តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​​៧​នាក់

អ្នកនាង ឈឿន ដារ៉ា​វី (កោរសក់​) លើកដៃជាប់ខ្នោះ មុនឡើងឡាន​ចាកចេញ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

សាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់«យុវជនខ្មែរថាវរៈ» និង«សមាជិក​សមាគម​និស្សិតបញ្ញវន្តខ្មែរ​»ចំនួន៧​នាក់ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ​សម្រាប់បន្តសវនាការ។

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ បានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់យុវជនខ្មែរថាវរៈ ចំនួន៥​នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ចំនួន​២នាក់។ យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរទាំងនោះ មានដូចជា លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ, កញ្ញា ឈឿន ដារ៉ា​វី, កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា, លោក ថា ឡា​វី, លោក មាន ព្រហ្ម​មុនី និង​​លោក មួង សុ​ភ័ក្រ្ត។​

ប៉ុន្តែក្រោយពីបើកសវនា​ការរយៈពេលជាង១ម៉ោង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិ​តសុទ្ធី បូរ៉ា​ឆាត បាន​ប្រកាសសាលក្រម ដោយ​បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនដែលជាសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សទាំង៧នាក់​នោះ​ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការពេលបើកសវនាការបន្តទៀត។

មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ​ ​លោក សំ ចំរើន សម្ដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការពេលនេះ ដោយចាត់ទុកការសម្រេចនោះថាមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោកឡើយ។

លោកបន្តថា កូនក្ដីរបស់លោក​ទាំង៧​នាក់ត្រូវបានតុលាការឃុំខ្លួនរយៈពេលជាង៩​ខែមកហើយ ដោយលោកថា ការឃុំខ្លួននេះបានលើសពីច្បាប់កំណត់ទៀតផង។

លោកបានបញ្ជាក់ថា៖ «ការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនិងជម្រះ មានរយៈពេលតែ៧ខែទេ! អ៊ីចឹងរយៈពេល៧​ខែ ចៅក្រមត្រូវបញ្ចប់នីតិវិធីរបស់ខ្លួន ត្រូវមានសាលក្រមសម្រេចមួយ កូនក្ដីយើង៧នាក់ មានទោសអត់? ប៉ុន្តែសម្រាប់ពេលនេះ មានរយៈពេល៩​ខែជាងហើយ មិនទាន់មានសាលក្រមអង្គសេចក្ដីណាមួយថាពួកគេមានទោសឬអត់ទេ»។

អ្នកស្រី កើត រី ដែលត្រូវជាបងស្រីបង្កើតរបស់លោក កើត សារ៉ាយ ចាត់ទុកការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់តុលាការពេលនេះថា ជារឿងអយុត្តិធម៌សម្រាប់គ្រួសាររបស់ពួកគាត់ ខណៈដែលពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។

អ្នកស្រីបន្ថែមទៀតថា៖ «តុលាការកម្ពុជាឥតមានតម្លាភាព ឯករាជ្យ ដោយតែងតែពន្យារពេលទុក លើកហើយលើកទៀត នូវសំណុំរឿងលោកប្អូនរបស់ខ្ញុំនិងសមាជិកខ្មែរថាវរៈ»។

ចំណែកកញ្ញា អេង វណ្ឌី ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ បាន​​អំពាវនាវដល់​​តុលាការនិងរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់លើយុវជនខ្មែរថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ឱ្យមានសេរីភាពវិញ ខណៈបច្ចុប្បន្នពួកគាត់កំពុងមានបញ្ហាសុខភាពផងដែរ។

កញ្ញារៀបរាប់ថា៖ «ដូចបងសុភ័ក្រ្ត គាត់និយាយថា​ គាត់មានបញ្ហាសុខភាព ឥលូវគាត់ស្គមខ្លាំងមែនទែន និយាយមួយម៉ាត់ទៅដូច​ខ្មោចអ៊ីចឹង ហើយពួកគាត់ម្នាក់ៗមានសុខភាពទ្រុឌទ្រោមខ្លាំង។ ដូចជាបងស្រីកញ្ញាផ្ទាល់ មានជំងឺឈឺជើងខ្លាំង ហើយលោក មាន ព្រហ្មមុនី មានបញ្ហាសុខភាពស្គមខ្លាំង។ ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលកាត់ក្តីនិងដោះលែងពួកគាត់ឱ្យ​បានឆាប់ៗ ឱ្យមានសេរីភាពទាំងអស់គ្នា»។     

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា យុវជនដែលធ្វើការងារសង្គមនិងសកម្មជននយោបាយភាគច្រើន មិនសូវត្រូវបាន​តុលាការ​ឱ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្ន​ទេ បើទោះបីជាមេធាវីខ្នះ​ខ្នែង​តវ៉ានិងស្នើសុំយ៉ាងណាក្ដី។

លោកស្រីបន្ត​ថា ពួកគាត់ភាគច្រើនក៏ប្រឈមនឹងការ​ចោទប្រកាន់និងឃុំខ្លួនពីសំណាក់តុលាការ ផ្ទុយពីអ្នកមានទ្រព្យធននិងឧកញ៉ាមួយចំនួនដែលត្រូវបានសម្របសម្រួលនិងបន្ធូរបន្ថយឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយករណីខ្លះទៀតត្រូវបានតុលាការសម្រេចបញ្ចប់រឿងត្រឹមពាក្យសុំទោស ជាដើម។

លោកស្រីថា៖ «ខាងស្ថាប័នតុលាការត្រូវពិនិត្យអំពីនីតិរដ្ឋ ហើយនិងភាពស្មើគ្នារបស់ពលរដ្ឋចំពោះមុខច្បាប់ហ្នឹង។ ខ្ញុំមើលទៅទាមទារឱ្យតុលាការ លោកត្រូវមើលឃើញថា ការដាក់ឃុំខ្លួន​បណ្ដោះអាសន្ននេះ គួរតែជាជម្រើសចុងក្រោយបំផុត មិនមែនលក្ខខណ្ឌដែលត្រូវតែធ្វើគ្រប់​ករណីទេ។ យើងឃើញហើយ ករណីសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ទោះ​បីជា​មានការ​ធានាអះអាងថា​ពួកគាត់នឹងសហការរាល់នីតិវិធី នៅតែមិនបានការបន្ធូរបន្ថយចំពោះករណីពួកគាត់»។

លោកស្រី ចក់ សុភាព ចាត់ទុកការឃុំខ្លួនយុវជនខ្មែរថាវរៈនិងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរបណ្ដោះអាសន្ននេះ ថាបានធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់ពួកគាត់ ខណៈដែលតុលាការមិនទាន់សម្រេចសេចក្ដីថាពួកគាត់មានទោសនៅឡើយនោះ។

ក្រុមយុវជនខ្មែរថាវរៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ទាំង៧​នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននិងចោទប្រកាន់ក្រុមយុវជនទាំងនេះ ពាក់ព័ន្ធករណីពួកគេចូលរួមតវ៉ានិងគ្រោងជួបជុំគ្នា​ដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន

ប្រធានសហភាពការងារកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្រ្គោះជាតិ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលលោក​បានចេញសេចក្តីថ្លែងការណ៍និងអត្ថាធិប្បាយជុំវិញបញ្ហា​ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ៕


អត្ថបទទាក់ទង

តុលាការ​ដោះ​លែង​កូន​​​​ឧកញ៉ា​ ហេង​ សៀ​ ក្រោយ​ពួក​គេ​ថា​មិន​បាន​ផលិត​វីដេអូ​អាសអាភាស​

តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថា​មិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ