ពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននាំគ្នាបោះតង់ដេកយាមដីស្រែ និងបិទកំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ដោយបារម្ភខ្លាចក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ ទាំងមិនទាន់បានដោះស្រាយសំណងសមរម្យ។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមពលរដ្ឋទាំងនោះអះអាងថា ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះរបស់លោកឧកញ៉ា ពុង ឃាវសែ បានដាក់គ្រឿងចក្រ២គ្រឿង និងឡានបាញ់ទឹក៣គ្រឿង អមដោយកម្លាំងសមត្ថកិច្ចប្រហែល២០នាក់ បានធ្វើសកម្មភាពឈូសឆាយដីស្រែរបស់ពួកគាត់អស់១ហិកតាកន្លះ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកភូមិពេលនោះ។
លោក គឹម សុជាតិ ដែលអះអាងថារងផលប៉ះពាល់ដីស្រែ៤ហិកតា នៅឃុំបឹងខ្យាង ដោយគម្រោងអភិវឌ្ឍន៍នេះ ប្រាប់ វីអូឌី កន្លែងបោះតង់ នៅថ្ងៃចន្ទនេះថា អ្នកភូមិបាននាំគ្នាបោះតង់ដាក់វេនគ្នាដេកយាមដីស្រែរយៈពេល៤ថ្ងៃមកហើយ។
លោកថា អ្នកភូមិសម្រេចដេកយាមដីស្រែបែបនេះ ដោយសារពួកគាត់បារម្ភខ្លាចក្រុមហ៊ុនលួចដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ទៀត ខណៈដែលក្រុមហ៊ុននិងរដ្ឋាភិបាលមិនទាន់បានដោះស្រាយសំណងលើផលប៉ះពាល់ជូនពលរដ្ឋសមរម្យនៅឡើយ។
លោកបន្ថែមថា៖ «ប្រជាជនមកបោះតង់នេះ ដោយសារមានការតវ៉ារឿងដីធ្លី ដែលមានការឈូសឆាយពីក្រុមហ៊ុន OCIC។ ហើយការឈូសឆាយនេះ គឺបានឈូសឆាយលើដីស្រែស្រូវពង្រោះប្រជាពលរដ្ឋបាន ព្រោះរួចជាង១ខែហើយ និងស្រូវដុះបានមួយចំអាមហើយដែរ។ គាត់បានដាក់ទឹករួច និងបាចជីរួចថែមទៀត ហើយ[ក្រុមហ៊ុន]បានឈូសដីស្រែគាត់កម្ទេចតែម្តង»។
បើតាមលោក គឹម សុជាតិ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យដីប្រជាពលរដ្ឋចំនួន៣ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ១ឃុំស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ រងផលប៉ះពាល់ ដែលមានចំនួន៧៨១ក្បាលដី ហើយបើគិតជាហិកតាមានចំនួនជាង៤០០ហិកតាដែលមិនទាន់បានដោះស្រាយ ប៉ុន្តែលោកមិនចាំចំនួនពលរដ្ឋប៉ុន្មានគ្រួសាររងផលប៉ះពាល់នោះទេ។
ពលរដ្ឋម្នាក់ទៀតនៅឃុំបឹងខ្យាង អ្នកស្រី ដុស សារឿន អាយុ៦៧ឆ្នាំ បានឱ្យដឹងថា គ្រួសារអ្នកស្រីបានរងផលប៉ះពាល់ស្រែ១ហិកតា និងដីលំនៅឋាន២ឡូត៍។ អ្នកស្រីបន្តថា ការដោះស្រាយកន្លងមក ភាគីក្រុមហ៊ុននិងរដ្ឋាភិបាលបានដោះស្រាយជាគោលនយោបាយ ដោយផ្តល់សំណងចន្លោះពី៣ដុល្លារ ទៅ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអ្នកស្រីមិនអាចទទួលយកបានទេ ដោយថា តម្លៃនេះមិនអាចយកទៅទិញដីកន្លែងផ្សេងបានទេ។
អ្នកស្រីបន្ថែមថា អ្នកស្រីក៏ដូចអ្នកភូមិផ្សេងទៀតដែលកំពុងរងផលប៉ះពាល់ គឺទាមទារសំណងទៅតាមតម្លៃទីផ្សារ។ អ្នកស្រីថា ដីនៅតំបន់នោះ បច្ចុប្បន្នមានតម្លៃចន្លោះពី៩០ដុល្លារ ទៅជាង១២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ស្ត្រីវ័យ៦៧ឆ្នាំរូបនេះបន្តថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅភូមិកំពង់តាឡុងមួយចំនួនជួបបញ្ហាជីវភាពគ្រួសារ ដោយសារក្រុមហ៊ុនឈូសឆាយ បិទប្រព័ន្ធទឹក ហើយប្រជាកសិករមិនអាចធ្វើស្រែបង្កបង្កើនផលបាន ខណៈពលរដ្ឋមួយចំនួនកំពុងពិបាកចិត្តដោយបារម្ភខ្លាចមិនទទួលបានការដោះស្រាយសំណងសមរម្យ។
អ្នកស្រីបន្ថែមថា៖ «បើសម្តេច [ហ៊ុន សែន] អាណិតប្រជាជនទាំង៤ឃុំនេះ សូមសម្តេចជួយដោះស្រាយឱ្យបានឆាប់ ព្រោះប្រជាជននៅទីនេះវេទនាខ្លាំងណាស់»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន CAIC របស់លោក ពុង ឃាវសែ ដើម្បីបញ្ជាក់ជុំវិញករណីនេះបាននៅឡើយទេ នៅថ្ងៃចន្ទនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា ការដាក់តម្លៃដើម្បីដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនោះ គឺបានកំណត់ដោយក្រសួងពាក់ព័ន្ធ។ លោកថា តម្លៃនេះគឺមានប្រជាពលរដ្ឋមួយចំនួនបានទទួលយករួចហើយដែរ ខណៈមួយចំនួនទៀតមិនព្រមទទួលយក ដោយចង់បានខ្ពស់ជាងនោះ។
ប៉ុន្តែយ៉ាងណា លោកថា រដ្ឋបាលខេត្តនឹងជួបប្រជុំជាមួយតំណាងក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ឬអាចចរចាបានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត។
លោកបន្ថែមថា៖ «ខ្ញុំកំពុងតែប្រឹងប្រែងជួយឱ្យអស់លទ្ធភាព ជំរុញដំណើរការនេះឱ្យបានទៅមុខ ព្រោះបងប្អូនមួយចំនួនគាត់បានទន់ភ្លន់សម្របសម្រួលមួយចំនួនហើយ។ អ៊ីចឹងយើងនឹងខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យការអភិវឌ្ឍព្រលានយន្តហោះនេះ ជាការអភិវឌ្ឍមួយពិតប្រាកដសម្រាប់បម្រើប្រទេសជាតិទាំងមូល»។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា តាមច្បាប់ជាតិនិងអន្តរជាតិ រាល់ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា រដ្ឋត្រូវដោះស្រាយសំណងជូនពលរដ្ឋឱ្យបានសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លីជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាលនេះ លោក វណ្ណ សុផាត បានស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យបានច្បាស់អំពីទំហំនៃការផ្តល់សំណងសមរម្យដល់ពលរដ្ឋ និងត្រូវមានការចូលរួមពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងតំបន់នីមួយៗ ដើម្បីឱ្យពួកគាត់អាចទទួលយកបានទាំងអស់គ្នា និងគ្មានការរំលោភសិទ្ធិមនុស្ស។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយផ្តល់ដីរដ្ឋទំហំប្រមាណ២ ៦០០ហិកតា ដែលលាតសន្ធឹងលើស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ទៅឱ្យក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) វិនិយោគរួមគ្នាជាមួយសាជីវកម្មក្រៅប្រទេស និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយនេះ៕