លោក​ ហ៊ុន​ សែន​ ថា​អតីត​គណ​បក្ស​ប្រឆាំង​មាន​ផែនការ​បំផ្លាញ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់អតីតគណបក្សប្រឆាំងថា មានផែនការបំផ្លាញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ខាងមុខ ខណៈអ្នកវិភាគនយោបាយមើលមិនឃើញថា អតីតគណបក្សប្រឆាំងមានលទ្ធភាពធ្វើអ្វីបាននោះឡើយ។

តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ នៅថ្ងៃរំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៦ ខែឧសភានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់កងកម្លាំងនគរបាលជាតិ ថាស្ថានការណ៍នៅពេលខាងមុខ ទោះបីតិចឬច្រើន ផ្ទាល់ឬប្រយោលក្តី គឺសុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ។ បញ្ហាទាំងអស់នេះតម្រូវឱ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាកម្លាំងស្នូល រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ឧបាយកលសកម្មភាពរបស់ក្រុមអតីតគណបក្សប្រឆាំង ដោយមិនឱ្យពួកគេសម្រេចផែនការខាងលើនេះជាដាច់ខាត។

លោកបានសរសេរនៅក្នុងលិខិតនោះថា៖ «ឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខនេះ ស្របពេលដែលសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតែបន្តនិងពុំអាចកំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នោះ សភាពការសន្តិសុខសកលលោកក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនិងជះឥទ្ធិពលជាអវិជ្ជមានដល់បរិយាកាសសន្តិសុខនៅកម្ពុជាជាមិនខានឡើយ»។

លោកនាយករដ្ឋមន្ត្រីបន្តថា៖ «ក្នុងខណៈពេលដូចគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជានឹងត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហាររបស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ»។

វីអូឌី មិនអាចទាក់ទងសុំការពន្យល់បន្ថែមពីតម្រុយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនេះពីសំណាក់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បាននៅឡើយទេ នៅរសៀលថ្ងៃសៅរ៍នេះ។

យ៉ាងណាក្តី អតីតអនុប្រធានគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ បានបដិសេធថា អតីតគណបក្សសង្គ្រោះជាតិមិនមានផែនការបែបនេះឡើយ។ គណបក្សសង្គ្រោះជាតិ ចង់ចូលរួមការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ។

ជាមួយនឹងការច្រានចោលចំពោះការចោទប្រកាន់នេះ លោកស្រី មូរ សុខហួរ ក៏បានអំពាវនាវឱ្យកងកម្លាំងនគរបាលជាតិទាំងអស់រក្សាអព្យាក្រឹត្យភាព និងបម្រើការពារប្រជាពលរដ្ឋជាទូទៅ។ លោកស្រីសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិនឹងមានឱកាសវិលត្រលប់មកចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់វិញនៅពេលខាងមុខនេះ។

លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងនៅតែរក្សាជំហររបស់យើងក្នុងការបម្រើប្រទេសជាតិ ហើយតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ យើងនៅតែមានជំនឿថា យើងនៅមានឱកាសវិលត្រលប់មកឱ្យបងប្អូនជ្រើសរើសយកយើងមកធ្វើជាមេឃុំ-ចៅសង្កាត់នៃគណបក្សសង្គ្រោះជាតិ»។

លោកស្រីបន្តថា៖ «ឆ្លើយតបជាមួយលោក ហ៊ុន សែន ដែលទុកថាជានាយករដ្ឋមន្ត្រីនៃប្រទេសជាតិយើង ខ្ញុំយល់ថា នាយករដ្ឋមន្ត្រីគួរមានភាសាឱ្យជាតិយើងបានស្ងប់ មានឯកភាពជាតិ មានការផ្សះផ្សាជាតិទៅ វាប្រសើជាងការវាយប្រហារហើយវាយប្រហារទៀត បានរំលាយគណបក្សសង្គ្រោះជាតិហើយ ហើយហេតុអ្វីនៅតែបារម្ភនឹងព្រលឹងគណបក្សសង្គ្រោះជាតិម្ល៉េះ? ម៉េចមិនមានទំនុកទុកចិត្តលើគណបក្សប្រជាជនកម្ពុជាដោយខ្លួនឯងទៅ?»

ចំណែកអ្នកឃ្លាំមើលសង្គម លោកបណ្ឌិត មាស នី មើលមិនឃើញថា អតីតគណបក្សប្រឆាំងមានលទ្ធភាពអាចបំផ្លាញការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខនេះបានឡើយ។ ប៉ុន្តែផ្ទុយទៅវិញ លោកបានកត់សម្គាល់ថា សាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ហាក់បីដូចជាខ្លាចស្រមោលរបស់អតីតគណបក្សប្រឆាំងទៅវិញ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អានេះបើនិយាយឱ្យសាមញ្ញ ហាក់ដូចជាគណបក្សសង្គ្រោះជាតិនៅតែជាស្រមោលអន្ទោលតាមប្រាណ ដូចជាចេះតែធ្វើឱ្យគណបក្សកាន់អំណាចចេះតែមានការព្រួយបារម្ភ ហើយចេះតែលើកពីករណីនេះ ករណីនោះ។ ហើយបើយើងមើលពីការរំលាយ ពីការប្រកាសថាគណបក្សនេះវាទៅជាខ្មោចហើយ ហើយគណបក្សសង្គ្រោះជាតិហ្នឹងវាបែកបាក់ខ្ទេចខ្ទីអស់ហើយ មានមូលហេតុណាដែលគណបក្សកាន់អំណាចត្រូវភ័យខ្លាចទេ បាទ»។

គួររំឭកជូនថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សរុប៥ ០០៧អាសនៈ ក្នុងចំណោម១១ ៥៧២អាសនៈ ដែលមានសំឡេងអ្នកបោះឆ្នោតជាង៣លាននាក់។ ក៏ប៉ុន្តែក្រោយមក តុលាការកំពូលបានរំលាយគណបក្សនេះ នៅខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានយកអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិនេះទៅបែងចែកឱ្យគណបក្សនយោបាយផ្សេងៗ ក្នុងនោះរួមមានទាំងគណបក្សប្រជាជនកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ