សមត្ថ​កិច្ច​ខេត្ត​កំពង់ឆ្នាំង​កំពុង​ស្រាវ​ជ្រាវ​អគ្គិភ័យ​មួយ​​​បណ្ដាល​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​

អាជ្ញាធរមូលដ្ឋាននិងមន្ត្រីពន្លត់អគ្គិភ័យខ្នះខ្នែងបាញ់ទឹកពន្លត់នូវហេតុការណ៍ឆាបឆេះផ្ទះមួយខ្នង ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

សមត្ថកិច្ចស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អះអាងថា កំពុងស្រាវជ្រាវលើករណីអគ្គិភ័យ​​ឆេះផ្ទះមួយកន្លែងដែលបណ្ដាលឱ្យស្ត្រីម្នាក់និងកូន៤នាក់​ស្លាប់ និងខូចខាតផ្ទះអស់ទាំងស្រុង។

ទំព័រហ្វេសប៊ុកការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យ​ឆេះផ្ទះមួយខ្នងទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីដែក បាំងនិងប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរ។

ប្រភពដដែលបន្តថា អគ្គិភ័យនេះបណ្តាលឱ្យ​​មនុស្សស្លាប់ចំនួន៥នាក់ ហើយសម្ភារប្រើប្រាស់និងផ្ទះត្រូវបានភ្លើងឆេះអស់ទាំងស្រុង។

អធិការនគរបាលស្រុកបរិបូណ៌ លោក ជាង សុវណ្ណារិទ្ធ បានឱ្យដឹងថា ជុំវិញករណីនេះ អាជ្ញាធរកំពុងតែស្រាវជ្រាវរកមូលហេតុដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើង ខណៈលោកអះអាងថា ព័ត៌មានបឋមដែលទទួលបានគឺបណ្ដាលមកពីកូនរបស់ជនរងគ្រោះលេងភ្លើងដែកកេះ។

បើតាមអធិការស្រុករូបនេះ ឱ្យដឹងទៀតថា អាជ្ញាធរបានប្រើប្រាស់​រថយន្ត៣គ្រឿងក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ។

លោកនិយាយថា៖ «ខ្ញុំមិនអាចរៀបរាប់លម្អិតបានទេ ព្រោះដោយសារតែយើងកំពុងស្រាវជ្រាវ»។

លោក វរលក្ខណ៍ វាសនា អាយុ៤៤​ឆ្នាំ អះអាងថា ជាអ្នកជិតខាងជនរងគ្រោះ បានឱ្យដឹងថា អ្នកស្លាប់ទាំង៥នាក់នោះ រួមមាន ស្រ្តីម្នាក់​ដែលមានកូនក្នុងផ្ទៃ៤​ខែ និង​កូនប្រុសចំនួន៤នាក់ ខណៈបុរសជាស្វាមីមិនបាននៅក្នុងផ្ទះនោះទេនៅពេលកើតហេតុ។ លោកបន្ត​​ថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានមុខរបរជាអ្នកលក់ខោអាវជជុះ ទើបបណ្ដាលឱ្យអគ្គិភ័យ​​ឆេះលឿនបែបនេះ។

លោកនិយាយថា៖ «ផ្ទះគាត់លក់អាវជជុះ កូននៅលើឡៅតឿ ម្ដាយរត់មកបើកទ្វារ តែរត់អត់ទាន់»។

អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊្រន សំឬទ្ធី ​មាន​ប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន​ចុះចែកអំណោយមួយចំនួនទៅដល់ជនរងគ្រោះ ខណៈលោកអះអាងថា នឹងមានជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត។

លោកនិយាយថា៖ «ខ្ញុំពិតជាសោកស្ដាយចំពោះឧប្បត្តិហេតុបាត់បង់[ជីវិត]ក្នុងពេលតែមួយអ៊ីចឹង»។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២១នេះ ក៏​មានករណីគ្រោះអគ្គិភ័យ​ឆេះផ្សារតាខ្មៅ ស្ថិតក្នុង​សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឱ្យ​ខូចខាតតូបលក់គ្រឿង​បន្លាស់ម៉ូតូចំនួន​១២​តូប តែមិនបណ្តាលឱ្យ​គ្រោះថ្នាក់ដល់មនុស្សឡើយ​។

ទំព័រហ្វេស​ប៊ុករបស់​នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់​ថា មូលហេតុនៃការឆេះនេះបណ្ដាល​មកពីការផ្សារដែករបស់ជាងផ្សារដំបូល ធ្លាក់មកត្រូវប៉ាតង់កៅស៊ូ និងសំបកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះដល់តូបទាំងនោះ​តែម្តង​។

យោងតាមរបាយការណ៍ទទួលបានពីលោក ង៉ែត សាម៉ុន នាយការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ ឱ្យដឹងថា ​គិតចាប់តាំងពីដើមខែមករា មកដល់​​ថ្ងៃទី​១៥ ខែមេសា ​ករណីគ្រោះ​អគ្គិភ័យនៅទូទាំងប្រទេសបាន​កើតឡើងចំនួន២៨៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ រងរបួសចំនួន១៧នាក់ និង​ខូចខាតផ្ទះសម្បែងចំនួន២៤៨ខ្នង។

ប្រភពដដែលបញ្ជាក់ដែរថា​ មូលហេតុចម្បងដែលនាំឱ្យមានអគ្គិភ័យនេះកើតឡើង ភាគច្រើនដោយសារតែឆ្លងចរន្តអគ្គិសនី៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ