មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​មួយ​រូប​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​

រូបលោក ម៉ៅ អាយុទ្ធ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៉ី ដោយជំងឺកូវីដ-១៩។

សេចក្តីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ លើទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៥ ខែមេសានេះ បញ្ជាក់ថា រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយសារជំងឺកូវីដ-១៩។

​អនុគណៈកម្មការស្រាវជ្រាវជំងឺកូវវីដ-១៩ សរសេរថា៖ «យើងខ្ញុំសូមចូលរួមមរណទុក្ខ​ជាមួយគ្រួសារនៃសព»។

រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ មានវ័យ៧៧ឆ្នាំ រស់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រោយពេលធ្វើតេស្តរកឃើញវិជ្ជមានជំងឺនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តរូបនេះ ​មានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ទាំងស្នាដៃផលិតខ្សែភាពយន្ត ផលិត​វីដេអូចម្រៀងកាយវិការ កំណាព្យ និងប្រលោមលោក ជាដើម។

លោក​បាន​ប្រឡូកក្នុង​​វិស័យ​ភាពយន្ត​ខ្មែរ​តាំង​ពី​សម័យសាធារណរដ្ឋខ្មែរ រហូត​ដល់ពេល​បច្ចុប្បន្ន។ ​ស្នាដៃ​និពន្ធ និងផលិតភាពយន្តល្បីល្បាញរបស់​លោក រួមមាន រឿង «បិទ​ភ្នែក​ហែក​ទ្រូង» ​​​ជា​ស្នាដៃ​ផលិត​ និង​ដឹកនាំដំបូង​របស់លោក ​​ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ១៩៧៣។ រឿង «ចិត្តចងចាំ» ​ផលិតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ​រឿង «ឆ្អឹងអណ្តែត» ផលិត​អំឡុងទសវត្សរ៍ឆ្នាំ១៩៩០​។

ចំណែកស្នាដៃរបស់លោកដែលល្បីល្បាញខ្លាំងនាសម័យកាលទំនើប គឺ​រឿង «នេសាទ​ក្រពើ» ដែល​ទទួល​ពាន​មាស​ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិលើកទី២ ឆ្នាំ២០០៥ ​និងរឿង​ល្បីល្បាញមួយទៀតដែលជារឿងបែប​ប្រវត្តិសាស្រ្ត​ប្រចាំ​ឆ្នាំ​២០១៧ ​ គឺរឿង «ហ្លួង​ព្រះ​ស្តេច​កន» ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ