ស៊ីម៉ាក់​​​រង់ចាំ​សំណាក​ក្លិន​អ្នក​ផ្ទុក​កូវីដ-១៩​ ដើម្បី​បង្ហាត់​សត្វ​ឆ្កែ​​​ហិត​រក​អ្នក​ផ្ទុក​ជំងឺ​នេះ​

សុនខមួយក្បាលក្នុងចំណោមសុនខផ្សេងទៀត ដែលត្រៀមសម្រាប់យកមកបង្វឹកឱ្យហិតក្លិនរកអ្នកមានផ្ទុកកូវីដ-១៩។ (ហ្វេសប៊ុក៖ CMAC)

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ កំពុងរង់ចាំអ្នកជំនាញសុខាភិបាលផ្តល់​សំណាក​ក្លិន​អ្នកផ្ទុកវីរុសកូវីដ-១៩ ដើម្បី​បង្ហាត់សត្វឆ្កែចំនួន១០ក្បាលស្វែងរក​អ្នក​ផ្ទុក​​​ជំងឺនេះ។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា​ បានប្រាប់ វីអូឌី នៅថ្ងៃទី២៦ ខែឧសភា ​ថាសត្វឆ្កែចំនួន៥ក្បាល ក្នុងចំណោម១០​ក្បាលនោះ បានទទួលការហ្វឹកហ្វឺនថ្នាក់មូលដ្ឋានឈានមុខរួចហើយ នៅរង់ចាំតែការហ្វឹកហ្វឺនជំនាញហិតក្លិនរកជំងឺកូវីដ-១៩មួយទៀតតែប៉ុណ្ណោះ។

លោក ហេង រតនា បានពន្យល់ថា៖ «អត់ទេ! យើងទាល់តែបង្រៀនជំនាញ​ ឥលូវនេះយើងអត់ទាន់បានបង្រៀនជំនាញកូវីដនេះនៅឡើយទេ យើងរង់ចាំខាងក្រសួងសុខាភិបាល សាកលវិទ្យាល័យ ​គេយកសំណាកយកក្លិនអ្នកផ្ទុកវីរុសកូវីដ-​១៩នេះ ដើម្បីបានយើងមានប្រដាប់ចាប់ក្លិនហ្នឹង​ហើយ ដើម្បីហ្វឹកហ្វឺនសុនខហ្នឹងណា!​ ប៉ុន្តែយើងត្រូវការបញ្ជាក់ឱ្យ​​បានច្បាស់ និងធានាសុវត្ថិ​ភាពថា ទៅយក​ក្លិន ក្លិនកូវីដពី​អ្នកកើតកូវីដ-១៩ នឹងមិនមានផ្ទុកវីរុស[ឆ្លង]ដល់អ្នកហ្វឹកហ្វឺនឬដល់សុនខទេ»។

លោក​បន្តទៀតថា បច្ចុប្បន្ននេះ អ្នកជំនាញវិទ្យាសាស្ត្រសុខាភិបាសកំពុងតែមានការរៀបចំនិងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ ដើម្បីធានានូវសុវត្ថិភាពក្នុងការបម្រើការងារនេះ។

ការបណ្តុះបណ្តាលនេះធ្វើឡើងបន្ទាប់ពីលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​អនុញ្ញាត​​ឱ្យ​ក្រសួង​សុខាភិ​បាល និង​អង្គភាព CMAC ​រៀប​ចំក​ម្មវិធីសិក្សា​ស្រាវ​​ជ្រាវនិង​អភិវឌ្ឍ​ន៍សុនខឬសត្វឆ្កែ ជា​ជំនួយ​ហិត​ក្លិនរក​អ្នក​ផ្ទុក​​កូ​វីដ-១៩ ដោយថា ដើម្បី​ចូលរួម​ទប់​ស្កាត់និង​ប្រឆាំង​ទៅនឹង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ-១៩​នៅក្នុង​សហគ​មន៍។

គួរបញ្ជាក់ផងដែរថា ​ថ្មីៗកន្លងទៅនេះ ក៏មានប្រទេសជឿនលឿនមួយចំនួនបានដាក់ឱ្យ​​ប្រើប្រាស់នូវកម្មវិធីសត្វសុនខ ដើម្បីហិតក្លិនរកអ្នកជំងឺកូវីដ-១៩​នេះជាបន្តបន្ទាប់ផងដែរ ដូចជា ប្រទេសហ្វាំងឡង់ និងប្រទេសមួយចំនួនទៀត ដែលមានសុនខកំពុងស្ថិតនៅក្រោមការហ្វឹកហាត់ដូចប្រទេសកម្ពុជាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ