វិភាគ៖​ តើ​ពលរដ្ឋ​គួរ​ធ្វើ​និង​ចៀសវាង​ឥរិយា​បថ​បែប​ណា​ខ្លះ​ ដើម្បី​ជា​ចំណែក​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩?​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោក បញ្ហាវិបត្តិជំងឺកូវីដ-១៩បានបន្តរីករាលដាលឥតស្រាកស្រាន្ត និងបានសម្លាប់ជីវិតមនុស្សឥតឈប់ឈរ។

សម្រាប់ប្រទេសកម្ពុជា ជំងឺនេះបានរកឃើញថាឆ្លងចំនួនដល់ជាង៦ពាន់នាក់ និងបានសម្លាប់ជីវិតពលរដ្ឋខ្មែរនិងបរទេសជាង៤០នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ។

ការរីករាលដាលឆ្លងចូលសហគមន៍កាន់តែខ្លាំង ពិសេសចូលទៅកាន់ទីផ្សារ រោងចក្រ ស្ថាប័នរដ្ឋ និងសហគ្រាសឯកជនមួយចំនួន​ ក៏បានជំរុញឱ្យរដ្ឋាភិបាល​មានវិធានការជាបន្តបន្ទាប់ ដូចជា វិធានការបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ បិទការជួបជុំនៅតំបន់ខ្លះ បិទការចរាចរគ្រឿងស្រវឹងនៅទូទាំងប្រទេស បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងភូមិសាស្ត្រខ្លះទៀតនៃបណ្តាខេត្តដែលរកឃើញជំងឺនេះជាដើម។ ​

ស្របពេលស្ថានការណ៍ស្រុកទេសកាន់តែអាក្រក់បង្កឡើងដោយជំងឺកូវីដ-១៩ គេក៏សង្កេតឃើញឥរិយាបថមួយចំនួនរបស់ពលរដ្ឋខ្មែរបានលេចចេញឡើង ទាំងស្មារតីនៃការសាមគ្គីភាព និងស្មារតីខ្វះការទទួលខុសត្រូវ។  

ជាក់ស្តែង ពលរដ្ឋខ្លះ​ក៏បានរៀបចំជាម្ហូបបាយនិងស្បៀងអាហារខ្លះ​ដាក់នៅមុខផ្ទះ ឬចុះចែកពលរដ្ឋ​ក្រីក្រ ដោយមើលឃើញ​នូវភាពខ្វះខាតនិងបញ្ហាប្រឈម​​​របស់ពួកគេអំឡុងនៃការបិទខ្ទប់ក្រុងនោះ។ ការឧបត្ថម្ភថវិកាឬជំនួយផ្សេងៗទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បានប្រកាសចុះចែកអំណោយមួយចំនួន​ជូនពលរដ្ឋក្រីក្រ​ក្នុងដំណាក់កាលដ៏លំបាកនេះ​។ ការបញ្ចុះតម្លៃ​ឬមិនយកថ្លៃផ្ទះជួល បន្ទប់ជួល​ពីសំណាក់ម្ចាស់ផ្ទះខ្លះ​ក្នុងពេលកំណត់ណាមួយ ដើម្បីសម្រួលការលំបាករបស់​អ្នកជួលផ្ទះរបស់ខ្លួន។ ការលក់ទំនិញដោយមិនមានការកេងប្រវ័ញ្ច ឬលក់បញ្ចុះតម្លៃក្នុងស្ថានការណ៍លំបាកនេះ ព្រមទាំង​ចូលរួមគោរពតាមវិធានការនានា​ដែលរដ្ឋាភិបាលដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។

ទន្ទឹមឥរិយាបថនៃភាពសាមគ្គីបានកើតឡើង ឥរិយាបថខ្វះការទទួលខុសត្រូវឬបង្ហាញពីសីលធម៌មិនល្អ​របស់ពលរដ្ឋក៏កើតឡើងដែរ។ ឥរិយាបថខ្វះការទទួលខុសត្រូវ​​ទាំងនោះ ដូចជា ការហាមប្រាមមិនឱ្យពលរដ្ឋធ្វើចរាចរណ៍ក្នុងតំបន់រាំងខ្ទប់ និងចេញពីខេត្តមួយទៅខេត្តមួយ ប៉ុន្តែមានពលរដ្ឋខ្លះនៅតែបំពាន។ ការហាមមិនឱ្យជួបជុំផឹកស៊ី ឬពិសាគ្រឿងស្រវឹង ប៉ុន្តែពលរដ្ឋខ្លះនៅតែមិនព្រមស្តាប់ ហើយបង្ហោះសកម្មភាពទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ ការលួចដំឡើងថ្លៃទំនិញក្នុងពេលពលរដ្ឋជួបការលំបាក ការដណ្តើមគ្នាទិញទំនិញឬសម្ភារប្រើប្រាស់ច្រើនហូរហែសម្រាប់ស្តុកទុក ដោយមិនខ្វល់ថាអ្នកផ្សេងបានឬមិនបាន ការលូកដៃយកជំនួយមនុស្សធម៌ទាំងដែលខ្លួនឯងជាអ្នកមានជីវភាពប្រសើរ ជាដើម។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ​ឥរិយាបថខ្វះការទទួលខុសត្រូវឬខ្វះសីលធម៌មួយចំនួន​ គឺបានឆ្លុះបញ្ចាំងពីគុណភាពផ្លូវចិត្ត និងស្ថានភាពសីលធម៌សង្គមដែលពីមុនមកហាក់ត្រូវបានគេមើលរំលង។ ​

បណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា៖ «នៅក្នុងស្នូលនៃការអប់រំ សីលធម៌ គឺជាធាតុសំខាន់ដែលមិនអាចខ្វះបាន។ បើយើង​យកវាស់វែងចំណេះដឹងកូនចៅយើង ដោយមិនយកម៉ែត្រទៅវាស់ហ្នឹង តើយើងសង្ឃឹមថាពួកគាត់​យកចិត្តទុកដាក់​រៀនផ្នែកសីលធម៌ហ្នឹងដែរឬទេ។ ទី២ ការអប់រំក្រៅប្រព័ន្ធហ្នឹងក៏នៅមានកម្រិតដែរ ទាំងនៅក្នុងស្ថាប័នអប់រំ ក្នុងគ្រួសារ នៅតាមវត្តអារាម តាមវិហារសាសនា ការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយអីហ្នឹង គឺការលើកយកអំពីសីលធម៌សង្គម ស្មារតីសង្គម មនសិការជាតិ តួនាទីរបស់ប្រជាពលរដ្ឋ ឬពលរដ្ឋវិជ្ជាហ្នឹង វាតិចណាស់ បើប្រៀបធៀបទៅនឹងប្រធានបទផ្សេងទៀត ដែលសង្គមយើងច្រើនតែមើលរំលង។ ទី៣ ​ឥរិយាបថពលរដ្ឋឆ្គាំឆ្គងហ្នឹង ក៏វាឆ្លុះបញ្ចាំងអំពីការបំពុលក្នុងសង្គមយើងផងដែរ ដែលសង្គមយើងខ្វះគំរូល្អ ជាពិសេសទាំងអ្នកមានទ្រព្យ និងតួនាទី មានអំណាចខ្ពស់ហ្នឹងមួយចំនួនធំ ខ្ញុំនិយាយមិនមែនទាំងអស់ទេ គឺខ្ញុំបញ្ជាក់ឱ្យច្បាស់។ គាត់មិនបានបង្ហាញឬបន្សល់នូវគំរូល្អដល់ពលរដ្ឋទូទៅទេ បាទ»។

បណ្ឌិត​រូបនេះបន្តថា ​នៅពេលគេនិយាយអំពីភាពខ្វះចន្លោះរបស់ពលរដ្ឋក្នុងសង្គមមួយ គេក៏ត្រូវនិយាយ​អំពីប្រព័ន្ធក្នុងការគ្រប់គ្រងរដ្ឋ​ ឬការទទួលខុសត្រូវរបស់រដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ​

ព្រឹត្តិការណ៍នៃវិបត្តិកូវីដ-១៩ លោកថា បានបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ស្មារតីសង្គមឬសីលធម៌សង្គមនៅ​មានកម្រិតទាបនៅឡើយ។

​លោកបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ឡើងវិញថា យើងបាត់គ្រឹះផ្នែកស្មារតីសង្គម ទាក់ទងទៅនឹងការជឿជាក់គ្នា ការទុកចិត្តគ្នា ការចេះស្តាប់គ្នា សាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋ នៅពេលសង្គមប្រឈមមុខនឹងបញ្ហា យើងអត់ទាន់មានអាហ្នឹងទេ។ ព្រឹត្តិការណ៍នេះ [វិបត្តិកូវីដ-១៩] បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ហើយ ទោះបីជាសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កើនឡើង៦ឬ៧ភាគរយក្នុងមួយឆ្នាំ ហើយ GDP ហើយអគារខ្ពស់ស្កឹមស្កៃសម្បូរច្រើននៅក្រុងភ្នំពេញ ប៉ុន្តែស្មារតីសង្គមយើង បើយើងប្រៀបធៀបទៅ នៅទាបណាស់! សីលធម៌សង្គមយើងនៅទាបឆ្ងាយណាស់។ វាមិនបានលូតដូចសេដ្ឋកិច្ចដែលយើងនាំគ្នាធ្វើពព្រាក់ពព្រើតដូចរាល់ថ្ងៃនេះ»។  

ប្រហែលជាដោយសារការនិយាយគ្នាស្តាប់មិនបាន ឬខ្វះការទទួលខុសត្រូវរបស់ពលរដ្ឋអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រមួយចំនួននេះហើយ ទើបមានសារជាសំឡេងដែលគេស្គាល់ថាជាសំឡេងប្រមុខដឹកនាំ បានបញ្ជាឱ្យមេកងទ័ព មេកងរាជអាវុធហត្ថ ​ជាដើម ត្រៀមពង្រាយកម្លាំងដើម្បីចាត់វិធានការលើពលរដ្ឋដែលល្មើសបម្រាម និងមន្ត្រីនគរបាលដែលគប់គិតទៀតផង។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា ការមិនអនុវត្តនូវវិធានការរបស់រដ្ឋាភិបាល ​មួយផ្នែកអាចដោយសារពលរដ្ឋមិនបានដឹងពីសេចក្តីសម្រេចទាំងនោះ ត្បិតមានសេចក្តីសម្រេចឬវិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ខណៈការផ្សព្វផ្សាយទៅកាន់ពលរដ្ឋនៅមានកម្រិតនៅឡើយ។

​ក្នុងករណីដែលពលរដ្ឋនោះដឹងហើយ ឮហើយ អំពីវិធានការនានារបស់រដ្ឋាភិបាល ប៉ុន្តែពួកគេនៅតែបំពាន កញ្ញា​ថា នោះគឺជាការបង្ហាញពីកង្វះសីលធម៌ ឬខ្វះការទទួលខុសត្រូវរបស់ពលរដ្ឋទាំងនោះក្នុងការអនុវត្តច្បាប់ផងដែរ។

កញ្ញា លី ស្រីស្រស់ បន្តថា៖ «​ ប្រសិនបើពួកគាត់ជុំជួបទាំងដែលគាត់បានដឹងទៅលើវិធានការផ្សេងៗដែលមាន អាហ្នឹងវាបង្ហាញច្បាស់ណាស់ថា គាត់ហ្នឹងហាក់បីដូជាមានបុគ្គលិកលក្ខណៈអវិជ្ជមានទៅលើបម្រាមគោចរ ឬក៏ក្រមសីលធម៌គោរពច្បាប់ទាំងអស់ហ្នឹងនៅមានកម្រិត»។

បណ្ឌិត ប៉ា ចន្ទរឿន ផ្តល់ជាអនុសាសន៍ថា ដើម្បីឱ្យពលរដ្ឋប្រទេសមួយមានវិន័យនិងក្រមសីលធម៌ល្អប្រសើរ គឺទាមទារឱ្យប្រទេសនោះលើកកម្ពស់សាមគ្គីភាពជាតិឡើងវិញ។ ការរឹតចំណង ការបង្កើនភាពទុកចិត្តគ្នា ការយល់គ្នា និង​សហការជាមួយគ្នាទៅវិញទៅមករវាងរាស្ត្រនិងរដ្ឋ ក៏ត្រូវពង្រឹងឡើងវិញ។

អ្វីដែលសំខាន់ទៀតនោះគឺការអប់រំ ដោយលោកថា ការអប់រំពិតជាសំខាន់ណាស់​ក្នុងការជំរុញឱ្យមានស្មារតីជាតិ និងសីលធម៌សង្គមល្អឡើងវិញ។ បន្ថែមពីនេះ ភាពជាគំរូល្អសម្រាប់ពលរដ្ឋ​យកតម្រាប់តាម​ពីសំណាក់​អ្នកមានប្រាក់ អ្នកមានអំណាច ឬអ្នកដឹកនាំកំពូលៗរបស់រដ្ឋ ក៏ជារឿងសំខាន់ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ