អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញដល់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលើករបៀបវារៈពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Phil Robertson បានសរសេរនៅលើបណ្តាញសង្គម Tweeter របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា តាមរយៈដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅកម្ពុជា លោកស្រីនឹងយកឱកាសនេះដើម្បីលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មកពិភាក្សាជាមួយសមភាគីកម្ពុជា។
Absolutely critical that Deputy Sec of State Wendy Sherman use her trip to Phnom Penh to strongly raise human rights issues & destruction of #Cambodia democracy by @PeacePalaceKH. Time for @USAmbCambodia & @USEmbPhnomPenh to speak strongly & publicly for rights! @SecBlinken https://t.co/SUvjqGziDM
— Phil Robertson (@Reaproy) May 27, 2021
លោកសរសេរបន្តថា៖ «ដល់ពេលហើយដែលត្រូវនិយាយថ្កោលទោសឱ្យខ្លាំងនិងជាសាធារណៈអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា អនុរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនគឺលោកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) នឹងទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចំនួន៥ នៅតំបន់អឺរ៉ុបនិងអាស៊ី ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។
តែយ៉ាងណា ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា ថានឹងជជែកពីបញ្ហាអ្វីនោះទេ ក៏ប៉ុន្តែបានបង្ហាញខ្លឹមសារជារួមថា ការធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសមាគមអាស៊ាន និងការដោះស្រាយបញ្ហាទ្វេភាគីទាំងក្នុងតំបន់ ដើម្បីជំរុញឱ្យយោធាភូមាបញ្ឈប់អំពើហិង្សា ហើយជំរុញឱ្យប្រទេសមួយនេះវិលទៅរកមាគា៌លទ្ធិប្រជាធិបតេយ្យឡើងវិញ។
Hope @DeputySecState will raise w #Cambodia regime the need to respect Cambodian constitutional right to elect their party/leaders of choice, which was taken away from half of the electorates in 2017 when #CNRP was dissolved, opp leader #KemSokha was arrested/banned from politics https://t.co/9oEuAcoGHr
— Monovithya Kem (@KemMnv) May 27, 2021
ទោះជាយ៉ាងនេះក្តី កញ្ញា កឹម មនោវិទ្យា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានសរសេរនៅលើទំព័រ Tweeter របស់ខ្លួនដោយរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចនេះ លោកស្រី វិនឌី ហ្សឺម៉ាន់ នឹងលើកឡើងពីបញ្ហារបស់កម្ពុជា ជាពិសេសការធ្វើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន ទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយឬមេដឹកនាំរបស់ពួកគេ។
កញ្ញាក៏សង្ឃឹមដែរថា លោកស្រី វិនឌី ហ្សឺម៉ាន់ នឹងលើកឡើងផងដែរទាក់ទងករណីលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៧ និងការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ វីអូឌី កាលពីថ្ងៃពុធថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជូនដំណឹងពីដំណើរទស្សនកិច្ចនេះហើយ ប៉ុន្តែថា ស្ថានទូតមិនបានប្រាប់ពីរបៀបវារៈនៅឡើយទេ។ ចំណែកភាគីកម្ពុជាវិញ ក៏មិនទាន់មានគម្រោងថានឹងស្នើអ្វីទៅអាមេរិកវិញនោះដែរ ដោយថា ជំនួបនោះមិនទាន់មកដល់នៅឡើយ។
យ៉ាងណាក្តី លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះថា ក្តីសង្ឃឹមរបស់ក្រុមអង្គការសង្គមស៊ីវិលឬអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស គ្រាន់តែជាផ្នែកមួយនៃការមើលឃើញរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនេះ លោកថា នឹងមិនមានសម្ពាធអ្វីមកលើរដ្ឋាភិបាលកម្ពុជានោះឡើយ។
លោកមានប្រសាសន៍ថា៖ «រឿងករណីរបស់លោក កឹម សុខា គឺជារឿងអធិបតេយ្យភាពរបស់តុលាការកម្ពុជា មិនមែនជាការងារការបរទេសរបស់គេណាមួយទេ អានេះជាអធិបតេយ្យភាពរបស់កម្ពុជា។ រឿងដំណើរទស្សនកិច្ចហ្នឹង រហូតដល់ប្រធានាធិបតី អូបាម៉ា គាត់អញ្ជើញមក គេអ្នកសិទ្ធិមនុស្សអីគេសង្ឃឹមថា លោកប្រធានាធិបតី អូបាម៉ា និយាយអញ្ចេះនិយាយអញ្ចោះ តែអ្នកទាំងអស់ហ្នឹងមិនធំជាងប្រធានាធិបតីទេ ហើយអ្នកទាំងអស់ហ្នឹងក៏មិនធំជាងលោកស្រីដែលអញ្ជើញមកដែរ គ្រាន់តែបង្កឱ្យមានព័ត៌មានប៉ុណ្ណឹង ដើម្បីឱ្យគេចាប់អារម្មណ៍ ឱ្យគេនិយាយប៉ុណ្ណឹង ហើយបញ្ហាសិទ្ធិមនុស្ស បញ្ហាអីហ្នឹង គេមិនបាច់និយាយផ្ទាល់អី អាហ្នឹងគេនិយាយតាមក្រដាសស្នាម»។
គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជានេះ លោកស្រីមានគម្រោងធ្វើអ្វីខ្លះនោះ។ ប៉ុន្តែយ៉ាងណាក្តី នៅពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី វិនឌី ហ្សឺម៉ាន់ នឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី២ ខែមិថុនា តាមរយៈ Video Conference មួយ ដើម្បីបើកឱកាសឱ្យអ្នកសារព័ត៌មានសួរសំណួរជុំវិញដំណើរទស្សនកិច្ចនេះ៕