បទ​​យក​ការណ៍​៖​ យុវជន​​ធ្វើ​​យុទ្ធនា​ការ​ជំរុញ​​​ឱ្យ​ប្រើ​ប្រាស់​​ឡើង​​វិញ​​នូវ​​​ប្លាស្ទិក​​ដែល​​ប្រើ​​រួច​​ហើយ ​

សំរាមជាប្រភេទសំបកកំប៉ុងជ័រនិងដប រាយប៉ាយនៅតាមបណ្ដោយឆ្នេរសុខសាន្តដោយគ្មានសណ្ដាប់ធ្នាប់។ (ទុំ ម្លិះ/ ២៩-៣០ កក្កដា ២០២០)

យុទ្ធនាការដែលដាក់ឈ្មោះថា «២០​ថ្ងៃ» ក្រោមពាក្យស្លោក​ថា «ប្រើប្រាស់ឡើងវិញ ដើម្បី​បរិស្ថាន​​​ស្អាត​​» កំពុងជំរុញឱ្យអ្នកប្រើប្រាស់ប្លាស្ទិកនានានៅកម្ពុជាយល់ដឹងកាន់តែច្បាស់​​ចំពោះ​​គុណ​វិបត្តិ​ក្នុង​​រយៈ​​ពេល​​​វែង​​​​ដែលកើតឡើងព្រោះតែការប្រើប្រាស់ប្លាស្ទិកនេះ។

យុទ្ធនាការដែលលើកកម្ពស់ឱ្យអ្នកប្រើប្រាស់ចូលរួមកាត់បន្ថយ​ប្លាស្ទិក និង​ប្រើ​ប្រាស់​ឡើង​វិញ​នូវ​​ប្លាស្ទិក​ដែល​ប្រើ​រួច​ហើយ​នេះ បាន​ចាប់ផ្ដើម​ពី​ថ្ងៃទី​៧ ខែ​ឧសភា និង​​គ្រោង​​បញ្ចប់​ទៅវិញ​នៅថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១​​។

អ្នករៀបចំយុទ្ធនាការ ​​បញ្ជាក់ថា ​​ក្នុងរយៈ​ពេល​​​​ខ្លី​​នេះមិនរំពឹងថាអាចនឹងទទួលបានផលខ្ពស់ពី​​​ការ​​​​ចូលរួមរបស់ប្រជាពលរដ្ឋនោះទេ តែយ៉ាងណា​ ក​​ម្ម​វិធី​​​​នេះអាច​​នឹង​បញ្ជ្រាបការ​យល់​ដឹង​បាន​ខ្លះៗតាម​រយៈ​​​ការ​​ផ្សព្វ​ផ្សាយ​សារដែលបានដាក់​​ចេញ​​​​នេះ។

នៅក្នុងឯកសារគោលគំនិតសម្រាប់ធ្វើយុទ្ធនាការក្នុងរយៈពេល២០ថ្ងៃនេះ បានបញ្ជាក់ថា យុទ្ធនា​ការដែល​រៀបចំដោយអង្គការ​​កម្មវិធីអភិវឌ្ឍន៍ធនធាន​យុវជន​ ឬហៅ​កាត់ថា YRDP កំពុង​​តែ​​អនុវត្ត​នេះ បាន​​បង្កប់​ទៅ​ដោយពាក្យ​៤ឃ្លាដែលមាន​ន័យ​​ថា «​​ហ្វ័រ​អ , 4Rs​​​​» ។ ឯកសារ​ដដែលឱ្យដឹងទៀតថា អក្សរ «អ»​ ទាំង៤តួជាភាសាអង់គ្លេសនេះ ដូច​ជា​​ពាក្យ Refuse ​​មាន​​ន័យថា បដិ​​សេធ​​រាល់​​ការ​​ប្រើ​ប្រាស់​វត្ថុទាំងឡាយ​​ណា​ដែលមិន​ចាំ​បាច់​។ ​Reduce ​មាន​ន័យ​​​ថា ព្យា​​យាម​​​ឱ្យ​​អស់​​លទ្ធភាព​​ក្នុង​​​ការកាត់បន្ថយថង់ប្លាស្ទិកឬ​សម្ភារ​​ប្លា​ស្ទិក​​​គ្រប់​ប្រភេទ​។ ​Reuse មាន​​ន័យថា ប្រើប្រាស់​ឡើង​វិញនូវវត្ថុចាំបាច់នានា ជាពិសេសប្លាស្ទិក​ដែលប្រើ​រួច​ហើយ​។ ​​ចំណែក​​ពាក្យ​​​ទី៤ចុងក្រោយគេគឺ Recycle ដែលមានន័យថា ការកែ​ច្នៃ​ឡើង​វិញ​​។

អ្នកស្រី សល់ លីហ័ង ជំនួយការគម្រោងនៃការចូលរួមរបស់យុវជនដើម្បី​គោល​​នយោ​​បាយ​អភិ​បាល​​​កិច្ច​​ធនធាន នៃ YRDP ប្រាប់ វីអូឌី នៅថ្ងៃទី​២៤ ខែឧសភា ​ថានិន្នាការ​នៃការ​ប្រើ​ប្រាស់​​​ប្លាស្ទិក​នៅ​កម្ពុជា​បច្ចុប្បន្នហាក់មិនមានការថម​ថយទេ ដែលនេះ​​ជា​​កង្វល់ដ៏ធំមួយ។

ចំពោះ​ឥរិយាបថអ្នកប្រើប្រាស់សព្វថ្ងៃនេះវិញ អ្នកស្រីសង្កេតឃើញថា​​ ក្រៅពី​មិនបាន​​រួម​ចំណែក​​​ក្នុង​ការកាត់​បន្ថ​យ​​​​​​បរិមាណ​​​នៃប្លាស្ទិកឱ្យស្ថិតនៅក្នុងកម្រិតមួយដែលតិចហើយ ការទុក​ដាក់​សំណល់​​ប្លា​ស្ទិក​​​នេះទៀតសោតក៏​បានក្លាយជាបន្ទុក​​ដ៏​​ធ្ងន់​​​បន្ថែម​​ទៀត​ចំ​ពោះ​​ការ​​បំពុល​​​បរិស្ថាន​។

អ្នកស្រីបន្តថា៖ «ប្រសិនបើប្លាស្ទិកហ្នឹងវានៅតាមទឹកឬក៏អីផ្សេង វា​នឹងធ្វើឱ្យ​ខូច​ដល់​ប្រព័ន្ធទឹក ​មាន​​​ន័យ​ថា ទឹកនឹងទៅជាទឹកស្អុយ ឬក៏ទឹកស្ទឹងនាំ​ឱ្យខូចដល់មច្ឆានៅ​​ក្នុងហ្នឹងទៀត។​​ មាន​ប្លាស្ទិក​​ខ្លះ​ហ្នឹង វាមិនមែនប្រេី​១ឬ២ឆ្នាំ​ រលាយចូលទៅក្នុងដីទេ​ ដូច្នេះវាត្រូវការ​ពេលរាប់រ​យ​ឆ្នាំដើម្បីរលាយថង់ប្លាស្ទិកនេះ រលាយចូលទៅក្នុងភពផែនដីនេះ»។

អ្នករៀបចំយុទ្ធនាការរូបនេះ ឱ្យដឹងទៀតថា ដោយសារបញ្ហាជំងឺកូវីដ-១៩ ការរៀបចំយុទ្ធ​នា​ការ​នេះត្រូវបានធ្វើឡើងជា២ផ្នែក រួមមាន ការចែករំលែក​សារ​នៅលើបណ្តាញសង្គម​ ដែល​​លើក​​ទឹក​ចិត្ត​ដល់​អ្នក​ប្រើ​ប្រាស់ឱ្យព្យា​យាមប្រើ​ប្រាស់ប្លា​​ស្ទិក​​ដែល​មាន​ស្រាប់​ឱ្យអស់​លទ្ធ​ភាព និងការ​រៀបចំជា​​សិក្ខាសាលា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ដោយ​​មានការចូលរួម​ពី​ក្រសួង​បរិស្ថាន និង​ភាគី​ពាក់​ព័ន្ធ។

បើតាមអ្នកស្រី សល់ លីហ័ង ឥទ្ធិពលឬគុណវិបត្តិ​​នៃ​​ប្លាស្ទិក​នេះនឹងធ្វើឱ្យ​​មាន​​ផល​​ប៉ះ​​​ពាល់​ក្នុង​រយៈវែងសម្រាប់ជីវិតមនុស្សនិងសត្វ ហើយ​សំបកកំប៉ុង ដប​ទឹក​សុទ្ធ និងថង់​​ដែល​​ប្រើ​​រួច ហើយបោះ​​ចោល​ទៅលើដី សារធាតុនៃកាកសំណល់ទាំងនេះមិនងាយ​រលាយ​​ឡើយ​​។ លើស​ពី​នេះ​ទៀត អ្នកស្រីថា សំណល់​​​ប្លាស្ទិកនេះអាចរក្សាគុណភាព​របស់ខ្លួន​​បាន​​រាប់​​​រយ​ឆ្នាំនៅលើផែនដីនេះ។

យុវជន​ ធី រតនៈ និស្សិតនៃសាកលវិទ្យាល័យកម្ពុជា ឱ្យដឹងថា សំណល់ប្លាស្ទិកនេះ វាពិតជា​ជះ​​ឥទ្ធិពលអាក្រក់បំផុតសម្រាប់សុខភាពមនុស្សនិងសត្វ។ ឥទ្ធិពលនេះ ក្រៅពី​បំពុល​​​បរិស្ថាន​​នៅ​​ក្នុងបរិយាកាសដែល​​​​​នឹកស្មានមិនដល់ហើយ លោកថា ​​សំណល់ប្លាស្ទិក​​ដែល​ប្រើរួច​ហើយ​​​​​​​​​​​​​ទុក​ដាក់​​​​មិន​បាន​ត្រឹមត្រូវ ក៏​នឹងជះក្លិនមិនល្អ និងបង្កើតទៅជាមេរោគផ្សេងៗថែម​ទៀត​។

​លោកបន្តថា៖ «នៅពេលដែលយើងទាំងអស់គ្នាប្រើ​ប្រាស់ហើយ​មិនបានទុក​ដាក់វា​ឱ្យបាន​ត្រឹម​​​​ត្រូ​វ ​ដូចជាកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញ គឺមានការកកស្ទះ​លូ មាន​ក្លិន​ស្អុយ​ បង្ក​មេរោគ​ផ្សេងៗ ដោយ​សារ​តែកំណើនប្លាស្ទិក។ ​ម៉្យាងវិញ​ទៀត កំណើនប្លាស្ទិកគឺ​មាន​រយៈ​ពេល​នៃ​ការ​​រលាយ​វិញ​​ គឺ​យូរ​មែនទែន! ប្លាស្ទិកមួយរលាយចន្លោះពី១៥ទៅ​៣០​ឆ្នាំ ទៅ​តាម​សារ​ធាតុ​គីមីឬ​ផលិតផល​ប្លា​ស្ទិក​»។

លោក ថុល សុភ័គ្រ បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនមេគង្គ ក្នុងរាជធានីភ្នំពេញ លើក​​ឡើង​ថា លោកបាន​យល់ដឹងខ្លះៗ​ដែរ​ទាក់​ទិន​នឹងផលវិបាក​នៃសំណល់​ប្លាស្ទិកនេះ។​ ដោយ​​មើល​​​​ឃើញ​​​​​ពី​​គុណវិបត្តិនៃ​ប្លាស្ទិកនេះ កន្លងទៅ រូប​លោក​ក៏ធ្លាប់​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​អប់រំឱ្យ​​អ្នក​​​ប្រើ​​​​ប្រាស់​​នានារួមចំណែកក្នុងការកាត់បន្ថយនិងទុកដាក់ឱ្យបានត្រឹមត្រូវដែរ។​

លោកបន្តថា៖ «​ផល​ប៉ះ​ពាល់វាមានច្រើន​ចំពោះបរិស្ថាន ទីមួយ ដោយសារ​វាត្រូវ​ការ​ចំណាយ​ពេល​យូរ​ដើម្បីរំលាយជាតិប្លាស្ទិកហ្នឹង វាអាចនឹងរាប់រយឆ្នាំ។ ហើយក្នុងនាមជាយុវជន ខ្ញុំក៏ធ្លាប់​ចូល​រួម​ជួយកាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិកហ្នឹង ​ប្រើថង់មួយឱ្យបានច្រើនដង កុំបោះ​ចោល​ផ្តេស​​ផ្តាស»។

នៅក្នុងរបាយការណ៍ស្រាវជ្រាវ​មួយរបស់​មូលនិធិ អេស៊ីអអេ (ACRA foundation) ដែល​ផ្សព្វ​ផ្សាយដោយ​អង្គការអភិវឌ្ឍន៍​​យុវជន​កម្ពុជា កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រក​ឃើញ​ថា​ មាន​ថង់​​ប្លា​​ស្ទិក​​ប្រមាណ១០លានថង់ត្រូវបាន​​គេប្រើ​​ប្រាស់ជា​រៀង​រាល់​ថ្ងៃ

លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្នេរសុខសាន្ត ក្រុងព្រះសីហនុ ដែលពោរពេញទៅដោយសំរាមនៅម្ដុំដែលពួកគេរស់នៅ។ (ទុំ ម្លិះ/ ២៩-៣០ កក្កដា ២០២០)

ចំណែក​របាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយអង្គការ Clean Green Cambodia នៅ​អំឡុង​ខែ​មីនា ឆ្នាំ២០២០ បង្ហាញថា សំរាម​​សរុប ជាសំរាម​ប្លាស្ទិកប្រមាណ ២១% ត្រូវ​បានរក​ឃើញថាកំពុងប្រើប្រាស់នៅក្នុងរាជធានី​ភ្នំពេញ។

តាមរយៈគម្រោងជួយ​​កែលម្អបរិស្ថាន​របស់​ខ្លួន រ​បា​យ​​​​​​​ការណ៍ដដែលនេះបញ្ជាក់ទៀតថា សំណល់​ប្លាស្ទិកដែលបានប្រើប្រាស់​រួច​ សម្រាប់​តែរាជធានីភ្នំពេញមួយមាន​​ប្រមាណ១លាន​​តោនជារៀងរាល់ឆ្នាំ ហើយចំនួននេះអាចនឹងកើន​​ឡើង​​២ដង​នៅឆ្នាំ២០៣០ ប្រសិន​បើមិន​មាន​ការ​​គ្រប់គ្រងសំណល់ប្លាស្ទិកនេះឱ្យបានត្រឹម​ត្រូវ​ទេ​​។

បន្ថែមលើរបាយការណ៍របស់ខ្លួន Clean Green Cambodia បញ្ជាក់ទៀតថា តាមពិតទៅ ​កម្ពុជា​ជាប្រទេសដែលសម្បូរទៅដោយប្រាង្គប្រាសាទ ម្ហូបអាហារឆ្ងាញ់ និងមានវប្បធម៌ល្អផូរផង់។ តែ​​ប្រសិនបើគេ​ធ្វើដំណើរត្រឹមតែ៥នាទីនៅជុំវិញទីប្រជុំជន នោះគេនឹងឃើញ​កម្ពុជា​កំពុង​​មាន​​​បញ្ហាប្រឈម​ចំពោះការគ្រប់គ្រងសំណល់ប្លាស្ទិកឬសំរាមនេះតែម្តង។

បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលបានដាក់ចេញនូវវិធានការនិងមានបទដ្ឋានគតិយុត្តិមួយចំនួន​​រួច​​មក​ហើយក្នុង​ការគ្រប់គ្រងសំណង់សរីរាង្គ រាវ និងសំណង់រឹងរបស់ខ្លួន។ នៅក្នុងឆ្នាំ២០១៧ កន្លង​ទៅ កម្ពុជា​បានចេញនូវអនុក្រឹត្យ​ស្តីពីការគ្រប់​គ្រង​ថង់​​ប្លាស្ទិក។ អនុក្រឹត្យ​នេះមាន​​​​​​​​ទិស​​ដៅ​​បង្កើន​​​ប្រ​សិទ្ធភាព កាត់​​បន្ថយការនាំចូល ការផលិត ការចែក​ចាយ និងប្រើប្រាស់​​ថង់​ប្លា​​ស្ទិក​ ដើម្បី​​ធានា​​​នូវ​​កិច្ច​គាំពារ​សុខ​ភាពសាធារណៈ បរិស្ថាន និង​​សោភ័ណភាព​​ទីក្រុង។

ឆ្លើយតបរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ដើម្បីរួមចំណែក​​ក្នុង​​ការ​កាត់បន្ថយពី​​សារធាតុនៃសំណល់ប្លាស្ទិកនេះ ក្រសួង​​បាន​​លើក​​​កម្ពស់ឱ្យ​​វិស័យ​​ឯកជនកែច្នៃ​នូវ​​សំ​ណល់​​ប្លាស្ទិកនេះ ដើម្បីយកទៅប្រើប្រាស់​​ឡើង​​វិញ។ លោកបន្តថា ការធ្វើដូចនេះ​ក្នុងន័យ​ដើម្បី​​កាត់​បន្ថយគុណវិបត្តិនៃសំណល់ប្លាស្ទិកនៅក្នុងបរិយាកាសផង និង​ជួយ​​សង្រ្គោះ​​បរិស្ថាន​ផង។

លោកបានថ្លែង​ថា៖ «យើងលើកទឹកចិត្តក្នុងការ​កែច្នៃនូវសំណល់ប្លាស្ទិក​ឡើង​វិញ​ដោយ​ក្រុម​ហ៊ុន​ផ្សេងៗ ហើយ​ឥលូវនេះ​មាន​សហគ្រាសធុនតូច ធុន​មធ្យមខ្លះ គាត់ធ្វើ! ប៉ុន្តែមិនទាន់ច្រើន​នៅ​ឡើយ​ទេ​»។

បើទោះជាបែបណា លោក នេត្រ ភក្រ្តា អះអាងថា រហូត​មកដល់ពេលនេះ កម្ពុជានៅ​មិន​ទាន់​មាន​​ទិន្នន័យ​សរុបស្តីពីសំ​​ណ​​ល់​​​​នៃ​​សំរាម​​​ដែលគេ​បាន​​ប្រើ​រួច នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ។ តាមរយៈលោក នេត្រ ភក្ត្រា សំរាម​ដែលបានផលិតរួច សម្រាប់​​​​រាជធានី​ភ្នំពេញមួយមាន​ចន្លោះ​ពី២ ៧០០ ទៅ៣ ០០០តោន​ប៉ុណ្ណោះ​​​ក្នុង​មួយ​​ថ្ងៃ​​​​ៗ​ ​ហើយ​ក្នុង​ចំណោម​​នេះ មាន​​សំណល់​​​​ប្លាស្ទិក​ប្រមាណ២០ភាគរយ បើធៀប​ទៅនឹង​​សំ​ណល់​​​​​សរីរាង្គនិង​សំណល់​​រឹង​ដទៃ​ទៀត​។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ឱ្យដឹងទៀត​ថា ចំពោះគុណវិបត្តិនៃថង់ប្លាស្ទិកនេះ គឺ​មាន​ផលប៉ះពាល់ច្រើនណាស់សម្រាប់សុខភាពមនុស្ស ជាពិសេសតាមរយៈ​សម្ភារ​​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ។ ក្រៅពីមានផលអាក្រក់ចំពោះជីវិតមនុស្សនិងសត្វហើយ លោកថា ​សារ​ធាតុ​​គីមី​ដែល​​​ផលិត​​បា​ន​​​​ជាថង់ប្លាស្ទិក ដប​ទឹកសុទ្ធ និងវត្ថុធាតុ​​ដទៃ​​ទៀត​នេះ នឹងទៅបំផ្លាញបរិស្ថាន​​ដែល​នៅ​​ជុំវិញ​ខ្លួន​​យើងថែមទៀត​ផង​​​​​។

ម្ហូបអាហារវេចខ្ចប់ដោយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់លក់ឱ្យកម្មកររោងចក្រមួយកន្ឡែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

លោកបន្តថា៖ «ដូចការវេចខ្ចប់បាយសម្លក្តៅៗ ទឹក ឬក៏ស៊ុបអីដែលក្តៅ​ៗដែល​ដាក់​ក្នុង​ប្លាស្ទិក​ហ្នឹង​​ គឺពេលដែល​ត្រូវ​ក្តៅហ្នឹង ​គឺអាសារធាតុ​គីមីនៅ​ក្នុងប្លាស្ទិក​វាចូល​នៅក្នុង​ម្ហូបអាហារ​របស់​យើង យើងយកវាទៅហូបទៅ វាធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ការដុត វាបំពុលខ្យល់ ការ​បោះ​ចោល​ទៅក្នុងទឹក វារលួយ វាធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក»។

សម្រាប់លោក នេត្រ ភក្រ្តា តាមពិតទៅ នៅក្នុង​សរីរាង្គ​​របស់មនុស្សយើងនេះបានបង្កប់ទៅដោយសំណល់​នៃប្លាស្ទិកដោយមិនដឹង​ខ្លួនតាំង​ពី​យូរ​មក​ហើយ​​។ ម៉្យាង​ទៀត​​​ សំ​ណល់​​​​នៃ​​ប្លា​ស្ទិកនេះមានច្រើនជាងគេ គឺផ្ទុកនៅក្នុង​សរីរាង្គរបស់​ស្រ្តី​​។

​លោក​​​​​​​​​​​បន្ត​​ថា៖ «​ឥលូវនេះ តាម​ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត សារធាតុមីក្រូប្លាស្ទិក [Micro Plastic] ​បានស្ថិតនៅ​ក្នុង​ខ្លួន​មនុស្សរួចស្រេចទៅ​ហើយ។ ហើយមនុស្សស្រី​ គឺមានសារ​ធាតុប្លាស្ទិក​ច្រើន​ជាងគេ ដោយសារតែអាហារ ទឹក [ហើយ]សំខាន់ជាងគេ ផលិតផលសម្អាងការ​មួយ​ចំនួន​គឺវា​មាន​ប្លាស្ទិក»។

ត្រឡប់ទៅរកក្រុមយុវជនដែលកំពុងធ្វើយុទ្ធនាការ២០ថ្ងៃ ដើម្បីជំរុញឱ្យមានការប្រើប្រាស់​ប្លាស្ទិកដែលប្រើរួចឡើងវិញ កញ្ញា ស៊ូ ម៉ាឡៃ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា សព្វថ្ងៃនេះ គ្រួសារ​របស់​​នាងយល់ដឹងបានច្រើនពីផលប៉ះពាល់នៃសំណល់ថង់ប្លាស្ទិកនេះ។

ស្ថិតក្នុងវ័យ២២ឆ្នាំ ម៉ៃឡៃ បន្ត​​ថា តាមរយៈការរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ រាល់ពេលដើរផ្សារ​ម្តងៗ ខ្លួន​​គេព្យាយាមមិនប្រើប្រាស់ថង់ប្លាស្ទិកដែលអ្នកលក់ទំនិញផ្តល់ឱ្យទេ។

កញ្ញាបន្តថា៖ «​ក្នុង​នាមខ្ញុំជាយុវជន ក៏ដូចជាប្រជាពលរដ្ឋម្នាក់ ខ្ញុំបានចូលរួមចំណែក​ក្នុងការកាត់បន្ថយតាមរយៈការ​ទៅ​ផ្សារនិងទិញសម្ភារអី គឺព្យាយាមមិនយកប្លាស្ទិកពី​អ្នកលក់ទេ។ តែយើងមាន​ជាថង់ក្រណាត់​ខ្លួនឯង ហើយនៅពេលហ្នឹង គឺយើងអត់ព្យាយាមយកថង់ប្លាស្ទិកពីអ្នកលក់មកច្រើនទេ។ ហើយមួយទៀត គឺកែវទឹកហ្នឹង ខ្ញុំឈប់ប្រើកែវជ័រនិងដបជ័រហ្នឹងហើយ តែខ្ញុំមានដបទឹកធ្វើពីឫស្សីនិងធ្វើពី​ដែក​​​សម្រាប់ដាក់ទឹក»៕

អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ