វិភាគ៖​ តើ​កម្ពុជា​អាច​នឹង​មាន​​បក្ស​ប្រឆាំង​ធំ​មួយ​សម្រាប់​ចូល​រួម​ការ​​បោះឆ្នោត​ឆ្នាំ​២០២២​ និង​២០២៣​ទេ?​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គណបក្សសង្រ្គោះជាតិ ត្រូវបាន​សាធារណជនជាតិនិងអន្តរជាតិ សន្មតថា ជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា មុនបក្សនេះ​ត្រូវបានតុលាការកំពូលសម្រេចរំលាយទាំងស្រុងកាលពីចុងឆ្នាំ២០១៧ ហើយមកទល់ពេលនេះ​នៅមិនទាន់មានបក្សប្រឆាំងធំណាមួយអាចជំនួសបក្សនេះបាន​នៅឡើយទេ។

ការចាប់ប្រធានអតីត​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ហើយរំលាយគណ​បក្សប្រឆាំងដែលមានអ្នកគាំទ្រប្រមាណពាក់កណ្តាលប្រទេស​​នោះ ត្រូវបានក្រុមអ្នកតាមដានចាត់ទុកថា​ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដំបូងគេ ដែលបានកើតឡើង​ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ឆ្នាំ១៩៩១មក។

ជាង៣ឆ្នាំមកនេះ វិបត្តិនយោបាយនៅកម្ពុជា នៅតែពុំទាន់អាចរកច្រកចេញបាននៅឡើយ​ ត្បិតអតីត​​បក្សប្រឆាំងធំមួយនេះនៅមិនទាន់មានជីវិតរស់ឡើងវិញនៅឡើយ ហើយបក្សប្រឆាំងដែលមានកម្លាំងអ្នកគាំទ្រប្រហាក់ប្រហែលអតីត​​គណបក្សសង្រ្គោះជាតិ ក៏នៅ​មិនទាន់លេចចេញជារូបរាងនោះដែរ។

លើសពីនេះ សំណុំរឿងក្តីក្តាំអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអតីតសហប្រធាន​​បក្សនេះ​មួយ​រូប​ទៀត​​គឺលោក សម រង្ស៊ី ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះមួយចំនួន​ផង កំពុងស្ថិតនៅក្នុង​ដៃ​តុលាការនៅឡើយ ហើយសំណុំរឿងខ្លះ​តុលាការ​ក៏បានកាត់ទោសហើយដែរ។

​នៅវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​នឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យ​​ប្រធានអតីត​​គណបក្ស​សង្រ្គោះជា​តិ​ ​លោក សម រង្ស៊ី ​ទៀត​ឡើយ ព្រោះលោក សម រង្ស៊ី បា​នប្រមាថ​​គ្រួសារលោក​នាយករដ្ឋមន្ត្រី ដោយថា ភរិយានិងកូនប្រុសច្បង​លោក ហ៊ុន សែន ជាប្រពន្ធនិងកូនមេដឹកនាំវៀតណាម ឡេដឹកថ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា៖ «ខ្ញុំនឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រមាថធ្ងន់ធ្ងរដល់ខ្ញុំនិងគ្រួសារខ្ញុំឡើយ។ ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ»។

៣ឆ្នាំក្រោយមក ពោលគឺនៅ​ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល និងជាប្រមុខ​គណបក្សប្រជាជនកម្ពុជា លោក​ ហ៊ុន សែន បានប្រកាសជាថ្មីទៀតថា លោកនឹងមិនចុះហត្ថលេខា​ស្នើថ្វាយព្រះមហាក្សត្រ​ ដើម្បីលើកលែងទោសដល់​លោក សម រង្ស៊ី ជាដាច់ខាត។

ដោយឡែក ករណីលោក កឹម សុខា វិញ​ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែ​ឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សំណុំរឿងអតីតមេបក្សប្រឆាំងរូបនេះអាចនឹងពន្យារពេលរហូត​ដល់​ឆ្នាំ​២០២៤ ពោលគឺ​ក្រោយ​​កា​របោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣ ត្រូវបានបញ្ចប់​​។

បន្ថែមពីនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែង​​ក្នុង​​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​​មេធាវី​​ស្ម័គ្រ​ចិត្ត​របស់ខ្លួន ​នៅ​វិមាន​សន្តិភាព​​ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន បញ្ជាក់ថា អ្នកនយោបាយរូបណាដែលពាក់​ព័ន្ធផ្លូវ​ច្បាប់ ត្រូវ​ធ្វើតាម​​ច្បាប់​ឱ្យបាន​ចប់​សព្វគ្រប់ មុន​នឹង​​ចរចា​រឿង​នយោបាយ ដោយ​មិន​អាច​​ចរចា​នយោបាយមុន​អនុវត្តច្បាប់បានឡើយ។

យ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលរូបនេះក៏ធ្លាប់បង្ហើបពីលទ្ធភាព​បង្កើតគណបក្សប្រឆាំងថ្មី ដើម្បីចូលរួម​ប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ដោយលោកបញ្ជាក់ជាច្រើនដងហើយថា អតីតគណបក្សសង្រ្គោះជាតិ ​​នឹងមិនអាចរស់ឡើងវិញជាដាច់ខាត។

សំណួរត្រង់ថា តើរយៈពេលប្រមាណ១ឆ្នាំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងរយៈប្រមាណ២ឆ្នាំសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងអាចមានគណបក្សប្រឆាំងធំមួយជំនួសអតីត​គណបក្សសង្រ្គោះជាតិ​ដែរឬទេ?

ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD)  ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ទូច វិបុល កត់​សម្គាល់​ថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន គណបក្សកាន់អំណាចគ្រប់គ្រងទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយបណ្តុះ​បណ្តាល​មន្ត្រី​ឃុំ​-សង្កាត់​របស់​ខ្លួន​ក្នុង​កិច្ចការ​បោះឆ្នោត​បាន​កាន់​តែ​ប្រសើរ។ ជារួម លោកថា គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនកាន់តែល្អប្រសើរ។

ដោយឡែក អតីតគណបក្សសង្គ្រោះជាតិវិញ លោកមើលឃើញថា បានខកខានសកម្មភាពពង្រឹងមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតនៅកម្ពុជា ហើយថ្នាក់ដឹកនាំនៅមានបញ្ហាច្រើនជាមួយគ្នាថែមទៀត។

ចំពោះ​លទ្ធភាពថា តើ​​អតីតគណបក្សសង្រ្គោះជាតិអាច​វិល​មកចូលរួម​សង្វ្រៀន​ប្រកួតប្រជែង​នយោបាយនៅកម្ពុជាវិញបានទេនៅក្នុងការបោះឆ្នោតខាងមុខនោះ លោក ទូច វិបុល​ យល់ថា មិន​មានឡើយ ​ប៉ុន្តែប្រសិនមាន​ការសម្របសម្រួល​នយោបាយ នោះគណបក្សប្រឆាំងថ្មីមួយអាចនឹងកើតមានទ្បើង បើទោះបីជាបក្សថ្មីនេះស្ថិតនៅក្នុងភាពងងឹតក៏ដោយ។

លោក ទូច វិបុល បន្ថែមថា៖ «លទ្ធភាពកើតទ្បើងគណបក្សប្រឆាំងថ្មីមួយ គឺស្ថិតនៅក្នុងសភាពងងឹតនៅទ្បើយ។ ប៉ុន្តែប្រសិនកើតមានទ្បើង កម្លាំងពលរដ្ឋគាំទ្រគណបក្សប្រឆាំងថ្មីមួយនៅតែខ្លាំង ប្រសិនមានអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមដឹកនាំទ្បើងវិញ»។

ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ លោក គឹម សុខ មានប្រសាសន៍ថា ចំណុចគន្លឹះ​សំខាន់នៃការបង្កើតគណបក្សប្រឆាំងធំមួយនឹងអាចកើតមាន​ អាស្រ័យលើក្រុមលោក សម រង្ស៊ី និងលោក កឹម សុខា ពិសេសអតីតមេបក្សប្រឆាំងទាំងពីររូបត្រូវរ៉ូវគ្នាដោយសម្ងាត់ឬអត់។

លោកថា បើអ្នកទាំងពីរគ្មានការយល់ចិត្តគ្នាដោយសម្ងាត់ទេ បក្សប្រឆាំងដែលមានកម្លាំងខ្លាំង​សម្រាប់ចូលរួមការបោះឆ្នោតខាងមុខនៅកម្ពុជាក៏គ្មានដែរ ខណៈឈ្មោះបក្ស​សង្រ្គោះជាតិ ​ត្រូវបានរដ្ឋាភិបាល​បច្ចុប្បន្ន​​ផាត់​ចេញ​​ទៅ​ហើយ។

លោក គឹម សុខ មានប្រសាសន៍ថា៖ «ចំណែកឈ្មោះគណបក្សសង្រ្គោះជាតិ​ លោក​ ហ៊ុន សែន ខ្ទាស់ជាប់ហើយ។ សេចក្តីសង្ឃឹម​អំពីការបន្ធូររបស់លោក ហ៊ុន សែន ទំនងជាមិនអាចកើតឡើងងាយៗទេ។ បើថាគណបក្សដែលត្រូវបង្កើតឡើង​ពីក្រុមអ្នកនយោបាយ​ដែលចេញពីគណបក្សសង្រ្គោះជាតិ ទៅបង្កើតជាបក្សថ្មីៗក្នុងកម្លាំងនយោបាយជាចម្រៀកៗ ប្រាកដជាមាន »។

គិតចាប់តាំងពីការរំលាយអតីត​​គណបក្សសង្គ្រោះជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយតុលាការកំពូលកម្ពុជាមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន២២នាក់ក្នុងចំណោម១១៨នាក់ដែលជាប់បម្រាម​​ធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយពួកគេទាំងនោះក៏ទទួលបានសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដែរ ក្នុងនោះរួមមាន ក្រុមមនុស្សដែលស្និទ្ធជាមួយលោក សម រង្ស៊ី និងក្រុមអ្នកស្និទ្ធ​ជាមួយលោក កឹម សុខា ផងដែរ។

បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយរួចមក មានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនបានទៅបង្កើតគណបក្សថ្មី​ ហើយមន្ត្រីខ្លះទៀតបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងមួយចំនួនទៀតនៅរក្សាភាពស្ងប់ស្ងាត់នៅឡើយ។ ​

ក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ន ​​គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់​គឺមានចំនួន៣៩គណបក្ស។

​អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ចាប់តាំងពីអតីត​​គណបក្សសង្រ្គោះជាតិ​ ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ មកទល់ពេលបច្ចុប្បន្ន ​លោកនៅមិនទាន់ឃើញ​មានគណបក្សណាមួយ​ ដែលមានកម្លាំងអ្នកគាំទ្រប្រហាក់ប្រហែលអតីត​គណបក្សប្រឆាំងមួយនេះទេ។

លោក​បន្ត​ថា មាន​មូលហេតុមួយចំនួន​ដែលធ្វើឱ្យគណបក្សតូចៗ​​បង្កើតឡើងនៅមិនទាន់​អាច​មាន​​កម្លាំង​គាំទ្រ​ដូច​គណបក្សសង្រ្គោះជាតិ ដោយសារ​ការបង្កើតបក្សថ្មីខ្លះចេញពីចរន្តរបស់​អតីត​​គណបក្សសង្គ្រោះជាតិ ម៉្យាងគោលនយោបាយរបស់បក្សតូចៗទាំងនោះពុំសូវមានការទាក់ទាញពលរដ្ឋ។ បញ្ហានេះ លោកថា ​ជារឿងពិបាក​សម្រាប់បក្សតូចឬបក្សថ្មីទាំងនោះក្នុងការពង្រីកខ្លួន​ឱ្យស្មើអតីតគណបក្សប្រឆាំងក្នុងរយៈពេលខ្លីសម្រាប់ការបោះឆ្នោតខាងមុខ។

យ៉ាងណាក៏ដោយ លោក​​បណ្ឌិត សេង សារី មើលឃើញថា លទ្ធភាពបង្កើតបក្សថ្មីដែលគាំទ្រដោយ​អតីតមេដឹកនាំគណបក្សប្រឆាំងអាចកើតឡើង ហើយអាចនឹងទំនងជាគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី តែម្តង។

ចំណែកលទ្ធភាពនៃការចរចានយោបាយ ដើម្បីឱ្យអតីតបក្សប្រឆាំងរស់ឡើងវិញ លោកថា ក៏អាចកើតមានខ្លះ​ដែរ។

លោក​បានថ្លែងថា៖ ​«ទោះបីយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញថា អាចនឹងមានចរន្តគណបក្សដែលមានការគាំទ្រដោយ​ឥស្សរជនសង្រ្គោះជាតិអីជាដើម ឬក៏អាចគណបក្សសង្រ្គោះជាតិ​អាចត្រឡប់មកវិញ ក្នុងករណីមានកិច្ចចរចានយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ ព្រោះកន្លងមកយើងឃើញថា ជាបទពិសោធន៍ឬជាប្រវត្តិនយោបាយថ្មីៗនេះ គឺតែងតែមានការសម្របសម្រួលមុនការបោះឆ្នោតមកដល់ ជាពិសេសមុនការបោះឆ្នោតសកលឬការបោះឆ្នោតជាតិហ្នឹងឯង»។

បណ្ឌិត សេង សារី មើលឃើញថា សេណារីយ៉ូមួយទៀត គឺកម្ពុជាក៏អាចរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ដោយផាត់ចោលបក្សប្រឆាំងដែលមានការគាំទ្រប្រហាក់ប្រហែលខ្លួនដូចកាលពីឆ្នាំ២០១៨ ដោយគ្រាន់តែមានបក្សតូចៗចូលរួមកំដរតែប៉ុណ្ណោះ។

​ក្រៅពីមានវិបត្តិនយោបាយដែលរកច្រកចេញមិនទាន់បាន កម្ពុជាក៏កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលរីករាលដាលកាន់តែខ្លាំង ហើយបានឆក់យកជីវិតអ្នកជំងឺជាបន្តបន្ទាប់ ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនិងសង្គម​ថែមទៀតផង។

ក្នុងស្ថានភាពលំបាកនេះ លោក ទូច វិបុល លើកឡើងថា កម្ពុជាត្រូវការបរទេសជាងបរទេសត្រូវការកម្ពុជា ដើម្បីជួយឱ្យប្រទេសក្រីក្រមួយនេះស្តារសេដ្ឋកិច្ចជាតិ និងជួយដោះស្រាយជីវភាពពលរដ្ឋពីផលប៉ះពាល់នៃវិបត្តិ​កូវីដ-១៩។ ប៉ុន្តែលោកថា ​ដើម្បីទទួលបានជំនួយពីបរទេស កម្ពុជាត្រូវតែសម្របសម្រួលស្ថានភាពនយោបាយ។

លោកបន្ថែមថា៖ «កម្ពុជាត្រូវតែថ្លឹងថ្លែងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសជាមួយប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ហើយត្រូវតែពង្រឹងនីតិរដ្ឋ ដើម្បីស្រូបយកផលប្រយោជន៍ពីការប្រកួតប្រជែងគ្នារវាងមហាអំណាចនិងមហាអំណាច»។

ប្រធាន SMD រូបនេះបន្ត​ថា សម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន មានផែនការឱ្យ​កូនរបស់គាត់​​បន្តវេន ដែលករណីនេះគាត់​នឹងមិនផ្តល់ឱកាសដល់លោក សម រង្ស៊ី និងលោក កឹម សុខា មានឱកាសចូលរួមកិច្ចការនយោបាយវិញទេ ។

បញ្ហានេះ លោក វិបុល យល់ឃើញថា អតីតមេដឹកនាំបក្សប្រឆាំងទាំងពីររូបត្រូវតែមើលទៅថ្ងៃអនាគតជាងពេលបច្ចុប្បន្ន​ ដោយបន្តទាមទារនូវអ្វីខ្លួនកំពុងធ្វើ ហើយពង្រឹងនិងបណ្តុះបណ្តាលអ្នកបន្តវេនរបស់ខ្លួន ដើម្បីត្រៀម​ប្រកួតប្រជែងជាមួយអ្នកបន្តវេនរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន​​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ