គ្រូពេទ្យ​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ ក្រោយ​អាជ្ញាធរ​ប្រជុំ​ដោះស្រាយ​

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

គ្រូពេទ្យម្នាក់ដែលត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់នៅខេត្តប៉ៃលិន លោក ខឹម មុនីកុសល រំពឹង​ថា នឹងទទួលបានយុត្តិធម៌ បន្ទាប់ពីគណៈកម្មការចម្រុះខេត្តបានប្រជុំដោះស្រាយបណ្តឹងរបស់លោកនៅថ្ងៃ​នេះ។

លោក ខឹម មុនីកុសល បានប្រាប់ វីអូឌី ​ឱ្យដឹងថា លោកបានចូលទៅបំភ្លឺនៅចំពោះមុខគណៈកម្មការចម្រុះដឹកនាំដោយលោក រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ។

បើតាមលោក កុសល លោកត្រូវបានគណៈកម្មការនេះចោទសួរ២ចំណុច ពិសេសទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួននិងប្រវត្តិ​ការងាររបស់លោក និងជុំវិញមូលហេតុនៃការប្តឹងជំទាស់របស់លោកទៅនឹងដីកាសម្រេចរបស់អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ កាលពីថ្ងៃទី១៩ ខែមីនា។

ក្រោយពីការចូលបំភ្លឺរួចរាល់ លោក ខឹម មុនីកុសល បានត្រលប់ទៅផ្ទះវិញ ដោយមិនទាន់មានការសម្រេចលទ្ធផលអ្វីនៅឡើយទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចង់បានរបស់ខ្ញុំហ្នឹង គឺខ្ញុំចង់បានការសម្រុះសម្រួលគ្នា ហើយខ្ញុំក៏ចង់ដឹងពីបទចោទប្រកាន់ខ្ញុំវាពិស្តារ ប៉ុន្តែខាងគណៈកម្មការថា គាត់នឹងសាកសួរព័ត៌មាននេះទៅកាន់ភាគីម្ខាងទៀតឱ្យបានល្អិតល្អន់ មុនធ្វើការសន្និដ្ឋាន។ នៅពេលយើងជួបគ្នាលើកក្រោយទៀត យើងនឹងជជែកគ្នាលើបញ្ហាហ្នឹង ដេញដោលគ្នា សម្របសម្រួលគ្នាទៅតាមហ្នឹង! បាទ! បាទ! ហ្នឹងហើយ! ចង់បានក្របខណ្ឌឡើងវិញ»។

សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ លោក រាម សុមាន បានប្រាប់ វីអូឌី ថាកិច្ចប្រជុំថ្ងៃនេះជាដំណាក់កាលដំបូងដើម្បីប្រមូលព័ត៌មានប៉ុណ្ណោះ ពោលគឺនៅមិនទាន់មានលទ្ធផលឬសេចក្តីសម្រេចអ្វីនៅឡើយទេ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទេ! មិនទាន់ដឹងទេ! ចាំមើលសិន! ព្រោះវាពាក់ព័ន្ធនឹងរឿងពេលវេលា ព្រោះយើងមិនអាចសម្រេចភ្លាមទេ យើងត្រូវប្រមូលព័ត៌មាន ទើបជិតចប់ពីមន្ទីរសុខាភិបាលហ្នឹង ហើយខាងតំណាងខេត្តគាត់ថានឹងមកបំភ្លឺឱ្យយើងសួរនាំមួយចំនួន សួរម្តងម្នាក់ៗ បាទ»។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន លោក យ៉ិន ម៉េងលី បានថ្លែងថា ដីកាបញ្ឈប់លោក ខឹម មុនីកុសល ពីក្របខណ្ឌមន្ត្រីរាជការពីសំណាក់អភិបាលខេត្តប៉ៃលិន ធ្វើឡើងដោយអត្តនោម័តិ និងជារឿងមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ។

លោកបន្ត​ថា៖ «យើងមិនទាន់សន្និដ្ឋានយ៉ាងម៉េចនៅឡើយទេ អ្វីដែលយើងសង្កេតមើលគឺមើលទៅលើនីតិវិធី ថាតើនីតិវិធីហ្នឹងធ្វើបានត្រឹមត្រូវតាមផ្លូវច្បាប់អត់! ហើយបើគេសម្រេចយ៉ាងម៉េច លោក មុនីកុសល មិនពេញចិត្ត គាត់មានសិទ្ធិក្នុងការប្តឹងទៅក្រសួងមុខងារសាធារណៈ ឬប្តឹងទៅតុលាការទៀត»។

គួររំឭកជូនថា កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីលោក ខឹម មុនីកុសល បានដាក់ពាក្យបណ្តឹងទៅក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ឱ្យជួយដោះស្រាយសំណុំរឿងរបស់លោក កាលពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីលោកត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រី មុំ សម្រេចបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការជាន់ខ្ពស់នៅខេត្តប៉ៃលិន។

រដ្ឋបាលខេត្តប៉ៃលិន បានចេញមកបញ្ជាក់ថា លោក ខឹម មុនីកុសល បាន «ប្រព្រឹត្តកំហុស និង​ការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ» ក្រោយពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន ថាមិនបានជួយធ្វើការងារគ្រូពេទ្យខ្លះនោះទេ ប៉ុន្តែនាំគ្នាអង្គុយលេងហ្វេស​ប៊ុក (Facebook) ក្នុងតង់ និងថតរូបបង្អួតគេឯងទៅវិញ។ ប៉ុន្តែសេចក្តីសម្រេចរបស់អភិបាលខេត្តប៉ៃលិននេះ បានរងការរិះគន់ថា ធ្វើឡើងដោយខុសនីតិវិធីច្បាប់។

ក្រោយពីទទួលបានពាក្យបណ្តឹងនេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញលិខិតមួយច្បាប់ដោយបង្គាប់ឱ្យអភិបាលខេត្តប៉ៃលិន បង្កើតគណៈកម្មការមួយដើម្បី​សម្របសម្រួលដោះស្រាយករណីនេះឡើងវិញ។

គណៈកម្មការនេះមានសមាសភាពមកពីក្រុមប្រឹក្សាខេត្ត មន្ទីរមុខងារសាធារណៈ តំណាងរដ្ឋបាល​ខេត្តប៉ៃលិន លោក អ៊ុន ប៊ុនលី តំណាងមន្ទីរសុខាភិបាលខេត្តប៉ៃលិន លោក សាខុន យុទ្ធី រួមទាំងសា​ម៉ីខ្លួន និងគូភាគី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ