អ្នក​នយោ​បាយ​ក្រៅ​រដ្ឋា​ភិបាល​ហៅ​សារ​ “ការពារ​សន្តិភាព”​ របស់​បក្ស​​កាន់​​អំណាច​​​មិន​​ឆ្លុះ​​បញ្ចាំង​​ការ​ពិត

លោក ហ៊ុន សែន នៅក្នុងទិដ្ឋភាពការប្រារព្ធខួប៧មករា ខួបលើកទី៤០ឆ្នាំ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រុមអ្នកនយោបាយនិង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ ហៅសារអំពាវនាវ​របស់គណបក្ស​​កាន់​​អំ​ណាច​​​​ឱ្យ​មាន​ការចូលរួម​ថែរក្សា «ការពារ​សន្តិភាព» ថាជានយោបាយប្រជាភិថុតិ ដោយចាត់ទុក​សន្តិភាព​​ដែល​​បាន​​លើកឡើង​​នេះមានតែនៅលើក្រដាសប៉ុណ្ណោះ។

ការរិះគន់របស់គណបក្សនិង​ក្រុមអ្នក​នយោបាយទាំងនេះ ធ្វើឡើងស្របពេលដែល​​គណ​​បក្សកាន់អំណាច​​ រំឭក​ពី​សោកនាដកម្ម​នៃ​របប​ខ្មែរ​ក្រហម នៅថ្ងៃទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា​​។ ក្នុង​សារនៅលើ​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃ​​នេះ គណបក្ស​ប្រជាជន​កម្ពុជា​​ បានអំពាវនាវ​ឱ្យភាគីពាក់ព័ន្ធ​​ទាំង​​អស់​ត្រូវ​ចូលរួម​រក្សា​ឱ្យ​​បាន​​នូវ​​សុខសន្តិភាព ហើយប្រឆាំងការវិលត្រឡប់មកវិញនូវ​​របប​ខ្មែក្រ​​ហម។

ថ្លែងពីប្រទេសបារាំង នៅថ្ងៃទី២០ ខែឧសភានេះ អតីតតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក ម៉ែន សុថាវរិន្រ្ទ មាន​​​ប្រសាសន៍ថា សន្តិភាពដែលគណបក្សប្រជាជនកម្ពុជាលើកឡើងនេះ គ្រាន់តែ​​ជា​រឿង​​ដែល​​​​​ល្អមើលតែប៉ុណ្ណោះ តែយក​ជាការ​មិនបាន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​​​បាន​​​​​បង្កើត​​ឱ្យ​​មាន​ការឈឺ​ចាប់​ជាច្រើន​ ដូចជា ​​ការរំលាយ​​បក្ស​​សង្រ្គោះ​ជាតិ​ ដែល​ធ្វើ​ឱ្យ​លំហ​នៃ​លទ្ធិ​​ប្រជា​ធិប​តេយ្យ​ត្រូវ​រួម​តូច ព្រមទាំងការ​ធ្វើទុក្ខបុកម្នេញសកម្មជន​​នយោ​​បាយ​​ប្រឆាំងនៅ​​តាម​មូលដ្ឋាន ​​ជា​​ដើម​។ 

លោក​​បន្ត​​ថា៖ ​«សុខសន្តិភាពដែលខាងគណបក្សប្រជាជន​កម្ពុជាដែលគាត់តែង​និយាយ​ហ្នឹង ​គឺនិយាយ​តែ​លើ​ក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។ ដូច្នេះ អត់មានជាក់​ស្តែងទេ​! ជាក់ស្តែង​ដើម្បី​ឱ្យមាន​សុខ​សន្តិភាព​ពិតប្រាកដ​ ទាល់តែឱ្យគេសុខសន្តិភាពតាមផ្លូវកាយនិងផ្លូវចិត្ត​។ ហើយសុខ​សន្តិភា​ពទាំង​អស់គ្នា​តែ​ម្តង មិនមែនសុខតាមតែគណបក្សនីមួយៗទេ គឺសុខសន្តិភាពទាំងអស់គ្នានៅទូទាំងប្រទេសកម្ពុជា»។

អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជា​​ប្រធាន​ក្រុម​​ការងារប្រចាំ​ខេត្ត​​សៀមរាបរបស់​បក្ស​ឆាំង​រូបនេះ​ បន្ថែម​ថា ដើម្បី​ទទួល​បាន​សន្តិភាព​ពិតប្រាកដ​ លុះត្រាតែរដ្ឋាភិបាល​​ផ្តល់សម្បទា​ឱ្យ​អតីត​​គណបក្ស​ប្រឆាំង​​វិលចូល​​ឆាក​នយោ​​បាយ​​ឡើង​វិញ ព្រម​​ទាំង​​បើក​​ផ្លូវ​ឱ្យគ្រប់ភាគីដទៃទៀតដែល​ជា​តួអង្គ​នៃលទ្ធិប្រជាធិបតេយ្យបាន​​បំពេញ​ការងាររបស់ពួកគេ ដោយ​មិនមាន​ការព្រួយ​បារម្ភ​និងភ័យខ្លាច។

ចំណែក​លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យ​​មូលដ្ឋាន​វិញ ថ្លែងថា ដើម្បីឱ្យមាន​សន្តិភាព​​ទៅបាន ដរាបណាការគំរាមកំហែង​បក្ស​នយោបាយ​នៅ​មូលដ្ឋាន​ត្រូវបាន​ធានា គម្លាត​នៃភាពក្រី​ក្រត្រូវ​បានកាត់បន្ថយ​​ជាអតិបរមា ហើយ​ជម្លោះ​ដីធ្លី​ត្រូវបាន​ដោះស្រាយ ជាពិសេស​​ពល​​រដ្ឋ​​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នាចំពោះមុខច្បាប់ និងទទួលបាន​យុត្តិធម៌សង្គម​​ពេញ​​​លេញ។

លោកមានប្រសាសន៍​ថា៖ «​សេរីភាពន​យោបាយ​ យើង​ឃើញ​ប្រជាពលរដ្ឋ​នៅតែ​រស់​នៅ​ភ័យខ្លាច។ ភ័យខ្លាច​ការបញ្ចេញមតិ ភ័យខ្លាច​ចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ សូម្បី​ជាមួយ​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ក៏​ដូច្នោះ​ដែរ ភ័យខ្លាចតែគេតាមដាន គេ​សម្លុត ​គេ​គំរាម​អ៊ីចឹង​ទៅ។ ដូច្នេះ សន្តិភាព លុះ​ត្រាតែ​មាន​ប្រជាពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច»។

ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាង​ថា កម្ពុជាក្រោម​​ការ​​ដឹកនាំ​របស់​​​គណបក្ស​​​ប្រជា​​ជន​​​​កម្ពុជា​ក្នុង​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​មក​នេះ ​ប្រជាពលរដ្ឋ​អាចដើរហើរនិងបំពេញការងារ​របស់​ខ្លួនដោយ​​សេរីនិងមិន​​មាន​ការ​ភ័យ​ខ្លាច​ទេ។ 

លោកបន្តថា៖ «ដោយសារ​គាត់​មិន​បាន​កាន់​អំណាច មិន​បាន​ឈ្នះ​ឆ្នោត ​ទៅដល់​ណា ​គាត់​ចេះតែ​គិតគូរ​ចង់​បាន​អំណាច​ហ្នឹង។ ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គាត់​ហ្នឹង​ មិន​បាន​ជាប់ឆ្នោត! តែ​ប៉ុណ្ណឹង​ទេ ​រឿង​សន្តិភាព​ផ្លូវ​ចិត្ត​នោះ។ ព្រះ​លោក​ចែង​ហើយ​ថា ​កាលបើ​យើង​មាន​ជីវិត​ហើយ ​សន្តិភាព​ផ្លូវចិត្ត​អត់មានទេ។ តែ​យើង​យក​សន្តិភាព​ផ្លូវការ សន្តិភាព​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ និង​សន្តិភាព​ក្នុង​​ប្រទេស​ទាំងមូល អាហ្នឹង​បាន​សន្តិភាព​ពិត​​ហើយ​។ យើង​មាន​សង្រ្គាម​ពី​ណា​មក? តាំង​ពីឆ្នាំ១៩​៩៨​មក គឺអត់មានទេ»។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់​​ឃើញ​ថា​ កម្ពុជា​ទទួល​បាន​សន្តិភាព​​មួយផ្នែក បើ​គេ​ពិនិត្យ​ទៅ​លើ​បញ្ហា​សន្តិ​​សុខ​​​សង្គម ​ដូចជា ​​មិន​មាន​សង្គ្រាម​ស៊ីវិល​ដូច​កាល​ពី៤០​​​ឆ្នាំ​មុន​ ជាដើម។ ​​លោកយល់​ថា នៅមាន​បញ្ហា​មួយចំនួន​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​ ដើម្បីឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ។

លោក​​បន្ត​​ថា៖ «ចំពោះស្រុកខ្មែរយើងវិញ យើងមានសន្តិភាពដែរ ប៉ុន្តែមិនទាន់ពេញលេញទេ ដូចជា​ ការ​​បែក​បាក់គ្នារវាងអ្នកនយោបាយ ហើយសង្គមយើងក៏នៅមានការរឹតត្បិតសិទ្ធិសេរីភាព ឯ​ដំណើរ​​ការ​​ប្រជាធិបតេយ្យមានឡើងមានចុះ ការឈ្លោះទាស់ទែងគ្នារវាងជាតិសាសន៍ មាន​តួយ៉ាង​ដូច​​ការ​បែង​​ចែកខណ្ឌសីមារវាងគណបក្សកាន់អំណាចនិងអតីតគណបក្សសង្គ្រោះជាតិ ជាដើម »។ 

សម្រាប់អ្នកជំនាញ​​​ផ្នែក​​ប្រជាធិបតេយ្យ​​​រូប​នេះ​​ ការផ្តល់សិទ្ធិ​សេរីភាព​ផ្នែក​បញ្ហាស្មារតី​និង​​សិទ្ធិ​​ធ្វើ​​​នយោបាយ ជាពិសេស​​យុត្តិ​ធម៌​សង្គម​តាមរយៈ​តុលាការ​ដែល​ធ្វើការ​ដោយឯករាជ្យ​ ទើបជាមូលដ្ឋាន​នៃសន្តិភាព​​ពិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ