មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ស្នើ​ UN​ អន្តរា​គមន៍​​លើ​បញ្ហា​និទណ្ឌភា​ព​​នៅ​កម្ពុជា​ ក្រោយ​សកម្ម​ជន​ខ្លួន​រង​ហិង្សា​

ជនរងគ្រោះ កាក់ សុវណ្ណច្ឆ័យ មកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្រោយរងរបួសដោយជនអនាមិកគប់នឹងដុំថ្មបែកក្បាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (យុវជនអតីតបក្សសង្គ្រោះជាតិ)

មេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា ស្នើ​ទៅអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិ ជួយ​ធ្វើអន្តរា​គមន៍​ទៅរដ្ឋាភិបាលកម្ពុជាឱ្យ​បញ្ចប់បញ្ហានិទណ្ឌភាពក្នុងប្រទេស ស្របពេលអតីតសកម្មជននិងមន្រ្តីរបស់ខ្លួន​រងការប្រើហិង្សាជាបន្តប​ន្ទាប់។

ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ថ្លែងតាមសារ WhatsApp នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០​២​១ ថា​ក្រុមមន្រ្តីគណបក្សនេះនឹងបញ្ចូលករណីហិង្សាលើអតីតមន្រ្តីនិងសកម្មជនរបស់​គណបក្សខ្លួនដែលបានកើតឡើងថ្មីៗនេះ ទៅក្នុង​របាយការណ៍និទណ្ឌ​ភាពនៅក​ម្ពុជា ដើម្បីផ្ញើទៅអង្គការសហប្រជាជាតិ និងប្រទេសប្រជាធិបតេយ្យធំៗ ឱ្យជួយអ​ន្តរាគមន៍​ស្វែងរកយុត្តិធម៌​ជូនជនរងគ្រោះ​។

លោកស្រីមានប្រសាសន៍ថា៖ «យើងជាគណបក្ស ហើយខ្លួ​នខ្ញុំផ្ទាល់ជាអ្នកធ្វើរបាយការណ៍ជាបន្ទាន់ ជាអ្នកសរុបចំនួននៃករណី ហើយក​រណីនីមួយៗដែលខ្ញុំ និងឯកឧត្តម អេង ឆៃអ៊ា​ង ដែលជាអ្នកទទួលបន្ទុក នឹងចាត់វិធានការបន្តទៅទៀតក្នុងការផ្តល់នូវយុ​ត្តិធ​ម៌ ហើយយើងរាយកា​រណ៍ជូនអង្គការស​ហប្រ​ជាជាតិជាបន្ទាន់»

បើតាមប្រភពដដែល គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានអតីតសកម្មជននិងមន្រ្តីគណបក្សសង្គ្រោះជាតិ​ចំនួន៣នាក់បានស្លាប់ ដោ​យសារ​អំពើហិង្សាដែលបង្កឡើងដោយជនមិនស្គាល់មុខ ក្នុងចំណោមជនរងគ្រោះសរុបនៅ​ទូទាំងប្រ​ទេសចំនួន៣១នាក់។

ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះ ចាត់ទុកអំពើហិង្សាលើអតីតមន្រ្តីនិងសកម្មជនរប​ស់ខ្លួនកន្លងមកថា​ ជា​ការ​ប៉ុនប៉ងម​នុ​ស្សឃាតក្រោមការរៀបចំជាប្រព័ន្ធពីមន្រ្តីបក្សកាន់អំណាច តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបំបិទសំឡេងប្រឆាំងនយោបាយក្នុងស្រុក។

លោកស្រី មូរ សុខហួរ បានបន្ថែមទៀតថា៖ «ដូចលោក ហ៊ុន សែន បានលើកឡើងអ៊ីចឹង “ងើបមួយ វាយមួយៗ” ផ្នត់​គំនិតនេះជាផ្នត់គំនិតខ្មែរសម្លា​ប់ខ្មែរ។ ដោយសារអី? ដោយសារខ្មែរទាំងនោះ​ជាខ្មែរស្នេហាជាតិ ខ្មែរដែលមិនអាចទទួលយកភាពអយុត្តិធម៌។ ដូច្នេះ រឿងនេះ​​វា​ស៊ីជម្រៅជ្រៅណាស់ លុះត្រាតែផ្លាស់ប្តូរផ្នត់គំនិតហ្នឹង លុះត្រា​តែ​បញ្ចប់​វប្បធម៌​និទណ្ឌភាព លុះត្រាតែអ្នកនយោបាយគ​ណ​​​បក្សប្រជាជនកុំយកគណបក្សដទៃទៀតទុកជាសត្រូវ​ខ្លួន​ឯង»

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗ​ជុំវិញករណីនេះពី​តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទេ នៅថ្ងៃនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការចោទប្រកាន់ដែលថាការប្រើអំពើហិង្សាលើអតីត​ម​ន្រ្តីនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធរឿងនយោបាយ រៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា​។ លោកចាត់ទុក​ថា បញ្ហាទាំងនោះជាបាតុភាពទំនាស់ក្នុងសង្គមទូទៅកើតឡើងមានជាធម្មតា។

លោកមានប្រសាសន៍ថា៖ «គាត់ [មន្ត្រីអតីតបក្សប្រឆាំង] មានការអី គាត់ចេះតែរើសដាក់ខ្លួន មានការអីចេះតែរឿងនយោបាយ បើគាត់និយាយពីរឿងន​យោបាយ មានតែគាត់ធ្វើនយោបាយ បានវាកើតរឿងហ្នឹង! ខ្ញុំមិនចង់ឡងទៅវិញទេ ក៏ប៉ុន្តែយើងត្រូវយល់ថា អ្នកដែលគ្រ​ប់គ្រងមិ​នចង់ឱ្យកើតមានបញ្ហាកើតឡើងក្នុងសង្គមទេ»

មន្រ្តីអ្នកនាំពាក្យរូបនេះបន្ថែមថា បញ្ហាបាតុភាពហិង្សាទាំងនោះ គួរតែត្រូវបានរាយការណ៍ទៅកាន់រដ្ឋអំណាចមូលដ្ឋាន និងស្វែ​ង​​រ​កភស្តុតាង ឬសាក្សីបំភ្លឺទៅសមត្ថកិច្ច ជាជាងការធ្វើរបាយការណ៍ប្រាប់អង្គការសហប្រជាជាតិ ឬប្រទេសដទៃ ដែលលោកថា ស្ថាប័នទាំងនោះមិនអាចជួយដោះស្រាយឱ្យកម្ពុជាបានឡើយ។

លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថា ការដែលរឿងស្អីពឹងបរទេសៗ វាគ្រាន់តែជាសិទ្ធិ ទស្សនៈធ្វើខ្ញុំបរទេសទេ។ លទ្ធផលជាវិជ្ជមា​ន​ស្របទៅតាមបំណងរបស់គាត់ វាអត់មានទេ»

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត លើកឡើងថា បញ្ហានិទណ្ឌភាពនៅកម្ពុជានៅតែបន្តកើតមា​ន ជាពិសេសលើអតីតមន្រ្តីនិងសកម្មជនគណបក្សប្រឆាំង ដែលនាំឱ្យអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ និងអ្នករាយការណ៍ពិសេសឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញនិងគំរាមកំ​ហែ​ងដល់អ្នកមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ត្រូវមានកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ដោយធ្វើយ៉ាងម៉េចឱ្យទៅជាប្រព័ន្ធយុ​ត្តិធម៌ តុលាការត្រូវឯករាជ្យ និងត្រូវធានាអំពីសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ធានានូវការរកយុត្តិធម៌សម្រាប់ជនគ្រប់រូបដែលត្រូវបានរងគ្រោះដោយអំពើហិង្សា ទាំងនេះទើបអាចបញ្ចប់និទណ្ឌភាពនៅកម្ពុជាបាន»

មន្រ្តីឃ្លាំមើលការអនុវត្តសិទ្ធិមនុស្សរូបនេះបន្ថែមថា អ្នកនយោបាយគ្រប់និន្នាការគួរតែបញ្ចប់ការរើសអើងគ្នានិងការខ្វែងគំនិតគ្នា ហើយរួមគ្នាគិតពីប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីធានានិរន្តរភាពជាតិនិងយុត្តិធម៌ក្នុងសង្គម ប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ