លោក​ ហ៊ុន​ សែន​ ដាក់​បញ្ជា​បន្ថែម​ហាម​ពលរដ្ឋ​ចេញ-ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៦ ខែមេសានេះ បានដាក់បទបញ្ជាបន្ថែមហាមប្រជាពលរដ្ឋមិនឱ្យចេញ-ចូលពីផ្ទះមួយទៅផ្ទះមួយនៅក្នុងតំបន់បិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ថ្លែងសារសំឡេងពិសេសមួយនៅល្ងាចថ្ងៃសុក្រនេះ ​លោក ហ៊ុន សែន មានប្រសាសន៍ថា បើមិនមានកិច្ចសហការពីប្រជាពលរដ្ឋទេ លោកបានព្រមានពីការពន្យារពេលក្នុងការអនុវត្តវិធានការបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងបណ្តាខេត្តមួយចំនួនទៀត។

បទបញ្ជាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោកបានកត់សម្គាល់ថា ក្រោយការដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលពីរថ្ងៃមកនេះ ចរាចរណ៍មនុស្សនៅតែបន្តមាន។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះបញ្ជាទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតសម្រាប់ពលរដ្ឋរបស់យើងពេលនេះ នៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណាគឺនៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ នៅទីកន្លែងណាគឺនៅទីកន្លែងនោះ ក្នុងរយៈពេល១៤ថ្ងៃ»។

ស្របពេលនៃការដាក់ចេញបទបញ្ជានេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានប្រកាសនៅក្នុងកិច្ចប្រជុំមួយនៅព្រឹកមិញនេះថា ក្រុងតាខ្មៅ នឹង​បិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ  និងពីភូមិមួយទៅភូមិមួយឡើយ ក្នុងរយៈពេល១៤ថ្ងៃ។

អភិបាលខេត្តកណ្ដាលបានបន្តថា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវផ្ដោតសំខាន់លើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ។

ប៉ុន្តែបម្រាមនេះ ត្រូវបានលើកលែងតែកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារជាក់ស្តែងទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជំងឺជាក់ស្តែងផងដែរ។

លោកបានបញ្ជាក់ថា ចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតឱ្យលក់ធម្មតា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតឱ្យមកទិញគ្រឿងឧបភោគបរិភោគយកទៅផ្ទះ ត្រឹមតែ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ រីឯហាងលក់ សម្ភារផ្សេងៗ ដូចជា កន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិច និងផ្ទះសំណាក់ នឹងត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃតែម្ដង។

ជាមួយគ្នានេះ ​លោកនាយករដ្ឋមន្ត្រី​ ក៏បានដាក់បទបញ្ជាដាច់ណាត់ចំពោះអ្នកដែលចាកចេញពីទីក្រុងភ្នំពេញកន្លងមក គឺមិនអនុញ្ញាតឱ្យវិលត្រលប់ចូលក្នុងទីក្រុងភ្នំពេញវិញនោះទេ រហូតដល់ទីក្រុងភ្នំពេញបើកឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ