សង្គម​ស៊ីវិល​សាទរ​​​វិធានការ​​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ដែល​លុប​​បំបាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​​កម្ម​ស្រាបៀរ​

ពលរដ្ឋធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៥ កាលពីពេលកន្លងទៅ។ រូបភាព៖ ជន ចាន់រ៉ែន

អង្គការសង្គមស៊ីវិល គាំទ្រចំពោះរដ្ឋបាល​ខេត្តកំពង់ស្ពឺដែលធ្វើយុទ្ធនាការដកហូតនិងរុះរើ​​ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងនៅក្នុងខេត្តនេះ ដោយ​ចាត់ទុកវិធានការរបស់អាជ្ញាធរខេត្ត​ថា ជា​ជំហានចាប់ផ្តើមដ៏ល្អមួយ​សម្រាប់កម្ពុជា។

រដ្ឋបាលខេត្ត​​កំពង់​​​ស្ពឺ បាន​​ដាក់​​​​​​ចេញ​​​​នូវវិធានការរដ្ឋបាលរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ នៅក្នុងកិច្ចប្រជុំមួយ​កាលពីថ្ងៃទី​២០ ខែឧសភា ម្សិលមិញ។ វិធានការដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថាជាយុទ្ធនាការលុប​បំបាត់នៃ​ការ​​លើក​​​​​កម្ពស់គ្រឿងស្រវឹងនេះ ត្រូវបានរដ្ឋបាល​ខេត្តកំពង់ស្ពឺប្តេជ្ញាថានឹងលែងឱ្យមានទៀតហើយ ចំពោះព័ត៌មាន​ស្តីពីផលិតផល​​​​​​ស្រា​​​​បៀរនៅលើផ្ទាំងប៉ាណូនៅ​​តាមទីសាធារណៈក្នុងខេត្តមួយនេះ។

នាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក មុំ គង់ ឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា នេះថា ការសម្រេចចិត្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ​ បញ្ឈប់លែងឱ្យមានផ្ទាំងប៉ាណូ​ផ្សាយពាណិជ្ជកម្ម​​​ស្រា​បៀរ​នេះ ជាសញ្ញាវិជ្ជមានល្អមួយ​សម្រាប់​​កម្ពុជា​។​

តែយ៉ាងណា លោកថា យុទ្ធនាកា​រ​ត្រឹម​​​​នេះនៅមិនគ្រប់គ្រាន់នៅឡើយទេ ប្រសិនបើមធ្យោបាយនៃការ​ផ្សព្វផ្សាយស្រាបៀរនេះត្រូវ​​បាន​​រកឃើញ​​នៅតាមរូបភាពផ្សេងៗទៀត។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា ការចាត់វិធានការ​​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ គឺជាការចាប់ផ្តើមល្អ​មួយ។ ប៉ុន្តែគួរតែឱ្យបានទូលំ​ទូលាយគ្រប​​ដណ្តប់ការ​ហាម​​​​​ឃាត់ការផ្សាយពាណិជ្ជកម្មតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងមធ្យោបាយ​ដទៃ​ទៀត​ដែរ​ ​ហើយ​ឱ្យបានគ្រប់ក្រុងគ្រប់ខេត្តរួមគ្នា មិនត្រឹមតែខេត្តកំពង់ស្ពឺមួយទេ»។

ចំណែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សាទរ​​ចំពោះ​​ចំណាត់ការក្នុងការប្រយុទ្ធប្រឆាំង​ការប្រើប្រាស់គ្រឿងស្រវឹងនៅពេលនេះ។

លោក​បន្ត​ថា ការបញ្ឈប់ឱ្យមានព័ត៌មានស្អេកស្កះនៅលើផ្ទាំងប៉ាណូនានាអំពីគ្រឿងស្រវឹង គឺជាវិធី​​កាត់​ផ្តាច់​​ចំពោះការលើកកម្ពស់​នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង។ បន្ថែមពីលើនេះ លោក​មើលឃើញ​ថា នេះ​​ជា​​យុទ្ធ​​សាស្រ្ត​ថ្មីមួយ ដែលនឹង​ក្លាយជាគំរូសម្រាប់​តំបន់​ផ្សេង​​ទៀតដែលនឹងឈានទៅ​​អនុវត្តដូច​​គ្នា​​នេះ​​​​ដែរ​។

លោកបន្តថា៖ «នេះជាការប្តេជ្ញាចិត្តមួយ​យ៉ាង​ល្អ​ប្រ​ពៃ​​​ហើយ ខ្ញុំគិតថា ខ្ញុំមានការ​ស្វាគមន៍ចំពោះអាជ្ញាធរ​ដែលខេត្តកំពង់ស្ពឺនេះ​ធ្វើការសម្រេចចិត្ត​យ៉ាង​ត្រឹម​ត្រូវ នៅក្នុងការការពារតម្លៃសីលធម៌សង្គមកម្ពុជា ក៏ដូច​ជាការគិតទៅដល់សុខុ​មាលភាពរ​បស់​ប្រជាពលរដ្ឋជាចម្បង»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍​ថា ​​ក្រោយ​​ផែនការដែលបានដាក់ចេញ គណៈបញ្ជាការឯកភាពចំណុះឱ្យខេត្ត ចាប់អនុវត្តហើយនូវវិធានការរដ្ឋបាល​​ទៅ​​តាមគោលដៅនីមួយៗ ដែលនឹងត្រូវបញ្ចប់ការផ្សាយពាណិជ្ជកម្ម ចំពោះផ្ទាំងប៉ាណូឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរនេះ។

បើតាមអភិបាលខេត្តរូបនេះ ក្រោយពីជូនដំណឹងនិង​​បាន​​កំណត់ថ្ងៃឱ្យម្ចាស់អាជីវកម្មរុះរើស្លាក​ចេញហើយ បើ​​ម្ចាស់​អាជីវកម្មទាំងនោះ​មិនអនុវត្តទេ វិធីចុងក្រោយ កម្លាំង​​ចម្រុះ​​នឹង​​ត្រូវអនុវត្តទៅតាមផែនការដែលបានគ្រោងទុក។

លោកបន្តថា៖ «យើងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរ ទុករយៈពេលឱ្យប៉ុន្មានថ្ងៃអ៊ីចឹងទៅ។ ហើយយើងអនុវត្តផ្ទាល់ ក្នុងករណីគេមិនធ្វើតាមយើង យើងមានក្រុមការងាររបស់ខេត្តដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប គាត់នឹងដឹកនាំក្រុមការងារ​ចុះទៅ អាចកាត់ អាចទម្លាក់អ៊ីចឹងទៅ»។

យ៉ាងណា យុទ្ធនាការដែលដាក់ចេញដោយរដ្ឋបាលខេត្តកំពង់ស្ពឺនៅពេលនេះ ធ្វើឡើងស្របពេល​វិធាន​រដ្ឋបាលដែលដាក់ចេញដោយរដ្ឋាភិបាលកំពុងនៅជាធរមាន​​នៅឡើយ អំពីបម្រាមនៃការ​ទទួលទាន​និងលក់ដូរ​គ្រឿងស្រវឹងក្នុងអំឡុងពេលផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ជាអាជីវករលក់ភេសជ្ជៈគ្រប់មុខនៅទីរួមខេត្តកំពង់ស្ពឺ លោក សុខ ម៉ៅ អះអាងថា លោក​នឹង​ចូល​រួម​អនុវត្តតាមវិធានរដ្ឋបាលដែលដាក់ចេញដោយអាជ្ញាធរ​ខេត្ត។ លោកបន្តថា ថ្វីត្បិតទីតាំង​​របស់​​លោកមាន​យីហោភ្ជាប់ដោយផ្ទាំងប៉ាណូផ្សាយពីផលិតផលស្រាបៀរមែន​ តែលោកនឹង​រុះរើចេញ។

លោក សុខ ម៉ៅ យល់ឃើញថា នេះជាមធ្យោបាយល្អ ដើម្បី​​ឈានទៅ​កាត់ប​ន្ថ​យ​ការប្រើប្រាស់គ្រឿងស្រវឹងហួស​ប្រមាណ​ពីអ្នកទទួលសេវា។

លោក​បន្តថា៖ «និយាយ​រួម បើ​ខាងរដ្ឋបាលខេត្តគេមានចំណាត់ការអ៊ីចឹង ខាង​ខ្ញុំជាអាជីវករហ្នឹងសប្បាយ​ចិត្តនិងពេញចិត្ត​ឱ្យ​​ដក ហើយឱ្យ​​ដកទូទាំងប្រទេសទៅ ហើយអត់មានប៉ះពាល់ចំណូលអីទេ ទោះបីជា​ប៉ះ​ពាល់ ​ក៏​សប្បាយចិត្ត​ដែរ​រឿងដកស្ពតពាណិជ្ជកម្មគ្រឿងស្រវឹង»។

ទាក់ទិនបញ្ហានេះ ក្រសួងសុខាភិបាលបានផ្តើម​ឱ្យមានសេចក្តីព្រាង​ច្បាប់ស្តីពីការ​គ្រប់គ្រង​​គ្រឿង​​ស្រវឹង ប៉ុន្តែច្បាប់នេះ បានបាត់ដំណឹងទៅវិញ ក្រោយពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាសថា នឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងសម្រេចនៅដើមឆ្នាំ២០១៦។

វីអូឌី ពុំអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេ អំពីការប្រព្រឹត្តទៅនៃ​សេច​ក្តី​​​​ព្រាងច្បាប់នេះ។

បើទោះជាបែបណា មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាន​​បង្ហាញ​​ពី​​លទ្ធ​ផល​​នៃការស្ទង់មតិរបស់ខ្លួន​នៅអំឡុងឆ្នាំ២០១៧ ដោយ​រកឃើញថា មាន​​មនុស្ស​​ប្រ​​មាណ៩០​​ភាគ​​រយបាន​​ឃើញ​​​​ការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងនៅតាម​​មធ្យោ​បាយ​​ផ្សេង​​ៗ ហើយ​ក្នុងចំណោមអ្នកដែលបានឃើញការផ្សព្វផ្សាយ​នោះ ប្រមាណ៧០ភាគរយ ចង់សាកល្បងប្រើ​​ប្រាស់​គ្រឿងស្រវឹងទាំងនេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ