អតីត​មន្ត្រី​ពេទ្យ​​ម្នាក់​សុំ​​អន្តរា​គមន៍​ពី​​​ក្រសួង​មុខងារ​សាធារណៈ​ជា​ថ្មី​ឱ្យ​ខ្លួន​បាន​ចូល​ធ្វើ​ការ​វិញ​

លោក ខឹម មុនីកុសល មកដាក់ពាក្យបណ្ដឹងជាថ្មីទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីឱ្យជួយអន្តរា​គមន៍​ឱ្យលោក​បានចូលបម្រើការងារឡើងវិញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Monykosal Khem)

អតីតគ្រូពេទ្យដែលរងការបណ្តេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាលជាន់ខ្ពស់នៅក្នុងខេត្តប៉ៃលិន បានដាក់ពាក្យប្តឹងជាថ្មីទៅ​កាន់ក្រសួងមុខងារសាធារណៈ ដើម្បីឱ្យជួយអន្តរា​គមន៍​ឱ្យលោក​បានចូលបម្រើការងារឡើងវិញ។

ពាក្យបណ្តឹងរបស់លោក ខឹម មុនីកុសល ចុះថ្ងៃទី២៦ ខែឧសភា មានកម្មវត្ថុប្តឹងតវ៉ាទៅនឹងលិខិ​តរបស់គណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែឧសភា ដែលបានរក្សាតាមដីកាសម្រេចចុះថ្ងៃទី១៩ ខែមិនា ទុកជាបានការដដែល។

នៅក្នុងពាក្យបណ្តឹងនៅថ្ងៃទី២៦ ខែឧសភា លោក ខឹម មុនីកុសល បានសំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជួយអន្តរាគមន៍ដើម្បីឱ្យលោកបានចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីសុខាភិបាលឡើងវិញ។

ការសម្រេចដាក់ពាក្យបណ្តឹងនេះ​បានធ្វើឡើង​ក្រោយពីលទ្ធផលសម្រុះសម្រួលគ្នាពីរលើករវាង​លោក ខឹម មុនីកុសល និងរដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ និងថ្ងៃទី២១ ខែឧសភានោះ ភាគីទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួនមិនទទួលយកនូវសំណើនិងសំណូមពររបស់ភាគីណាមួយឡើយ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានទេនៅថ្ងៃព្រហស្បតិ៍​នេះ ដោយជំនួយការរបស់លោកប្រាប់ថា លោកកំពុងជាប់ប្រជុំ។

យ៉ាងណាក្តី លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព យល់ឃើញថា ការប្រព្រឹត្តកំហុសរបស់លោក ខឹម មុនីកុសល មិនគួរឈានដល់ការបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនោះទេ។ លោកបន្ត​ថា ប្រសិនបើមន្ត្រីរាជការងាយនឹងដកចេញពីតំណែងឬបណ្តេញចេញពីក្របខណ្ឌបែបនេះ វានឹងធ្វើឱ្យប្រព័ន្ធដឹកនាំមុខងារសាធារណៈរបស់កម្ពុជាទន់ខ្សោយ។

លោកបានថ្លែងថា៖ «ដូចខ្ញុំថា បើសិនជានៅខេត្តដោះស្រាយមិនចេញ ដោះស្រាយមិនយុត្តិធម៌ដល់គាត់ទេ គឺមានតែក្រសួងមុខងារសាធារណៈហ្នឹងជាអ្នកដោះស្រាយបញ្ហា ថាតើគួរតែផ្តល់ក្របខណ្ឌឱ្យគាត់វិញឬក៏ត្រូវបញ្ឈប់ក្របខណ្ឌ! ត្រូវតែឱ្យគាត់បាត់បង់ក្របខណ្ឌតាមការសម្រេចរបស់ខេត្ត? នេះគឺជារឿងមួយសំខាន់ ហើយករណីនេះសំខាន់ណាស់ ប្រសិនបើដោះស្រាយអត់បានស្រួលបួលទេ គឺវាជាករណីមួយដែលអាចធ្វើឱ្យជាលម្អាន អាចធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងដំណើរការរដ្ឋបាលសាធារណៈហ្នឹង»។

អតីតគ្រូពេទ្យជាន់ខ្ពស់ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានចាត់ទុកករណីបណ្តេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិននេះថា ទំនងជារឿងនយោបាយ ដោយសារ​កាលពីឆ្នាំ២០១៧ លោកគឺជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែចាប់តាំងពីតុលាការកំពូល​បានរំលាយគណបក្សប្រឆាំងមក លោក​មិនមានជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយណាមួយទៀតនោះឡើយ។

ប៉ុន្តែលោកថា នៅក្នុងការជួបប្រជុំចំនួនពីរលើករួចមកហើយនោះ គណៈកម្មាធិការសម្រុះសម្រួលដែលមានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ជាប្រធាននេះ បានសើរើរឿងចាស់ពីអតីតកាលរបស់លោកម្តងហើយម្តងទៀត។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «លោកត្រូវចាំថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង ខ្ញុំក៏បានចូលរួមជាមួយនឹងអតីតគណបក្សសង្គ្រោះជាតិដែរកាលហ្នឹង ប៉ុន្តែក្រោយពីការរំលាយគណបក្សហ្នឹងទៅ មានន័យថា វាបញ្ចប់ហើយ ខ្ញុំក៏មិនមានអីពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយណាមួយទេ។ ក៏ប៉ុន្តែពួកគាត់នៅតែយកបញ្ហាហ្នឹងមកធ្វើជាបញ្ហាដដែលៗសារឡើងវិញ អ៊ីចឹងការដកតំណែងខ្ញុំកាលពីឆ្នាំ២០១៨អីហ្នឹង គឺហេតុផលការបោះឆ្នោតហ្នឹងឯង ហើយឥលូវហ្នឹងគាត់ទើបប្រឌិដ្ឋរឿងចោទប្រកាន់ខ្ញុំថែមទៀត វាមិនយុត្តិធម៌សម្រាប់ខ្ញុំទេ និយាយឱ្យចំទៅ»។

រដ្ឋបាលខេត្តប៉ៃលិនបានចោទប្រកាន់លោក ខឹម មុនីកុសល ថាបាន «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ» ក្រោយពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កនៅមន្ទីរបក្សខេត្តប៉ៃលិន។ ប៉ុន្តែសេចក្តីសម្រេចរបស់អភិបាលខេត្តប៉ៃលិននេះបានរងការរិះគន់ពីអ្នកច្បាប់និងមហាជនមួយចំនួនថា ធ្វើឡើងដោយខុសនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ