អាមេរិក​ថា​កម្ពុជា​មិន​ទាន់​មាន​សេរីភាព​សាសនា​ពេញ​លេញ​ ប៉ុន្តែ​មន្ត្រី​កម្ពុជា​​ច្រាន​ចោល​

ព្រះវិហារ​មេ​តូ​ឌី​សក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ (សួស ធីតា)

ក្រសួងការបរទេសអាមេរិក រកឃើញថា កម្ពុជានៅមិនទាន់មានសេរីភាពខាងសាសនាពេញលេញនៅឡើយទេ ប៉ុន្តែត្រូវបាន​​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រានចោល ដោយ​ថា សេរីភាព​សាសនា​​បច្ចុប្បន្ននេះល្អប្រសើរជាងពេលណាៗទាំងអស់។

របាយការណ៍ប្រចាំឆ្នាំ២០២០ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា កម្ពុជានៅមិនទាន់មានសេរីភាពខាងសាសនាពេញលេញនិងទូទៅនៅឡើយទេ។

របាយការណ៍នេះបានលើកឡើងថា មូលហេតុសំខាន់​ដែល​នាំ​ឱ្យ​សេរីភាព​ខាង​ជំនឿ​សាសនានៅកម្ពុជា​មិនអាច​អនុវត្ត​បាន​ពេញលេញ​​​នោះ ដោយសារតែមាន​ការអនុវត្ត​បែប​លម្អៀង ការ​រឹតត្បិត និង​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ ជាដើម​។

របាយការណ៍​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ​គូសបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ ហើយ​​ច្បាប់បាន​ហាម​មិន​ឱ្យ​មានការ​ប្រតិបត្តិ​ជំនឿ​សាសនា​ណាមួយដែល​ប៉ះពាល់​ទៅដល់​សាសនា​ដទៃ​ឡើយ ក៏ប៉ុន្តែ​មិន​បាន​ចែង​ឱ្យច្បាស់ពី​ទោសទណ្ឌ​លើ​ជន​ដែល​បំពាន​បម្រាម​នេះ​ឡើយ​។

របាយការណ៍បានបន្តទៀតថា​ ច្បាប់​កម្ពុជា​តម្រូវ​ឱ្យ​ក្រុម​អង្គការ​ផ្នែក​សាសនា ក្នុង​នោះ​​ក៏​រួម​ទាំង​អ្នក​កាន់ព្រះ​ពុទ្ធសាសនា​ដែរ ឱ្យ​ចុះបញ្ជី​នៅ​ក្រសួង​ធម្មការ និង​សាសនា។ ហើយ​ការចុះបញ្ជី​នោះ ត្រូវ​ឆ្លងកាត់​នីតិវិធី​និង​​​ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​ជាច្រើន រួមមាន គោលដៅ​នៃ​អង្គការ​សាសនា​របស់​​ពួកគេ សកម្មភាព ព័ត៌មាន​អំពី​មេដឹកនាំ​សាសនា ប្រភព​ហិរញ្ញវត្ថុ និង​របាយការណ៍​ប្រចាំឆ្នាំ ជាដើម​។

លើស​ពី​នេះ សាលារៀន​មួយចំនួនបាន​បន្ថែម​មេរៀន​ទាក់ទង​នឹង​ពុទ្ធសាសនា ហើយ​តម្រូវ​ឱ្យ​សិស្ស​ដែល​មិនមែន​ជា​ពុទ្ធសាសនិក​ចូលរួម​ដែរ ខណៈ​ដែល​មេរៀន​បន្ថែម​ក្រៅពី​ពុទ្ធសាសនា​មិន​ត្រូវ​បាន​បញ្ចូល​នោះ​ឡើយ។

ទន្ទឹមនឹងនេះ របាយការណ៍បន្តទៀតថា រដ្ឋាភិបាលកម្ពុជាបាន​​​ផ្តល់​ជំនួយនិង​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវនិង​បោះពុម្ពផ្សាយ​ឯកសារ​ទាំងឡាយ​អំពី​វប្បធម៌​ខ្មែរនិង​ព្រះពុទ្ធសាសនា​ ប៉ុន្តែ​ការអនុវត្ត​បែបនេះ រដ្ឋាភិបាល​មិនបាន​ធ្វើ​ចំពោះ​ក្រុម​អ្នក​កាន់​សាសនា​ដទៃ​នោះ​ទេ។

ទាក់ទង​នឹង​ការអនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ​ទៅ​លើ​សេរីភាព​ខាង​ជំនឿ​សាសនា​វិញ ក្រសួង​​​ការបរទេស​សហរដ្ឋ​អាមេរិក ​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​បាន​បន្ត​ជំទាស់​មិន​ឱ្យ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ​ទទួលយក​ជនជាតិ​ម៉ុងតាញ៉ា (Montagnards) វៀតណាម​ដែល​កាន់​សាសនា​គ្រិស្ត ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​នោះ​ឡើយ​។

អ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនាកម្ពុជា​ លោក សេង សុមុនី ច្រានចោលចំពោះការលើកឡើងនៅក្នុងរបាយការណ៍នេះ ដោយ​ថា សេរីភាពសាសនានៅកម្ពុជានា​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​​ល្អប្រសើរ​ជាងពេលណាៗទាំងអស់ ហើយ​ក៏​មិនដែលមានទំនាស់ខាងសាសនាកើតឡើងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទាក់ទិននឹងរឿងសេរីភាពជំនឿខាងសាសនានេះ សម្រាប់កម្ពុជាហ្នឹង បើយើងមើលនៅក្នុងបរិបទបច្ចុប្បន្នកាលនេះ គឺថាសេរីភាពពេញលេញ ពេញបរិបូណ៌ ហើយប្រៀបធៀបទៅនឹងដំណាក់កាលមុនៗក្នុងសម័យខាងដើម តាំងពីកម្ពុជាកកើតទឹកដីមុនបុរេប្រវត្តិមក ក៏មិនមានសម័យកាលណាបើកសិទ្ធិសេរីភាពដូចបច្ចុប្បន្នទេ»។

ទាក់ទងនឹងការចុះបញ្ជីសាសនានៅកម្ពុជាវិញ លោក សេង សុមុនី បានឆ្លើយតបយ៉ាងដូច្នេះថា៖ «ទាក់ទិននឹងរឿងចុះបញ្ជី ទាក់ទិននឹងការចុះឈ្មោះ ឬការបង្កើតជំនឿសាសនាទាំងអស់នោះ គឺជាការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញដ៏រឹងមាំហ្នឹង ព្រោះអ្វី​? ព្រោះថា បើកាលណាទទួលស្គាល់សាសនា ឬអង្គការ ឬសមាគមណាមួយ ត្រូវឱ្យមានបែបបទត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ មិនមែនថា ខ្ញុំកាន់សាសនាមេឃដី ឧទាហរណ៍អ៊ីចឹង ហើយខ្ញុំមានសេរីភាពប្រកាសគ្រប់យ៉ាង ហើយខ្ញុំចង់ធ្វើអីក៏បាន ខ្ញុំចង់ទៅដឹកដៃប្រជាពលរដ្ឋណាមួយឱ្យមកជឿខ្ញុំ ឬទៅសម្លុតគំរាមឱ្យជឿខ្ញុំ ឬក៏ទៅសូកលុយគេឱ្យជឿខ្ញុំ ស្រេចខ្ញុំ ខ្ញុំមិនចាំបាច់ទៅចុះបញ្ជី ខ្ញុំមិនចាំបាច់សុំច្បាប់អីគេទេ ព្រោះអានេះជាសេរីភាព! អាហ្នឹងគេហៅថា អនា​ធិបតេយ្យហើយ»។

ក្រៅពីរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក៏បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​​ (Twitter) ដែរថា ការ​យោគយល់​ចំពោះ​ទស្សនៈ​​ជំនឿ​ផ្សេងគ្នា គឺជា​អំណាច​ដ៏​អស្ចារ្យ​។ លោក​​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ការពារ​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការ​ប្រតិបត្តិ​ជំនឿ​របស់​ខ្លួនដោយ​គ្មាន​ការ​រំខាន។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​៤៣ បានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

បើតាមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា គិតត្រឹមឆ្នាំ២០២១នេះ ប្រជាជនកម្ពុជាប្រមាណជា ៩៥% កាន់ព្រះពុទ្ធសាសនា ខណៈ៥%ទៀតជាសាសនាផ្សេងៗ ដូចជា សាសនាឥស្លាម ៣% សាសនាគ្រឹស្ត ១% និង ១%ទៀតជាសាសនាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ