អតីត​គ្រូពេទ្យ​នៅ​​ខេត្ត​​ប៉ៃលិន​ថា​ ករណី​បណ្តេញ​លោក​ចេញ​ពី​មន្ត្រី​រាជការ​ទំនង​ជា​រឿង​នយោ​បាយ​

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

អតីតគ្រូពេទ្យជាន់ខ្ពស់ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានចាត់ទុកថា ករណីបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិន ទំនងជារឿងនយោបាយ។

ការអះអាងនេះបានធ្វើឡើងបន្ទាប់ពីលទ្ធផលនៃកិច្ចប្រជុំសម្រុះសម្រួលចំនួនពីរលើក រវាងលោក ខឹម មុនីកុសល និងគណៈកម្មាធិការសម្រុះសម្រួលទំនាស់ខេត្តប៉ៃលិន មិនសះជានឹង​គ្នានោះទេ។

នៅក្នុងលិខិត​របស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសម្រុះសម្រួលទំនាស់នេះ ចុះថ្ងៃ​ទី២៤ ខែឧសភា បាន​ជូនដំណឹង​ទៅលោក ខឹម មុនីកុសល ដោយបានសន្និដ្ឋានថា លទ្ធផលនៃកិច្ចប្រជុំសម្រុះសម្រួលគ្នាកាលពីថ្ងៃទី២១ ខែឧសភាកន្លង​​ទៅនេះ ភាគីទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួនមិនទទួលយកនូវសំណើនិង​សំណូមពររបស់ភាគីណាមួយឡើយ។

ប៉ុន្តែលោក ខឹម មុនីកុសល បានអះអាងថា លោកនឹងបន្តប្ដឹងទៅកាន់ក្រសួងមុខងារសាធារណៈជាថ្មីម្តងទៀត ក្រោយពីលទ្ធផលចេញមកខុសពីការរំពឹងទុកបែបនេះ។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំនៅតែមិនសុខចិត្តដដែល ពីព្រោះខាងខេត្តគាត់នៅរក្សាដីកាហ្នឹងដដែលអ៊ីចឹង»។

ទោះជាយ៉ាងនេះក្តី លោក ខឹម មុនីកុសល បានចាត់ទុកថា ករណីអភិបាលខេត្តប៉ៃលិនបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិននេះ ទំនងជារឿងនយោបាយ។

លោកបានសំណូមពរម្តងហើយម្តងទៀតដល់​គណៈកម្មាធិការសម្រុះសម្រួល​ ដែលមានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាប្រធាននេះ កុំ​សើរើរឿងចាស់ពីអតីតកាលរបស់​លោកកាលពីឆ្នាំ២០១៧។

លោកថា កាលពី​ឆ្នាំ២០១៧ លោកគឺ​ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែចាប់តាំងពីតុលាការកំពូលបានរំលាយគណបក្សប្រឆាំង​នោះ​មក រូបលោក​មិនមានជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយណាមួយទៀតនោះឡើយ។

លោក ខឹម មុនីកុសល បានការពារសកម្មភាពរបស់លោកថា ការប្រព្រឹត្តកំហុសត្រឹមតែការរិះគន់លើហ្វេសប៊ុក មិនមែនជាកំហុសធ្ងន់ធ្ងរដែលត្រូវបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនោះទេ។

លោក​ថា៖ «លោកត្រូវចាំថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ខ្ញុំក៏បានចូលរួមជាមួយនឹងអតីតគណបក្សសង្គ្រោះជាតិដែរកាលហ្នឹង ប៉ុន្តែក្រោយពីការរំលាយគណបក្សហ្នឹងទៅ មានន័យថា វាបញ្ចប់ហើយ ខ្ញុំក៏មិនមានអីពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយណាមួយទេ។ ក៏ប៉ុន្តែពួកគាត់នៅតែយកបញ្ហាហ្នឹងមកធ្វើជាបញ្ហា​ដដែលៗសារ​ឡើងវិញ អ៊ីចឹងការដកតំណែងខ្ញុំកាលពីឆ្នាំ២០១៨អីហ្នឹង គឺហេតុផលការបោះឆ្នោតហ្នឹងឯង! ហើយឥលូវហ្នឹង គាត់ទើបប្រឌិដ្ឋរឿងចោទប្រកាន់ខ្ញុំថែមទៀត វាមិនយុត្តិធម៌​សម្រាប់ខ្ញុំទេ និយាយឱ្យចំទៅ»។

វីអូឌី មិនអាចទាក់ទងសុំការពន្យល់ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសម្រុះសម្រួលទំនាស់ ជុំវិញលទ្ធផលនេះបាននៅឡើយទេ។

ចំណែកលោក ធូ ភា អភិបាលរង និងជាអ្នកនាំពាក្យខេត្តប៉ៃលិនវិញ បានថ្លែងយ៉ាងខ្លីថា លោកមិនបានក្តាប់រឿងនេះទេ ដោយសារលោកកំពុងជាប់ដៃប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩។

យ៉ាងណាក្តី លោក អ៊ិន គង់ចិត្រ មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តប៉ៃលិននិងខេត្តបាត់ដំបង បានថ្លែងថា ប្រសិនបើករណីនេះមិនមានភ្ជាប់ជាមួយរឿងនយោបាយទេ នោះលោកយល់ថា គួរតែអាចសម្របសម្រួលគ្នាបាន។

លោកថ្លែងថា៖ «ការបញ្ឈប់លោក មុនីកុសល ហ្នឹង វាមានកត្តាពីរ! ទី១ ដែល​ខ្ញុំបានដឹង តាមខ្ញុំដឹង គឺកត្តានយោបាយ និងកត្តាបច្ចេកទេសរដ្ឋបាល កត្តានយោបាយគឺគេបានលើកពីអតីតភាពរបស់គាត់។ ហើយចំណែករឿងរដ្ឋបាលបច្ចេកទេស តាមខ្ញុំប្រមូលបានគឺគាត់អត់មានកំហុសទេមើលទៅ»។

គួររំឭកជូនថា កិច្ចប្រជុំសម្រុះសម្រួលទំនាស់នេះបានធ្វើឡើងបន្ទាប់ពីលោក ខឹម មុនីកុសល បានដាក់ពាក្យបណ្តឹងទៅក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ឱ្យជួយដោះស្រាយសំណុំរឿងរបស់លោក កាលពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីលោកត្រូវបានអភិបាលខេត្តប៉ៃលិន សម្រេចបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការជាន់ខ្ពស់នៅខេត្តប៉ៃលិន។

រដ្ឋបាលខេត្តប៉ៃលិន បានចោទប្រកាន់លោក ខឹម មុនីកុសល ថា​បាន «ប្រព្រឹត្តកំហុស និង​ការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ» ក្រោយពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន។ ប៉ុន្តែ​សេចក្តីសម្រេចរបស់អភិបាលខេត្តប៉ៃលិននេះបានរងការរិះគន់ពីអ្នកច្បាប់និងមហាជនមួយចំនួនថា ធ្វើឡើងដោយខុសនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ