ប៉ុន្តែបើចាំបាច់​ចេញក្រៅត្រូវពាក់ម៉ាក់ និងរក្សាគម្លាតសង្គមគ្រប់ពេល។ បន្ថែមពីនេះ បញ្ហារបបអាហារប្រចាំថ្ងៃ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានឆាប់រហ័ស ក៏ជាវិធានការចាំបាច់ដែរ​។

ជាមួយគ្នានេះ លោក មឿន តុលា ថារដ្ឋាភិបាលក៏ត្រូវមានវិធានការចាំមួយចំនួន​ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ខណៈលោកមើលឃើញការជួយរបស់រដ្ឋាភិបាលកន្លងមក ​នៅមិនទាន់ទូលំទូលាយទេ។    

លោកបន្ថែមថា៖«ការប្រយុទ្ធជាមួយកូវីដនេះ មិនមែនរដ្ឋតែម្នាក់ឯងធ្វើបានទេ មិនមែនអាជ្ញាធរម្នាក់ឯងធ្វើបានទេ គឺទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ ហើយចូលរួមដោយពេញចិត្ត។ ចូលរួមដោយស្រុះស្រួលគ្នា ហើយកុំព្យាយាម​ប្រើ​អារឿងចាប់បង្ខំគេច្រើនពេក។ ការចូលរួមស្រុះស្រួលគ្នានេះ រដ្ឋត្រូវបញ្ចេញកញ្ចប់ថវិកា ដើម្បីជួយប្រជាពលរដ្ឋហើយ ដូចជារឿងលើកពេលប្រមូលការប្រាក់ ឬបំណុលពីកូនបំណុលអីនេះ ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះមនុស្សនៅពេលមានបន្ទុកគឺមនុស្សអត់នៅផ្ទះទេ មនុស្សត្រូវថ្លឹងទៅលើក្រពះធ្ងន់ជាង»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា WHO លើកឡើងបែបនេះដោយមើលឃើញភាពខ្វះការ​ប្រុងប្រយ័ត្នរបស់ពលរដ្ឋខ្មែរនៅតែមាន ខណៈការឆ្លងថ្មីហក់ឡើងយ៉ាងគំហុក ​និងស្របពេលប្រព័ន្ធសុខាភិបាលខ្មែរជួបបញ្ហាប្រឈមច្រើន ម្យ៉ាងធនធានរដ្ឋដើម្បីជួយពលរដ្ឋក្នុងស្ថានភាពលំបាកនេះនៅមានកម្រិតថែមទៀត។

លោកថា ដើម្បីទាញកុំឱ្យកម្ពុជាធ្លាក់ទៅក្នុងជ្រោះកូវីដ-១៩ ក្នុងស្ថានភាពនេះ ពលរដ្ឋនិងរដ្ឋាភិបាលត្រូវ​ចូលរួមទាំងអស់គ្នា ដោយការយល់និងស្មោះត្រង់ ជាជាងការចាប់បង្ខំតែមួយមុខនោះ។

បណ្ឌិត មាស នី មានប្រសាសន៍៖ «អ៊ីចឹងយើងចង់ឱ្យមានការចូលរួមដោយសុទ្ធចិត្ត ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹង រដ្ឋាភិបាលក៏ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើ​ផលប៉ះពាល់ទាំងឡាយ​ដែលវាបានរាលដាល​ទៅ​ដល់សេដ្ឋកិច្ចរបស់គ្រួសារនីមួយៗ ពិសេសពលរដ្ឋនៅក្នុងតំបន់​ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញ​ហ្នឹង គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល​ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ថាតើត្រូវជួយដោយរបៀបណា តាមលទ្ធភាពដែលរដ្ឋមាន?»

ពាក់ព័ន្ធសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP កាលពីបីថ្ងៃម្សិលមិញ បានបង្ហាញការយល់ឃើញថា ​ព្រឹត្តិការណ៍ឆ្លងសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ពិតជាមានស្ថានភាពធ្ងន់ធ្ងរមែន។

ប៉ុន្តែ GDP យល់ថា កម្ពុជាអាចនៅគ្រប់គ្រងស្ថានភាពបានល្អ ជាពិសេសបើរដ្ឋាភិបាលនិងប្រជាពលរដ្ឋសហការគ្នានូវចំណុចមួយចំនួន ដូចជា ​គ្រប់គ្រងចង្កោមឆ្លងសំខាន់ៗដែលមានស្រាប់នៅរាជធានីភ្នំពេញ ក្រុងបាវិត ស្រុកកោះធំ ក្រុងព្រះសីហនុ ដោយធានាថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវបានធ្វើតេស្ត និងធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ និងគ្រប់គ្រងកុំឱ្យមានការឆ្លងបន្ថែមពីករណីនាំចូលថ្មី។

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋដែលរស់នៅតំបន់ផ្សារអូរឫស្សី ដែលសង្ស័យថាបានពាក់ព័ន្ធដោយផ្ទាល់និងប្រយោលអ្នកជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ប្រភពដដែលថា រដ្ឋត្រូវបង្កើនសមត្ថភាពទទួលព្យាបាលអ្នកឆ្លងឱ្យបានរហូតដល់១០ ០០០នាក់ និងបង្កើនការជួយខាងផ្នែកសេដ្ឋកិច្ចដល់អ្នកឆ្លងកូវីដ-១៩ អ្នកធ្វើចត្តាឡីស័ក ដូចជា ស្បៀងអាហារ ប្រាក់ឧបត្ថម្ភបន្ថែម និងសម្រួលការបង់ថ្លៃទឹក ភ្លើង ធនាគារផងដែរ។ ជាងនេះទៀត បង្កើនល្បឿនចាក់វ៉ាក់សាំងដល់កម្មកររោងចក្រ អ្នកលក់ដូរតាមផ្សារ អ្នករស់នៅ និងប្រកបមុខរបរនៅតាមតំបន់រោងចក្រ និងតំបន់កម្មករស្នាក់នៅ។

ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ បន្ថែមថា​ ការអនុវត្តបានល្អនូវវិធានការសំខាន់ៗទាំងនេះ និងវិធានការផ្សេងៗទៀត ពិតជាអាចជួយកម្ពុជាមិនឱ្យធ្លាក់ចូលជ្រោះសោកនាដកម្មដោយសារកូវីដ-១៩បាន ហើយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចនឹងធូរស្រាលឡើងវិញក្នុងពេលឆាប់ៗទៀតផង។

ប៉ុន្តែលោកនៅ​ព្រួយបារម្ភចំពោះការគ្រប់គ្រង និងការចូលរួមរបស់ពលរដ្ឋ​ដើម្បីឆ្លើយតបបញ្ហានេះមិនបានត្រឹមត្រូវ៖ «ប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺមានតែ២ឬ៣ចំណុចដដែល។ ទី១ តើយើងកំណត់ការចម្លងចង្កោមហ្នឹងច្បាស់លាស់អត់? បើយើងអត់ដឹងច្បាស់លាស់ថា ឆ្លងពីណា? ហើយអ្នកហ្នឹង​ឆ្លងពីកន្លែងណា? ហើយអ្នកណាខ្លះពាក់ព័ន្ធ? អាហ្នឹងជាបញ្ហាហើយ។ ទី២ អាហ្នឹងមិនបាច់ឱ្យគេប្រាប់ គេណែនាំឬប្រើច្បាប់អី រឿងពាក់ម៉ាស់។ ពាក់គ្រប់គ្នាទៅ ទោះបីជាយើងនៅកន្លែងមានមនុស្សតិចឬនៅក្នុងគ្រួសារក៏ដោយ។ ទី៣ ធ្វើម៉េចកុំឱ្យមានករណីនាំចូល»។​

ដោយឡែក អ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា បញ្ហាប្រឈមចំពោះមុខរបស់កម្ពុជា គឺកង្វះខាតថវិកាគ្រប់គ្រាន់ដើម្បីជួយសេដ្ឋកិច្ចពលរដ្ឋអំឡុងវិបត្តិកូវីដ-១៩ និងគ្មានប្រាក់ស្តារសេដ្ឋកិច្ចជាតិក្រោយពេលកូវីដ-១៩បញ្ចប់។ បញ្ហានេះ លោកទាមទារឱ្យអ្នកដឹកនាំនយោបាយទាំងអស់ត្រូវស្វែងរកកិច្ចចរចានយោបាយបន្ទាន់មួយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិពេលនេះ។​

លោកបន្តថា៖ «ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មានប្រសិទ្ធភាព គឺទាល់តែរដ្ឋាភិបាលប្រើលុយដើម្បីព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ គឺជំងឺដែលពលរដ្ឋខ្លាចធនាគារមីក្រូហិរញ្ញវត្ថុ ជំងឺដែលពលរដ្ឋខ្លាចរដ្ឋាករទឹក ភ្លើង ជំងឺដែលពលរដ្ឋខ្លាចឈ្នួលផ្ទះ និងជំងឺដែលពលរដ្ឋខ្លាចអត់បាយ។ ហើយដើម្បីព្យាបាលជំងឺទាំងនេះ គឺមានតែការប្រើលុយទេ ហើយដើម្បីអាចរកលុយបានយកមកព្យាបាល គឺទាល់តែអ្នកនយោបាយហ្នឹងចេះផ្សះផ្សារគ្នា ដើម្បីរកជំនួយពីសហគមន៍អន្តរជាតិ ជាជំនួយមនុស្សធម៌ក្តី ឬជាជំនួយកម្ចីបែបគ្មានការប្រាក់ក្តី ឬមានការប្រាក់ដែលទាបបំផុត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ