អាជ្ញាធរខេត្តកំពត បានឃាត់ខ្លួនម្ចាស់សិប្បកម្មផលិតស្រា-សចំនួន២នាក់ជាបណ្តោះអាសន្ន ក្រោយពីពលរដ្ឋចំនួន១០នាក់បានស្លាប់ និងជាង៣០នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលស្រាសក្នុងកម្មវិធីបុណ្យសពមួយកន្លែងក្នុងខេត្តនេះ។
អធិការនគរបាលស្រុកកំពង់ត្រាច លោក សេង សុគន្ធចាត់ ប្រាប់ វីអូឌី នៅថ្ងៃនេះថា មានករណីពុលស្រា-សបានកើតឡើងនៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឱ្យមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប១០នាក់ តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ លោកថា ហេតុការណ៍ពុលស្រានេះ ក្រោយពីពួកគេពិសាស្រាជុំគ្នាក្នុងពិធីកំដរបុណ្យសពអ្នកភូមិ នាពេលកន្លងមក។
អធិការរូបនោះបញ្ជាក់ថា រីឯមនុស្សជាង៣០នាក់ទៀតដែលពុលស្រាសនៅក្នុងកម្មវិធីបុណ្យសពនោះដែរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ហើយសុខភាពពួកគេបានធូរស្រាលច្រើនហើយ។
អធិការស្រុកកំពង់ត្រាច លោក សេង សុគន្ធចាត់ ឱ្យដឹងទៀតថា ចំពោះម្ចាស់សិប្បកម្មផលិតស្រាសចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកជាបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការច្បាប់។
លោកមានប្រសាសន៍ថា៖ «កម្លាំងជំនាញសហការជាមួយខេត្ត បានយកគាត់មកដល់ខេត្តហើយ កំពុងរង់ចាំលទ្ធផលពីក្រសួង បើលទ្ធផលប៉ះពាល់ពាក់ព័ន្ធនឹងការផលិតរបស់គាត់ គឺគាត់អាចមានទោសទណ្ឌហើយ»។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញា ប៊ុនថន មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ ចំនួនអ្នកសង្ស័យពុលស្រា-សស្លាប់នោះ មានចំនួនកើនដល់១០នាក់ ខណៈរបាយការណ៍ទាក់ទងការផលិតស្រា-សមានជាតិពុល [មេតាណុល] កម្រិតណានោះ ក្រុមការងារខេត្តកំពុងរង់ចាំលទ្ធផលវិភាគពីក្រសួងសុខាភិបាល។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា អាជ្ញាធរត្រូវត្រួតពិនិត្យទីតាំងសិប្បកម្មបិទស្រា និងកន្លែងចែកចាយ ធ្វើយ៉ាងណាឱ្យស្រាដែលផលិតចេញមកនោះស្របតាមបច្ចេកទេសឬតាមការណែនាំរបស់មន្ទីរពាក់ព័ន្ធ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។
មន្ត្រីសិទ្ធិមនុស្សរូបនោះ ស្នើទៅអាជ្ញាធរត្រូវស្រាវជ្រាវនិងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើម្ចាស់សិប្បកម្មនិងឈ្មួញដែលនាំចូលមេតាណុលសម្រាប់ផលិតស្រា-សខុសបច្ចេកទេស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគាត់គួរតែមានវិធានការ ការទប់ស្កាត់ កុំឱ្យមានការនាំចូលអ្វីមួយ [មេតាណុល] ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ទីពីរ ត្រូវតែមានការត្រួតពិនិត្យចំពោះអ្នកដែលបានផលិត ហើយចុះបញ្ជីឱ្យបានត្រឹមត្រូវ បើសិនជារកឃើញបុគ្គលដែលគាត់បានផលិត ហើយគាត់ច្នៃប្រឌិត ធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ វាបណ្តាលឱ្យស្លាប់ ត្រូវផ្តន្ទាទោសដាក់ទោសទណ្ឌចំពោះគាត់ដែលបានធ្វើអំពើហ្នឹងទៅ»។
កាលពីពេលថ្មីៗនេះ ករណីពុលស្រា-សនិងស្រាថ្នាំនេះបានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលជាតំបន់ជាប់រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សជាង១០នាក់ស្លាប់ និងជាច្រើននាក់ទៀតបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងដែរថា បើតាមលទ្ធផលទទួលបានមកពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល ទៅលើសំណាកស្រាចំនួន២៨ (ស្រាថ្នាំ១៥សំណាក ស្រា-ស១៣សំណាក) ក្នុងនោះ ស្រាចំនួន២០សំណាក ត្រូវបានរកឃើញថាមានសារធាតុមេតាណុល (Methanol) លើសកម្រិត ដែលធំជាង០,៥ភាគរយ (>0,៥%) ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះមិនត្រូវលើសពី០,១%ឡើយ។
ក្រសួងសន្និដ្ឋានថា ករណីស្លាប់ពលរដ្ឋចំនួន១២នាក់ នៅភូមិចំនួន២ នៅស្រុកល្វាឯមនោះ បណ្តាលមកពីពលរដ្ឋទាំងនោះពិសាស្រា-សនិងស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ ខណៈម្ចាស់ទីតាំងផលិតស្រាត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការផងដែរ។
ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការពិសាស្រា-សឬស្រាថ្នាំដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សុខភាពឬរហូតបាត់បង់ជីវិត។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០នាក់បានស្លាប់ និងជាង១០០នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។
ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅខេត្តបន្ទាយមានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និងជិត៤០នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»៕