មេធាវី​​​គ្រោង​ដាក់​ពាក្យ​ជា​ថ្មី​ស្នើ​​​​​តុលាការ​​ដោះ​លែង​​លោក​ រ៉ុង ឈុន​ ឱ្យ​​​​នៅ​ក្រៅ​ឃុំ​​

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

តំណាងមេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គ្រោងដាក់​ពាក្យ​​បណ្តឹងចំនួន​២ផ្សេងគ្នា នៅក្នុងសប្តាហ៍នេះ ដើម្បីស្នើសុំឱ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿង​កូនក្តី​របស់​ខ្លួន ក្រោយ​មានការឃុំខ្លួន​លើសនីតិវិធី។

លោក សំ សុគង់ សហមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៥នាក់ដែលកំពុងការពារក្តីឱ្យលោក រ៉ុង ឈុន បានប្រាប់ ​​វីអូឌី នៅថ្ងៃទី​២៧ ខែ​ឧសភា​នេះ​ថា នៅថ្ងៃ​ស្អែក​នេះ ក្រុម​​មេធា​​​វីរបស់លោកនឹងដាក់ពាក្យបណ្តឹងចំនួន២ទៅតុលាការ​​សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមានបណ្តឹង​ស្នើសុំ​ឱ្យតុលាការបើកផ្លូវសម្រាប់​​មេធា​​វី​​ការ​ពារ​ក្តីបានចូលជួបលោក រ៉ុង ឈុន ដែល​កំពុង​ជាប់​​ឃុំ​នៅក្នុងមណ្ឌលអប់រំ​​កែ​ប្រែ​ម​​១​ និង​បណ្តឹងមួយទៀតស្នើឱ្យ​​មានការ​​​ដោះ​​លែង​​​កូន​ក្តី​របស់​ខ្លួនបាន​នៅក្រៅ​​ឃុំ​​បណ្តោះ​​អាសន្ន​។

មេធាវីរូបនេះបន្តថា ការដាក់ពាក្យបណ្តឹងទាំងពីរនេះ ដោយសារសំណុំរឿងនេះមិនមែន​​​ជា​បទ​ល្មើសឧក្រិដ្ឋ ហើយ​​ការ​ឃុំខ្លួន​​នេះទៀតសោតលើស​​​​​​​​​ពី​​នីតិ​​វិធីនៃការឃុំខ្លួនផងដែរ។​

​លោក​​បន្ត​ថា៖ «​ការ​ផ្ទុះ​​កូវីដនៅ​ក្នុងពន្ធនាគារ តើវាពាក់ព័ន្ធ​នឹងកូនក្តីរបស់​មេធា​​វី​ដែរឬក៏អត់! ​ហើយទី២ ​សុំឱ្យ​មាន​ការពន្លឿនឬក៏សូមឱ្យមានការដោះលែងឱ្យ​មានសេរីភាព​​​ ដោយ​​​សា​រ​ការអនុវត្តឬការជាប់​ឃុំរបស់​​គាត់ វាសឹងតែស្មើ២ភាគ៣​នៃទោសទាំងមូល​ហើយ​​​។ អ៊ីចឹង​ការ​​ស្នើសុំនេះ ខ្ញុំគិត​ថា វា​មិន​ខុសច្បាប់ទេ គឺវាស្របទៅតាមនីតិវិធីច្បាប់»។

ប្រធាន​សហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវ​​​​បាន​​​​សមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីចុងខែកក្កដា ឆ្នាំ២០២០។ ការចាប់ខ្លួននេះធ្វើឡើងក្រោយ​​​ពេលលោក​​បាន​អត្ថាធិប្បាយនិង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​​របស់​ពលរដ្ឋ​ក្នុង​​​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធបញ្ហាព្រំដែនរវាង​កម្ពុជា-វៀតណាម។ ភ្លាមៗ បន្ទាប់​ពីការ​ចាប់​​ខ្លួន លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចោទ​ប្រកាន់​ពីបទ «​​ញុះ​ញង់​​បង្ក​ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សង្គម» និង​ចេញដីកា​ឱ្យឃុំខ្លួន​បណ្តោះ​អា​សន្ន​នៅពន្ធនាគារ​ព្រៃស​។

យ៉ាងនេះក្តី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងថា សាច់​ញាតិនិង​​ខាង​​សមាគមមិនដែលបានជួបមុខលោក រ៉ុង ឈុន ម្តងណាឡើយ ក្រោយ​​ពី​ផ្ទុះជំងឺកូវីដ-១៩​ក្នុង​​ព្រឹត្តិ​ការ​​ណ៍​សហ​គមន៍​២០​កុម្ភៈ​កន្លងទៅនេះ។

ទន្ទឹមនឹងនេះ អ្នកស្រីយល់​​ឃើញ​ថា ធាតុផ្សំ​​នៃបទ​ល្មើសប្រឆាំងលោក រ៉ុង ឈុន នេះ គឺ​ពុំ​មាន​​មូលដ្ឋានក្នុង​ការដាក់បន្ទុកបាន​​ឡើយ​ ដែលករណីនេះ លោកស្រីស្នើ​ឱ្យ​តុលាការ​ពិចារណាក្នុងការ​ដោះលែងលោក រ៉ុង ឈុន ឱ្យមាន​សេរីភាព​ឡើង​វិញ។

អ្នកស្រី​​បន្តថា៖ «​​សំណុំ​រឿងរបស់​​លោក រ៉ុង ឈុន គឺជាសំណុំរឿងដែល​​យើង​គិត​ថាមិន​អាច​ទទួល​យក​បាន​ ព្រោះអី​លោក រ៉ុង ឈុន មិនមែនជា​មនុស្សក្បត់​ជាតិ មិន​មែន​ជា​មនុស្ស​ដែល​ធ្វើឱ្យ​​សង្គម​វឹកវរ។ ​មនុស្សគាត់ជាមនុស្ស​ស្អាត​ស្អំ​ សូម្បីតួនាទី លុយកាក់ និង​បុណ្យ​សក្តិ​របស់​គាត់​នៅ គ.ជ.ប ក៏គាត់ដើរចេញដែរ»។

ជុំវិញ​សំណុំរឿងនេះ មន្រ្តីនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ អះអាងយ៉ាង​ខ្លី​ថា​ លោក​នឹងសួរនាំបន្ថែមពីចៅក្រមជំនុំជម្រះក្នុងរឿងក្តីព្រហ្មទណ្ឌមួយនេះ។ ចំណែកលោក លិ សុខា ដែលជាប្រធានក្រុមប្រឹក្សាក្រមជំនុំជម្រះ វីអូឌី ពុំអាចសុំការបញ្ជាក់បានទេនៅថ្ងៃ​នេះ។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធនាគារ បានផ្ញើលិខិត​មួយច្បាប់​ទៅ​​សាលា​​​ដំ​បូង​រាជធានីភ្នំពេញ ដោយ​​ស្នើសុំផ្អាក​នាំ​​​ជន​ជាប់ឃុំទៅជំនុំជម្រះនិង​សាកសួរ​នៅ​តុលាការ ក្រោយពីមានផ្ទុះជំងឺកូវីដ-១៩នៅក្នុងពន្ធនាគារ​ព្រៃស។

ករណីនេះ លោក សំ សុគង់ មេធាវីការពារក្តីឱ្យ​លោក​ រ៉ុង ឈុន​ យល​់​ថា ទំនងជា​មូល​ហេតុ​នេះ​ហើយទើប​នាំឱ្យសវនាការ​ប្រឆាំងអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​​រូបនេះ ត្រូ​វ​អាក់​ខាន។​

យ៉ាង​នេះក្តី លោក អំ សំអាត នាយករង​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ ធ្លាប់លើកឡើងថា ស្ថិត​​ក្នុង​ស្ថានភាពជំងឺ​​កូវីដ-១៩ វាយលុកក៏ពិតមែន ក៏ប៉ុន្តែលោក​​សង្កេតឃើញតុលាការ​នៅ​អាច​ដំណើរការ​​សំណុំរឿង​ផ្សេង​ទៀតបានធម្មតា​ ក្រៅ​​​ពី​​រឿង​​ក្តីរបស់​លោក រ៉ុង ឈុន នេះ។

គិតពីថ្ងៃចាប់ខ្លួនរហូតមកដល់ពេលនេះ លោក រ៉ុង ឈុន ត្រូវបានឃុំខ្លួនប្រមាណ៣០០ថ្ងៃមកហើយ គឺមានរយៈពេលជិត១ឆ្នាំ។ បើទោះជាបែបណា ច្បាប់ស្តីពីការឃុំ​​ខ្លួន​បណ្តោះ​អាសន្ន មាត្រា១ ចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការឃុំខ្លួន​​បណ្តោះអាសន្ននេះមិន​ឱ្យ​លើស​​ពី៤ខែឡើយ។ ប៉ុន្តែការសម្រេច​របស់​ចៅក្រមដែលមានមូល​ហេតុ​​ច្បាស់​លាស់ ថារយៈ​ពេល​​នេះ​​អាចបន្តឃុំខ្លួនដល់៦ខែបាន ប្រសិនបើមានការចាំបាច់ក្នុងការ​ស៊ើប​អង្កេត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ