លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​មាន​ការ​ឃ្លាំ​មើល​ការ​លួច​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​តាម​ផ្លូវ​ទឹក​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាបន្ថែមឱ្យអភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ​ត្រួតពិនិត្យ​​កា​រលួច​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​រាជ​ធា​នី​ភ្នំពេញទៅខេត្ត​តាមរយៈមធ្យោបាយផ្លូវទឹក។

យោងតាមបទបញ្ជាជាសំឡេងដែលបាន​ចែកចាយតាមបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៨ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ការព្រួយបារម្ភថា អាចមានការលួចឆ្លងចេញ-ចូលពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា ដោយការប្រើប្រាស់មធ្យោបាយផ្លូវទឹក ជាពិសេសតាមរយៈទូកនេសាទដែលអាចនាំដល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសារជាសំឡេងនោះ លោកបានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងខេត្តចំនួន៣ទៀត រួមមាន ខេត្តកណ្តាល កំពង់ចាម និងព្រៃវែង ត្រូវទប់ស្កាត់ករណីនេះ។ ក្រៅពីនោះ លោកក៏បាន​បញ្ជាទៅ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុវត្តវិធានការនេះផងដែរ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានអះអាងប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ​ថា បន្ទាប់ពីទទួលបានបទបញ្ជានេះ លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានធ្វើរដ្ឋបាលនៅតាមស្រុកសំខាន់ៗចំនួន៩ ដែលមានភូមិសាស្ត្រជាប់ទន្លេ។

លោកបន្តថា៖ «វាមានហ្នឹងហើយ បានយើងមានការប្រុងប្រយ័ត្ន! ប៉ុន្តែគ្រាន់ថា វាមានកម្រិតទាប ព្រោះថា មធ្យោបាយផ្លូវទឹកនេះ វាលំបាកណាស់! ខ្ញុំបានជម្រាបមិញហើយថា វិធានការយើងធ្វើរដ្ឋបាលនៅឯស្រុកភូមិឃុំនោះ ដោយមានសមត្ថកិច្ច អាជ្ញាធរ ហើយធ្វើការដោយសុំយន្តការពីក្រុមការងារ មានមធ្យោបាយអីសម្រាប់ត្រួតពិនិត្យរឿងហ្នឹង! យើងឃើញអីមានលក្ខណៈមិនស្រួល ព្រោះទន្លេយើងក៏មិនឆ្ងាយដាច់កន្ទុយភ្នែកអីដែរ យើងមើលមួយចំហៀងម្នាក់ឃើញតើ! បាទ! មើលទៅវាប្លែក មានលក្ខណៈអីមិនស្រួល ខុសពីអ្នករកត្រី ខុសពីអ្នករកអាជីវកម្មធម្មតា យើងនឹងចុះប្រតិបត្តិការទៅភ្លាម»។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មិនអាចលើកឡើងពីករណីជាក់លាក់ណាមួយពាក់ព័ន្ធករណីពលរដ្ឋលួចធ្វើដំណើរតាមមធ្យោបាយផ្លូវទឹកនេះទេ។ ប៉ុន្តែលោកបានអះអាងថា ប្រសិនបើមានករណីនេះកើតឡើង នោះអាជ្ញាធរនឹងចាត់វិធានការភ្លាម។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បាននៅឡើយទេ ជុំវិញវិធានការរបស់ខេត្តនីមួយៗ។

ប៉ុន្តែអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់ វីអូឌី ថា បន្ទាប់ពីទទួលបានបទបញ្ជានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង៤ ត្រៀមអនុវត្តតាមរយៈការដាក់ពង្រាយអូប័រ​ល្បាត​​នៅ​តាម​ដង​ទន្លេ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលដែលមានផ្លូវទឹក​ច្រើន។

លោក​បន្តថា៖ «អូប័រ គឺមិនទាន់បានកំណត់ប៉ុន្មានគ្រឿងទេ តែអូប័ររបស់យើងអាចគ្រប់គ្រងស្ថានភាពផ្លូវទឹកហ្នឹងបានទាំងអស់! ភូមិសាស្ត្រ ជាពិសេសយើងមើលទៅគឺខេត្តកណ្តាល ដែលជាចំណុចមួយដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយនិងរាជធានីភ្នំពេញផ្ទាល់តែម្តង។ បាទ! កម្លាំងយើងបានត្រៀមហើយ យើងមានកម្លាំងអន្តរាគមន៍របស់យើង ហើយនិងកម្លាំងមូលដ្ឋានរបស់យើងនៅទីនោះ»។

តំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាតំប​ន់ភូមិសាស្ត្រពីរដែលរដ្ឋាភិបាលចាត់ទុកថាជា «តំបន់ក្រហម» ដែលមានការរឹតបន្តឹងខ្លាំងក្នុងការធ្វើដំណើរចេញឬចូល។

កាលពីល្ងាចថ្ងៃទី១៦ ខែមេសា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានដាក់បទបញ្ជាដាច់ណាត់ចំពោះអ្នកដែលបានចាកចេញពីរាជធានីភ្នំពេញហើយ (មុនពេលវិធានការបិទខ្ទប់) មិនអនុញ្ញាតឱ្យវិលត្រលប់ចូលវិញនោះទេ រហូតដល់រាជធានីភ្នំពេញបើកឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ