អូស្ត្រាលី​ផ្ដល់​ជំនួយ​៤​លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩

លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និង លោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជា ចុះកិច្ចព្រមព្រៀងក្នុងកម្ម​វិធី​អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផ្ដល់ជំនួយដល់កម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចនិងជីវភាពពលរដ្ឋរងគ្រោះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

រដ្ឋាភិបាល​អូស្រ្តាលី បានផ្ដល់ជំនួយបន្ថែមចំនួន៤ ០០០ ០០០​​ដុល្លារអូស្រ្តាលី (ស្មើជាង៣ ០០០ ០០០ដុល្លារអាមេរិក) ដល់ប្រទេសកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មក​លើសេដ្ឋកិច្ចនិងពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយកម្ម​វិធី​អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការ​ផ្ដល់ថវិកាបន្ថែមនេះដល់កម្ពុជា ដើម្បីឆ្លើយ​តប​និងស្តារផលប៉ះពាល់​សង្គមសេដ្ឋកិច្ចដែលបង្កឡើង​ដោយសារ​ការរាតត្បាតជាសកល​នៃជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន​បន្តថា ថវិកានេះជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ដែលបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកម្ពុជាកំពុងអនុវត្ត ក្នុងនោះកម្មវិធីនេះ ធ្លាប់​​បានផ្ដល់សាច់​ប្រាក់ចំនួន២៩០​លានដុល្លារសហរដ្ឋអាមេរិក​ ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៦៩៣ ០០០គ្រួសារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាត​ត្បាតជំងឺកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់​​សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រ​ដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួន​ទៅតាមស្ថានភាពដែលពួកគេ​ជួប​ប្រទះ ក្នុងអំឡុងពេលដែលមាន​ការរាត​ត្បាត​ជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់​តាមរយៈការពិគ្រោះយោបល់​ជាមួយ​នឹងរាជរដ្ឋាភិបាល​កម្ពុជា និងសង្គមស៊ីវិល»។

លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែង​ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ​ថា ជំងឺ​កូវីដ-១៩ បាន​បង្កផលប៉ះពាល់ជាច្រើនដល់​សេដ្ឋកិច្ចនិង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែងរបស់ប្រទេសនេះ រដ្ឋាភិបាល​អូស្ត្រាលីចង់ធ្វើអ្វីដែល​អាចធ្វើទៅបាន ដើម្បីជួយសម្រាល​​ផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់​ទៅ​លើក្រុមមនុស្សងាយរងគ្រោះជាងគេ។

លោកបានបន្ថែមថា៖ «តាមរយៈការសហការជាមួយនឹង UNDP យើងក៏​កំពុង​បង្កើន​ថវិកាគាំទ្រសម្រាប់ការងា​រដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយ​កម្ពុជា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញឱ្យ​​បាន​ឆាប់​រហ័ស​ប្រកបដោយបរិយាបន្ន បន្ទាប់ការរាតត្បាតជាសកលនេះ[បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ]»។

ចំណែកលោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ក្នុងសេច​ក្ដី​ប្រកាស​ព័ត៌​មាន​នេះដែរ​ថា អូស្រ្តាលីជាប្រទេសដែល​នាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធ​ភាពនិងទាន់ពេលវេលា។

លោកបន្តថា​៖ «រួមគ្នា! យើងអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិ​នេះ តាមរយៈការ​គាំទ្រដល់​ការ​ពង្រីក​កម្មវិធីជំនួយសង្គមឱ្យ​​បានឆាប់រហ័ស ឱ្យ​​ជំនួយ​ឧបត្ថម្ភ​នានាបាន​ដល់​គ្រួសារដែល​ត្រូវ​ការ​ជំនួយ​ជាង​គេ ហើយ​ក្នុង​ពេល​ជាមួយគ្នា​ក៏ការពារ​ដំណើរកា​រ​ពាណិជ្ជកម្មនិងជីវភាពរបស់ពលរដ្ឋដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ