បិទ​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​រយៈ​ពេល​១៤​ថ្ងៃ​ ក្រោយ​រក​ឃើញ​អាជីវករ​៦នាក់​វិជ្ជមាន​កូវីដ-១៩

ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះសីហនុ ចុះបិទដំណើរការអាជីវកម្មផ្សារលើ ជាបណ្ដោះអាសន្ន ក្រោយពីរកឃើញមានអាជីវករលក់ដូរក្នុងផ្សារនោះមានកូវីដ-១៩។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយរកឃើញអាជីវករផ្សារនេះចំនួន៦នាក់មានវិជ្ជមានជំងឺកូវីដ-១៩ និង ៥នាក់ទៀតកំពុងធ្វើចត្តាឡីស័ក។

សេចក្តីសម្រេច​របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសានេះ បញ្ជាក់ថា ផ្សារលើ ត្រូវបានផ្អាកការលក់ដូរឬធ្វើអាជីវកម្មទាំងអស់រយៈពេល១៤ថ្ងៃ ប៉ុន្តែត្រូវបានលើកលែងចំពោះ​អាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគបរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក និងបន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្តផងដែរ។ ចំណែកការលក់ដូរអាហារឆ្អិនស្រាប់​ អាចលក់ដូរបាន ប៉ុន្តែត្រូវវេចខ្ចប់ជូនអតិថិជន។

សេចក្តីសម្រេច ត្រូវអនុវត្តចាប់ពីម៉ោង៣រសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោមហេតុផលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីសម្រេចបញ្ជាក់ថា៖ «អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាកនៅ វេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ [រួមទាំងថ្ងៃឈប់សម្រាក]»។

​អាជ្ញាធរខេត្តបន្ថែមថា អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ សូមលើកទឹកចិត្ត​អាជីវករនិងអតិថិជនទាំងអស់ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូរទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម។

លោកថា ការធ្វើដូចនេះដើម្បីកាត់បន្ថយជាអតិបរមាក្នុងការប្រើប្រាស់លុយសុទ្ធដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនកើនដល់​៤ ៩៣៨នាក់ និងស្លាប់ចំនួន៣៨នាក់​ គិត​ត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃសុក្រនេះ ​អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេសសរុបចំនួន៥ ៤៨០នាក់ ព្យាបាលជាសះស្បើយ២ ៣៩៣​នាក់ និងកំពុងសម្រាកព្យាបាល៣ ០៤៤នាក់។

ដោយសារការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កាន់​តែ​កើន​​​ឡើង​ឥតឈប់ឈរ និងបណ្តាលឱ្យពល​រដ្ឋស្លាប់ជាហូរហែ រដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការទប់ស្កាត់ជំងឺនេះជាបន្តបន្ទាប់។

វិធានការទាំងនោះ ដូចជា ផ្អាកការធ្វើ​ដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ ការប្រកាសបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ផ្អាកឬបិទផ្សារលក់ដូរមួយចំនួនដែលរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩។ ផ្អាកការធ្វើដំណើរឬការជួបជុំពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ហាមមិនឱ្យមានការចរាចរគ្រឿងស្រវឹង ​ការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងភូមិសាស្រ្តខ្លះទៀតក្នុងខេត្តមួយ​ចំនួនដែលផ្ទុះជំងឺនេះជាដើម ប៉ុន្តែអាជ្ញាធរក៏លើកលែង​ករណីចាំបាច់មួយចំនួនផងដែរ៕ ​


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៖ «អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយរកឃើញអាជីវករផ្សារនេះចំនួន១៣នាក់មានវិជ្ជមានជំងឺកូវីដ-១៩ជាបន្តបន្ទាប់។» ខ្លឹមសារដែលត្រឹមត្រូវគឺ «អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយរកឃើញអាជីវករផ្សារនេះចំនួន៦នាក់មានវិជ្ជមានជំងឺកូវីដ-១៩ និង ៥នាក់ទៀតកំពុងធ្វើចត្តាឡីស័ក​»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ