មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានស្នើទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ពន្លឿនសវនាការសំណុំរឿងប្រធានសហជីពមួយនេះឱ្យបានឆាប់រហ័ស ខណៈសំណុំរឿងនេះបានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ។
ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីចុងខែកក្កដា ឆ្នាំ២០២០ និងត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ក្រោយពេលលោកបានអត្ថាធិប្បាយនិងចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាដីធ្លីរបស់ពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលជាប់ពាក់ព័ន្ធបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម។
លោក សំ សុគង់ សហមេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃចន្ទនេះថា សវនាការលើអង្គសេចក្តី សម្រាប់សំណុំរឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាមនៅពេលនេះ ត្រូវបានតុលាការដំណើរការដល់ដំណាក់កាល សួរសាក្សីជំនាញនៃកិច្ចការព្រំដែនហើយ។
លោកបន្តថា តាមពិត តុលាការបានកំណត់ថ្ងៃជំនុំជម្រះបន្តរួចហើយ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យសំណុំរឿងនេះត្រូវបន្តពន្យារពេលរហូតមកដល់ពេលបច្ចុប្បន្ន។ តែបើទោះជាបែបណា មេធាវីរូបនេះអះអាងថា ក្នុងនាមជាមេធាវីការពារក្តី មិនចង់បានការអូសបន្លាយទាំងសវនាការលើអង្គសេចក្តី និងការឃុំខ្លួនយូរថ្ងៃបែបនេះឡើយ។
លោក សំ សុគង់ បន្តថា៖ «ស្នើសុំតុលាការហ្នឹងពន្លឿនក្នុងការកំណត់កម្មវិធីសវនាការ ធ្វើយ៉ាងម៉េចឱ្យបានឆាប់ ដោយសារឃុំខ្លួនរបស់លោកគ្រូ រ៉ុង ឈុន ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងរឿងហ្នឹងដែរ គឺមានរយៈពេលយូរហើយ អាចនឹងហួសពេលកំណត់»។
ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន មាត្រា១ ចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការឃុំខ្លួនបណ្តោះអាសន្ននេះមិនឱ្យលើសពី៤ខែឡើយ។ ប៉ុន្តែការសម្រេចរបស់ចៅក្រមដែលមានមូលហេតុច្បាស់លាស់ រយៈពេលនេះអាចបន្តដល់៦ខែបាន ប្រសិនបើមានការចាំបាច់ក្នុងការស៊ើបអង្កេត។
ទាក់ទងការឃុំខ្លួននេះ លោក សំ សុគង់ អះអាងថា គិតពីថ្ងៃចាប់ខ្លួនកូនក្តីរបស់លោករហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១០ខែមកហើយ ដែលចំនួននេះអាចលើសពីនីតិវិធីដូចមានកំណត់ក្នុងច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់យ៉ាងខ្លីថា លោកចៅក្រម លិ សុខា មិនទាន់បានកំណត់ថ្ងៃជំនុំជម្រះក្តីឡើងវិញលើសំណុំរឿងនេះនៅឡើយទេ។
លោកបន្ថែមថា ពេលវេលាជាក់លាក់ គ្រប់ភាគីក្នុងសំណុំរឿងត្រូវរង់ចាំសេចក្តីជូនដំណឹងជាថ្មី អំពីសវនាការលើអង្គសេចក្តីបន្ត។
លោក អ៊ី រិន្ទ បន្តថា៖ «ចាំខ្ញុំបានកម្មវិធី ចាំខ្ញុំប្រាប់ទៅវិញ។ លោកចៅក្រមកំពុងតែពិនិត្យដើម្បីដាក់កម្មវិធីជម្រះ»។
ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិនមានបញ្ហាអ្វីទេ។
លោកបន្តថា ដោយសារវិបត្តិកូវីដ-១៩នេះ ខាងពន្ធនាគារបានរឹតបន្តឹងការសួរសុខទុក្ខមួយរយៈពេលធំមកហើយដែរ។ លោកបន្ថែមថា នៅពេលបម្រាមនេះត្រូវបានបើកទូលាយឡើងវិញ លោកនឹងបន្តទៅសួរសុខទុក្ខលោក រ៉ុង ឈុន ជាថ្មីទៀត។
លោក រ៉ុង វិជ្ជា បន្តថា៖ «សុខភាពគាត់រឹងមាំធម្មតា គ្រាន់តែថ្នាំគាត់មួយចំនួនចាំបាច់ គាត់តម្រូវឱ្យខ្ញុំទិញនិងផ្ញើជូនគាត់ដែរ។ ថ្នាំដែលចាំបាច់ គឺជាថ្នាំលើសឈាម»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកថា ការឃុំខ្លួនលើសនីតិវិធីនេះ ថាមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ជនត្រូវចោទប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានេះថែមទាំងរំលោភទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។
លោកបន្តថា ដើម្បីអាចផ្តល់ភាពយុត្តិធម៌បាន ជនត្រូវចោទមានសិទ្ធិតវ៉ាប្រឆាំងការឃុំខ្លួនលើសនីតិវិធី ហើយមេធាវីការពារក្តី គួរពិនិត្យឱ្យហ្មត់ចត់ដើម្បីធានាថា កូនក្តីរបស់ខ្លួននឹងមិនត្រូវរងគ្រោះបន្ថែមពីការអនុវត្តគោលការណ៍ច្បាប់នេះទេ។
បើតាមលោក អំ សំអាត យល់ឃើញថា បញ្ហានេះមិនគួរឱ្យកើតមានឡើងនោះឡើយសម្រាប់លោក រ៉ុង ឈុន ខណៈដែលសំណុំរឿងផ្សេងទៀតនៅអាចដំណើរការបានក្នុងគ្រាវិបត្តិកូវីដ-១៩នេះ។
លោកថា៖ «យើងយល់កាលៈទេសៈថាកូវីដ-១៩ដែលរីករាលដាលក្នុងសហគមន៍នេះ ក៏យើងឃើញរឿងមួយចំនួន តុលាការនៅតែដំណើរការដែរ បាទ»៕
កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌ៖ «ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិនមានបញ្ហាអ្វីទេ ក្រៅពីមានជំងឺលើសឈាមដែលជាជំងឺប្រចាំកាយរបស់គាត់។» ខ្លឹមសារដែលត្រឹមត្រូវគឺ «ចំណែកលោក រ៉ុង វិជ្ជា ដែលត្រូវជាក្មួយបង្កើតរបស់លោក រ៉ុង ឈុន លើកឡើងថា នៅពេលនេះ សុខភាពពូរបស់លោក គឺមិនមានបញ្ហាអ្វីទេ។»